ពេលខ្ញុំកំពុងអង្គុយជាមួយក្មេងជំទង់៤នាក់ និងបុរសអនាថា ដែលមានអាយុប្រហែល២០ឆ្នំា នៅកន្លែងចែកអាហារដល់អ្នកក្រ នៅរដ្ឋអាឡាស្កា ខ្ញុំមានការប៉ះពាល់ចិត្ត ដោយបានឃើញក្មេងជំទង់ទាំងនោះមានចិត្តអាណិតចំពោះបុរសអនាថានោះ។ ពួកគេបានស្តាប់យ៉ាងយកចិត្តទុកដាក់ ពេលគាត់និយាយអំពីជំនឿរបស់គាត់ ហើយបន្ទាប់មក ពួកគេក៏បានផ្សាយដំណឹងល្អដល់គាត់ ដោយចិត្តសុភាព ដោយផ្តល់ឲ្យគាត់នូវក្តីសង្ឃឹម ក្នុងព្រះយេស៊ូវ ដោយក្តីស្រឡាញ់។ គួរឲ្យស្តាយណាស់ ពេលនោះ បុរសនោះមិនចង់ស្តាប់ដំណឹងល្អទេ។
ពេលយើងកំពុងចាកចេញទៅ ក្នុងចំណោមក្មេងស្រីជំទង់ទាំងនោះ មានក្មេងស្រីម្នាក់ឈ្មោះ ហ្គ្រេស(Grace) បានបង្ហាញអារម្មណ៍ តាមរយៈទឹកភ្នែករបស់នាង ឲ្យគេដឹងថា នាងមិនចង់ឲ្យបុរសនោះ ស្លាប់ទៅដោយមិនបានស្គាល់ព្រះយេស៊ូវទេ។ នាងក៏បានទួញយំចេញពីចិត្ត សម្រាប់បុរសម្នាក់នេះ ដែលកំពុងតែបដិសេធន៍សេចក្តីស្រឡាញ់នៃព្រះសង្រ្គោះ នៅពេលនោះ។
ទឹកភ្នែករបស់ក្មេងជំទង់ម្នាក់នេះ បានរំឭកខ្ញុំអំពីសាវ័កប៉ុល ដែលបានបម្រើព្រះអម្ចាស់ ដោយការបន្ទាបខ្លួន ហើយមានទុក្ខសោកនៅក្នុងចិត្ត ចំពោះជនរួមជាតិរបស់គាត់ ព្រោះគាត់ចង់ឲ្យពួកគេទទួលជឿព្រះគ្រីស្ទ(រ៉ូម ៩:១-៥)។ សេចក្តីអាណិតរបស់សាវ័កប៉ុល និងការដែលគាត់ខ្វល់ពីអ្នកដទៃ ប្រាកដជាបាននាំឲ្យគាត់ស្រក់ទឹកភ្នែកជាច្រើនដង។
បើយើងមានចិត្តខ្វល់ខ្វាយចំពោះអ្នកដទៃ ដែលមិនទាន់បានទទួលអំណោយនៃសេចក្តីសង្រ្គោះរបស់ព្រះ តាមរយៈព្រះគ្រីស្ទ យើងនឹងស្វែងរកវិធីចែកចាយអំពីសេចក្តីសង្រ្គោះរបស់ព្រះដល់ពួកគេមិនខាន។ ចូរយើងប្រើជំនឿ និងក្តីអាណិតរបស់យើង ដើម្បីនាំដំណឹងល្អទៅផ្សាយដល់អ្នកដែលត្រូវការព្រះសង្រ្គោះ។-Dave Branon