ជាញឹកញាប់ ខ្ញុំបាននឹកឃើញអនុស្សាវរីយ ពេលដែលកូនៗរបស់ខ្ញុំនៅពីក្មេង។ ខ្ញុំនៅចាំថា កាលនោះ យើងមានទម្លាប់ក្រោកពីព្រលឹម។ ជារៀងរាល់ពេលព្រឹក ខ្ញុំតែងតែដើរចូលបន្ទប់គេងរបស់ពួកគេ ហើយដាស់ពួកគេឲ្យក្រោកឡើង ដោយហៅឈ្មោះពួកគេ ដោយសម្លេងដ៏ស្រទន់ ហើយប្រាប់ពួកគេថា ដល់ពេលក្រោកពីគេងហើយ។
ពេលខ្ញុំអានបទគម្ពីរ ដែលនិយាយអំពីការដែលលោកអ័ប្រាហាំ ក្រោកពីព្រលឹម ដើម្បីធ្វើតាមបង្គាប់របស់ព្រះ ខ្ញុំក៏បាននឹកចាំ អំពីពេលដែលខ្ញុំទៅដាស់កូនៗរបស់ខ្ញុំ ឲ្យក្រោកពីព្រលឹម ហើយខ្ញុំក៏ចង់ដឹងផងដែរថា តើលោកអ័ប្រាហាំមានអារម្មណ៍ទុក្ខព្រួយយ៉ាងណា ពេលដែលគាត់ត្រូវដាស់អ៊ីសាក់ ឲ្យក្រោកពីគេង ដើម្បីរៀបចំខ្លួន ទៅថ្វាយយញ្ញបូជា តាមបង្គាប់របស់ព្រះ។
បន្ទាប់មក ពេលទៅដល់កន្លែងថ្វាយយញ្ញបូជា លោកអ័ប្រាហាំក៏បានចងកូនប្រុសគាត់ ដាក់នៅលើអាសនា ប៉ុន្តែ ព្រះទ្រង់ក៏បានប្រទានសត្វចៀមមួយក្បាល ឲ្យគាត់ធ្វើយញ្ញបូជាជាជំនួសវិញ។ ជាច្រើនឆ្នាំក្រោយមក ព្រះទ្រង់ក៏បានប្រទាននូវយញ្ញបូជាមួយទៀត ដែលជាយញ្ញបូជាចុងក្រោយបង្អស់ ដែលជាព្រះរាជបុត្រាទ្រង់។ ចូរយើងពិចារណាថា ព្រះវរបិតាទ្រង់មានអារម្មណ៍ពិបាកយ៉ាងណា ពេលទ្រង់លះបង់ព្រះរាជបុត្រាតែមួយ ដែលទ្រង់ស្រឡាញ់ជាទីបំផុត! ហើយទ្រង់បានឆ្លងកាត់នូវការពិបាកទាំងអស់នេះ ដោយសារទ្រង់ស្រឡាញ់យើងរាល់គ្នា។
សរុបមក យើងមិនចាំបាច់សង្ស័យទៀតទេថា ព្រះទ្រង់ស្រឡាញ់យើងឬអត់។-Joe Stowell