ក្នុង​ឆ្នាំ ១៨៧៩ ក្រុម​បុរាណ​វត្ថុ​វិទូ បាន​រក​ឃើញ​វត្ថុ​តូច​មួយ ដែល​មាន​លក្ខណៈ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​តំបន់​មួយ ដែល​សព្វ​ថ្ងៃ នេះ​គេ​ហៅ​ថា ប្រទេស​អ៊ីរ៉ាក់(ក្នុង​សម័យ​សញ្ញា​ចាស់ គេហៅ​ថា ចក្រ​ភព​បាប៊ីឡូន)។ គេ​បាន​ដាក់​ឈ្មោះ​សិលា​ចារិក ដែល​មានប្រវែង​ប្រហែល ២២សង់​ទីម៉ែត្រ​នោះ​ថា Cyrus Cylinder(ប្រែ​មក​ថា​ស៊ីឡាំង របស់​ស្តេច​ស៊ីរូស)។ សិលា​ចារិក​នោះ​បាន​កត់ត្រា​អំពី​ការ​អ្វី ដែលស្តេចស៊ីរូស នៃ​ចក្រ​ភព​ពើរស៊ី​បាន​ធ្វើ​កាល​ពី ២៥០០​ឆ្នាំ​មុន។ សិលា​ចារិក​នោះបាន​ចែង​ថា ស្តេច​ស៊ីរូស​បានអនុញ្ញាត​ឲ្យមនុស្ស​មួយក្រុ​ម វិល​ត្រឡប់​ទៅស្រុក​កំណើតរ​បស់​ខ្លួន ដើម្បី​កសាង “ទីក្រុង​បរិសុទ្ធ”របស់​ខ្លួន​ឡើង​វិញ។

រឿង​នេះ​ក៏​មាន​ចែង នៅ​ក្នុង​បទ​គម្ពីរ អែសរ៉ា ជំពូក​១​ផង​ដែរ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ព្រះយេហូវ៉ា​ទ្រង់​បណ្តាល​ព្រះទ័យ​ស៊ីរូស ជា​ស្តេច​ពើស៊ី ឲ្យ​ទ្រង់​បាន​ចេញ​ព្រះរាជឱង្ការ ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់”(ខ.១)។ ស្តេច​ស៊ីរូស​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ដោះលែង​ពួក​ឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុងយេរូសាឡិម​វិញ ដើម្បី​កសាង​ស្រុក​កំណើត និង​សង់​ព្រះ​វិហារ​របស់ខ្លួន​ឡើង​វិញ(ខ.២-៥)។ ប៉ុន្តែ​រឿង​នេះ មិន​ទាន់​ចប់​តែ​ប៉ុណ្ណេះ​ទេ។ ដានី​យ៉ែល​បាន​សារភាព​អំពើ​បាប​របស់​គាត់ និង​អំពើ​បាប​របស់​ប្រជា​ជន​គាត់ ហើយ​ក៏​បាន​ទូល​អង្វរ​សូម​ឲ្យ​ព្រះ​ទ្រង់​បញ្ចប់​ភាព​ជាឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន​(ដានីយ៉ែល ៩)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ដោយ​ចាត់​ទេវតា​ ឲ្យ​យាង​ចុះ​មក​មាន​បន្ទូល ទៅ​កាន់​ដានី​យ៉ែល​(ខ.២១)។ ក្រោយ​មក ទ្រង​ក៏​បាន​ធ្វើ​ការក្នុង​ចិត្ត​ស្តេច​ស៊ីរូស ដើម្បី​ឲ្យ​ទ្រង់​ដោះ​លែង​ជន​ជាតិ​ហេព្រើរ។(មើល យេរមា ២៥:១១-១២ ៣៩:១០)។

សិលា​ចារិក​របស់​ស្តេច​ស៊ីរូស និង​ព្រះ​បន្ទូល​ព្រះ​សុទ្ធ​តែ​បាន​បង្ហាញ​យើង​ថា ព្រះ​ទ័យ​របស់ស្តេច​អង្គ​នេះ បាន​កែ​ប្រែ ហើយ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ហេព្រើរ វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ហើយ​ថ្វាយ​បង្គំ​ព្រះ។ រឿង​នេះ​បាន​ផ្តល់​នូវ​ការ​បង្រៀន​ដ៏​អស្ចារ្យ​សម្រាប់​យើង ក្នុង​ពេលបច្ចុប្បន្ន​នេះ។ ក្នុង​លោកិយដែល​ហាក់​ដូច​ជា វឹកវរ​មិន​អាច​គ្រប់​គ្រង​បាន យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​អាច​កែ​ប្រែ​ចិត្ត​របស់​អ្នក​ដឹក​នាំ​ទាំង​ឡាយ​បាន។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភា​សិត ២១:១ បាន​ចែង​ថា “ព្រះទ័យ​នៃ​ស្តេច នោះ​នៅ​ក្នុង​ព្រះហស្ត​ព្រះយេហូវ៉ា ដូច​ជា​ផ្លូវ​នៃ​ទឹក​ហូរ​ទាំងឡាយ ទ្រង់​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ព្រះហឫទ័យ”។ ហើយបទគម្ពីរ រ៉ូម ១៣:១ បានចែងថា “ដ្បិត​គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ គឺ​ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច”។

ព្រះ​អម្ចាស់​អាច​កែ​ប្រែ​ចិត្ត​យើង ក៏​ដូច​ជា​កែ​ប្រែ​ចិត្ត​អ្នក​ដឹក​នាំ​ទាំង​ឡាយ។ យើង​អាច​ទុក​ចិត្តទ្រង់ ដ្បិត​ទ្រង់​គ្រប់​គ្រង​ការ​គ្រប់​យ៉ាង។ ចូរ​យើង​ទូល​សូម​ឲ្យ​ទ្រង់​ធ្វើ​ការ​កែ​ប្រែ​ចិត្ត​អ្នក​ដឹក​នាំ ដែលដើរ​ផ្លូវ​ខុស។-Dave Branon