លោកហ្វ្រាន​ស៊ីស អេឡិន(Francis Allen) បាន​នាំ​ឲ្យ​ខ្ញុំ​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​សព្វ​ថ្ងៃ​នេះ លោក​ហ្វ្រាន​ស៊ីស​ជិត​ដល់​ពេល​ដែល​គាត់​ត្រូវ​ទៅ​ជួប​ព្រះយេស៊ូវ​មុខ​ទល់​នឹង​មុខ​ហើយ។ ខ្ញុំ​ក៏​បាន​ទៅ​លេង​ផ្ទះ​គាត់ ពេល​ដែល​គាត់​កាន់​តែ​ជិត​ដល់​ពេល​ជម្រាប​លាយើង​រាល់​គ្នា​ទៅ​នៅ​នគរ​ស្ថាន​សួគ៌។ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​គាត់ នូវ​ការ​អ្វី​ដែល​គួរ​ឲ្យ​ចង​ចាំ និង​មាន​ន័យ។

ខ្ញុំ​បាន​ឈរ​នៅ​ក្បែរ​គ្រែ​គេង​របស់​គាត់ អស់​រយៈ​ពេល​ជិត​១​ម៉ោង។ គាត់​បាន​អស់​សំណើច ​ពេល​ខ្ញុំ​និយាយ​រឿង​របស់​ខ្ញុំ​ឲ្យ​គាត់​ស្តាប់។ បន្ទាប់​មក គាត់​ក៏​អស់​កម្លាំង ហើយ​យើង​ក៏​និយាយ​សាច់​ការណ៍​វិញ​ម្តង ដោយ​គាត់​ចំណាយ​កម្លាំង ដើម្បី​និយាយ​ប្រាប់​ខ្ញុំ អំពី​ចំណុច​ខ្វះ​ខាត​ដែល​គាត់នៅ​ឃើញ​មាន ក្នុង​ជីវិត​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ស្តាប់​គាត់​និយាយ ទាំង​ខំ​ព្យាយាម​នឹក​រក​ពាក្យ​សម្រាប់​និយាយ​លា​គាត់​ជា​លើក​ចុង​ក្រោយ។ គាត់​ក៏​បាន​កាត់​សម្តី​ខ្ញុំ មុន​ពេល​ខ្ញុំ​មាន​ឱកាស​និយាយ​លា​គាត់។ គាត់​ថា “រេនឌី(Randy) អ្នក​ចាំ​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ទេ? យើងគ្មាន​អ្វី​ដែល​ត្រូវ​ខ្លាច នៅ​ក្នុង​រឿង​នៃ​ជីវិត​របស់​យើងឡើង ព្រោះយើង​ដឹង​ថា ជីវិត​យើង​នឹង​បញ្ចប់​ដោយ​របៀប​ណា។ ខ្ញុំ​មិន​មាន​ការភ័យ​ខ្លាច​ទេ។ អ្នក​ទៅ​ធ្វើ​អ្វី ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ចុះ”។ ពាក្យ​ជម្រុញ​ចិត្តនេះ បាន​រំឭក​ខ្ញុំ អំពី​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​និយាយ ទៅ​កាន់​អ្នក​ជឿ​ព្រះ នៅ​ក្រុង​ភីលីព​ថា “​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន  បាន​ទទួល  បាន​ឮ  ហើយ​ឃើញ​ក្នុង​ខ្ញុំ  នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ​ចុះ”(ភីលីព ៤:៩)។

លោក​ហ្វ្រង់ស៊ីស​មាន​ពន្លឺ នៅ​ក្នុង​កែវ​ភ្នែក​គាត់ នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​ខ្ញុំ​ជួប​គាត់ ដូច​កាល​ថ្ងៃទី​មួយ ដែល​ខ្ញុំ​ជួប​គាត់។ គាត់​គ្មាន​ការ​ភ័យ​ខ្លាច​នៅក្នុង​ចិត្ត​គាត់​ទេ។ ពាក្យ​ពេចន៍​ជា​ច្រើន​ដែល​ខ្ញុំបាន​សរសេរ រឿង​ដែ​លខ្ញុំ​បាន​និយាយ​ប្រាប់ និង​មនុស្ស​ដែល​ខ្ញុំ​បាន​បម្រើ គឺ​ខ្ញុំ​បាន​ធ្វើ​ដោយ​ការ​លើក​ទឹក​ចិត្ត​ពី​លោក​ហ្រ្វង់​ស៊ីស។ ពេល​ដែល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ សូម​យើង​ចង​ចាំ​អំពីអ្នក​ដែល​បាន​ផ្តល់​ឲ្យ​យើង នូវ​ការ​លើក​ទឹក​ចិត្ត​ខាង​វិញ្ញាណ។-Randy Kilgore