មានពេលមួយ ឡរ៉ា(Laura) បានលើកសត្វពពែមួយក្បាល និងសត្វចៀមមួយក្បាលដាក់នៅលើរទេះសណ្តោង បន្ទាប់ពីនាងបានខ្ចីសត្វទាំងនោះពីកសិករ យកទៅព្រះវិហារ សម្រាប់ហាត់សមការសម្តែងរឿង អំពីព្រះរាជកំណើតព្រះយេស៊ូវ។ សត្វទាំងនោះក៏បានជល់គ្នា ហើយក៏បានដេញគ្នា ហើយមួយសន្ទុះក្រោយមក ពួកវាក៏មានសភាពស្ងប់ស្ងាត់ឡើងវិញ។ ឡរ៉ាក៏បានចាប់ផ្តើមដឹកពួកវាទៅព្រះវិហារ តែនាងត្រូវឈប់ចាក់សាំង។ ពេលនាងកំពុងចាក់សាំង នាងឃើញសត្វពពែកំពុងឈរ នៅចំណតឡាន តែមិនឃើញសត្វចៀមសោះ។ មុននោះ ពេលនាងព្យាយាមយ៉ាងវក់វី ដើម្បីធ្វើឲ្យពួកវានៅស្ងៀម នាងបានភ្លេចចាក់គន្លឹះទ្វាររទេះសណ្តោង។ នាងក៏បានទូរស័ព្ទទៅតំរួតប្រចាំតំបន់ និងមិត្តភក្តិមួយចំនួន ឲ្យជួយស្វែងរកវា នៅក្បែរហាងនានា និងរកមើលក្នុងចំការពោត និងក្នុងព្រៃរហូតដល់ថ្ងៃលិច។ មានមនុស្សជាច្រើនបានអធិស្ឋាន ឲ្យនាងរកឃើញសត្វចៀមនោះវិញ។
នៅពេលព្រឹកថ្ងៃបន្ទាប់ ឡរ៉ា និងមិត្តភក្តិរបស់នាងម្នាក់ ក៏បានដើរបិទក្រដាសប្រកាសតាមរក “ចៀមដែលបាត់” នៅតាមហាងនានា ក្នុងតំបន់។ ពួកគេក៏បានឈប់សម្រាកនៅកន្លែងចាក់សាំង។ មានភ្ញៀវម្នាក់នៅកន្លែងចាក់សាំងនោះ បានឮពួកគេនិយាយគ្នាជាមួយអ្នកគិតលុយ អំពីការបិទប្រកាសស្វែងរកចៀមនោះ ហើយក៏បានប្រាប់ពួកគេថា គាត់ដឹងថា សត្វចៀមនោះនៅកន្លែងណា។ សត្វចៀមនោះបានដើរវង្វេង ចូលទៅក្នុងកសិដ្ឋានរបស់អ្នកជិតខាងគាត់ ហើយអ្នកជិតខាងគាត់ក៏បានចាប់វាដាក់ក្នុងជង្រុកមួយយប់ហើយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះយេស៊ូវទ្រង់ក៏មានព្រះទ័យទុកដាក់ចំពោះសត្វចៀមដែលវង្វេងបាត់ ដែលរាប់បញ្ចូលទាំងអ្នក និងខ្ញុំផងដែរ។ ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌មក ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ និងប្រទានសេចក្តីសង្រ្គោះ(យ៉ូហាន ៣:១៦)។ ទ្រង់បានធ្វើការលះបង់គ្រប់យ៉ាង ដើម្បីស្វែងរកយើង(លូកា ១៩:១០)។
ពេលឡរ៉ារកឃើញសត្វចៀមនោះវិញ នាងក៏បានដាក់រហ័សនាមឲ្យវាថា មីរេឃល(Miracle) ដែលប្រែមកថា ការអស្ចារ្យ។ យ៉ាងណាមិញ សេចក្តីសង្រ្គោះ ដែលព្រះទ្រង់មានចំពោះយើង គឺជាការអស្ចារ្យនៃព្រះគុណទ្រង់។-Anne Cetas