កាលនៅពីក្មេង ខ្ញុំបានយកកាសែតទៅដាក់តាមផ្ទះ ប្រហែល១៤០ផ្ទះ នៅតាមដងផ្លូវពីរខ្សែ ដែលតភ្ជាប់គ្នា ដោយវិមានបញ្ចុះសពមួយកន្លែង។ ដោយសារខ្ញុំត្រូវយកកាសែតសម្រាប់ពត៌មានពេលព្រឹក ទៅដាក់តាមផ្ទះ ដូច្នេះខ្ញុំត្រូវចេញពីផ្ទះ នៅម៉ោង៣ទៀបភ្លឺ ដោយដើរកាត់តាមកន្លែងបញ្ចុះសពនោះ ពេលដែលមេឃនៅងងឹតនៅឡើយ។ ជួនកាល ខ្ញុំមានការភ័យខ្លាចខ្លាំង បានជាខ្ញុំរត់កាត់កន្លែងបញ្ចុះសពនោះយ៉ាងលឿន ទាល់តែខ្ញុំបានទៅឈរនៅក្រោមបង្គោលភ្លើង នៅតាមផ្លូវនៅចុងម្ខាងទៀត ទើបខ្ញុំលែងខ្លាច។ ដូចនេះ ពន្លឺបានបណ្តេញភាពងងឹតដ៏គួរឲ្យខ្លាច ឲ្យចេញឆ្ងាយ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានយល់អំពីទំនាក់ទំនង រវាងការភ័យខ្លាច និងភាពងងឹត តែគាត់ក៏ដឹងផងដែរថា ព្រះទ្រង់ធំជាងការភ័យខ្លាច។ បានជាគាត់សរសេរថា “ឯងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្តីស្ញែងខ្លាចនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ ឬសេចក្តីវេទនាដែលតែងមាននៅក្នុងទីងងឹត”(ទំនុកដំកើង ៩១:៥-៦)។ យើងមិនត្រូវមានការភ័យខ្លាច ដោយសារភាពងងឹតនៅពេលយប់ ឬការអាក្រក់ ក្នុងភាពងងឹតឡើយ។ យើងមានព្រះមួយអង្គ ដែលបានចាត់ព្រះរាជបុត្រាទ្រង់ ដែលជាពន្លឺនៃលោកិយ(យ៉ូហាន ៨:១២)។
ក្នុងពន្លឺនៃសេចក្តីស្រឡាញ់ ព្រះគុណ និងសេចក្តីពិតរបស់ព្រះ យើងអាចរកបាននូវសេចក្តីក្លាហាន ជំនួយ និងកម្លាំង សម្រាប់រស់នៅថ្វាយទ្រង់។-Bill Crowder