អ្នកនិពន្ធម្នាក់ ឈ្មោះលោកវីលៀម ហ្ស៊ីនស័រ(William Zinsser) បានពិពណ៌នា អំពីការទៅមើលផ្ទះរបស់គាត់ជាលើកចុងក្រោយ។ គាត់បានចម្រើនវ័យធំឡើង ក្នុងផ្ទះនោះ ជាកន្លែងដែលគាត់ស្រឡាញ់យ៉ាងខ្លាំង កាលពីវ័យកុមារ។ ពេលគាត់ និងភរិយាគាត់បានធ្វើដំណើរមកដល់កូនភ្នំមួយ ដែលគេអាចឈរមើលតំបន់ឆកសមុទ្រម៉ានហាសសេត(Manhasset Bay) និងតំបន់ឡង អាយឡិន សោន(Long Island Sound) ពួកគេក៏បានដឹងថា ផ្ទះនោះត្រូវបានគេរុះរើចោលហើយ នៅសល់តែរណ្តៅដ៏ធំមួយប៉ុណ្ណោះ។ ពួកគេក៏ដើរទៅកាន់ជញ្ជាំងការពារទឹកសមុទ្រ ដែលនៅក្បែរនោះ ដោយការបាក់ទឹកចិត្ត។ លោកវីលៀមក៏បានមើលទៅឆ្នេរសមុទ្រ ដែលមានសម្លេង និងទេសភាពដ៏ស្រស់ស្អាត។
ក្រោយមក គាត់ក៏បានសរសេរអំពីបទពិសោធន៍មួយនេះ នៅក្នុងសៀវភៅរបស់គាត់ថា “ខ្ញុំមានអារម្មណ៍ធូរស្បើយ ហើយគ្រាន់តែមិនសប្បាយចិត្តបន្តិច។ ទេសភាពមាត់សមុទ្រនៅតែល្អស្អាតដូចមុន : គឺទេសភាពដី និងសមុទ្រដែលព្រះបានតុបតែងយ៉ាងពិសេស ដែលខ្ញុំនៅតែចងចាំយ៉ាងច្បាស់ បានជាខ្ញុំនៅតែស្រមៃឃើញនៅក្នុងចិត្ត”។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានសរសេរនៅក្នុងបទគម្ពីរទំនុកដំកើង អំពីពេលដ៏វេទនា ដែលព្រលឹងគាត់មិនព្រមក្សាន្តទុក្ខ ហើយវិញ្ញាណគាត់ក៏ល្វើយទៀត(ទំនុកដំកើង ៧៧:២-៣)។ ប៉ុន្តែ ក្នុងពេលមានទុក្ខយ៉ាងនេះ គាត់ឈប់ផ្តោតទៅលើសេចក្តីទុក្ខរបស់គាត់ ហើយងាកមកផ្តោតចិត្តទៅលើព្រះសង្រ្គោះរបស់គាត់វិញ ដោយថ្លែងថា “ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម”(ខ.១១)។
ដើម្បីជម្នះការបាក់ទឹកចិត្ត យើងត្រូវផ្តោតទៅលើព្រះ ជាជាងផ្តោតទៅលើការបាត់បង់។ ព្រះអម្ចាស់អញ្ជើញយើងឲ្យក្រឡេកមកមើលទ្រង់ ហើយឃើញទំហំនៃសេចក្តីល្អរបស់ទ្រង់ ព្រះវត្តមានដែលគង់នៅជាមួយយើង និងសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់ទ្រង់។-Dave McCasland