អស់​រយៈ​ពេល​ជាង​២​ទសវត្សរ៍​មក​ហើយ ដែល​លោក​អេន​ឌ្រូ ខារ៉ូល(Andrew Carroll) បានជំរុញ​អ្នក​ដទៃ កុំ​ឲ្យ​បោះ​ចោល​សំបុត្រ ដែល​សមា​ជិក​គ្រួសារ ឬ​មិត្ត​ភក្តិ​បាន​សរសេរ​ផ្ញើ​មក ​ក្នុង​សម័យ​សង្រ្គាម។ លោក​ខារ៉ូល ជា​នា​យក​នៃ​មជ្ឈ​មណ្ឌល ដើម្បី​លិខិត​ក្នុង​សម័យ​សង្រ្គាម​អាមេរិក នៅ​សកល​វិទ្យា​ល័យ​ឆាប​មិន ក្នុង​រដ្ឋ​កាលីហ្វូញ៉ា។ គាត់​បាន​ចាត់​ទុក​សំបុត្រ​ទាំង​នោះ​ ជា​ចំណងទាក់​ទង​មិន​អាច​ជំនួស​បាន ដែល​ចង​ភ្ជាប់​ក្រុម​គ្រួសារ ហើយ​នាំ​ឲ្យ​មាន​ការ​យោគ​យល់​គ្នា។ លោក​ខារ៉ូល​បាន​មាន​ប្រសាសន៍​ថា “ពេល​ក្មេង​ជំនាន់​ក្រោយ​បាន​អាន​សំបុត្រ​ទាំង​នោះ ពួក​គេ​នឹង​មានសំណួរ និង​និយាយ​ថា ពួក​គេ​បាន​យល់​អំពី​ការ​ពិបាក និង​ការលះ​បង់​ដែល​យើង​បាន​ឆ្លង​កាត់”។

ពេល​សាវ័ក​ប៉ុល​កំពុង​ជាប់​ឃុំ ក្នុង​មន្ទីរ​ឃុំឃាំង នៅ​ទីក្រុង​រ៉ូម គាត់​ដឹង​ថា ជីវិត​គាត់​នឹង​ត្រូវ​អស់ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ បាន​ជា​គាត់សរសេរ​សំបុត្រ​មួយ​ច្បាប់ ទៅ​កាន់​យុវជន​ម្នាក់​​ឈ្មោះ ធីម៉ូថេ ដែល​គាត់​បាន​ចាត់​ទុក​ជា “កូន​ក្នុង​ជំនឿ”។ សាវ័ក​ប៉ុល​បាន​បង្ហាញ​ពីជម្រៅ​ចិត្ត​របស់​គាត់ ដូច​ជា​ទាហាន​កំពុង​នៅ​សមរ​ភូមិ គឺ​ដូច​ដែលគាត់​ប្រាប់​លោក​ធីម៉ូថេ​ថា “ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ”(២ធីម៉ូថេ ៤:៦-៨)។

ពេល​យើង​អាន​សំបុត្រ ក្នុង​ព្រះ​គម្ពីរ ដែល​វីរៈ​បុរស​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ បាន​បន្សល់​ទុកឲ្យ​យើង ហើយ​ដឹង​អំពី​ទុក្ខ​លំបាក​ដែល​ពួក​គេ​បាន​ទទួល​រង ដោយសារ​សេចក្តី​ស្រឡាញ់​ដែល​ពួក​គេមាន​ចំពោះ​ព្រះ​គ្រីស្ទ យើង​ទទួល​បាន​នូវ​សេចក្តី​ក្លាហាន ក្នុង​ការ​យក​គំរូ​តាម​ពួក​គេ ហើយ​ឈរយ៉ាង​មាំមួន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។-David McCasland