ពេល​ខ្ញុំ​បាន​ឮ​គេ​និយាយ​រឿង​របស់​យុវជន ដែល​ត្រូវ​គេ​ធ្វើ​បាប ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ថា យ៉ាង​ហោច​ណាស់ យុវជន​នោះ​មាន​ការ​ឈឺ​ចាប់​២​កំរិត។ ការ​ឈឺ​ចាប់​កម្រឹត​ទី១ ដែល​ច្បាស់​ជាង​គេ គឺ​បណ្តាល​មក​ពី​សណ្តាន​នៃ​ចិត្ត​អាក្រក់ របស់​អ្នក​ដែល​ធ្វើ​បាប​គេ​នោះ។ ការ​មាន​ទឹក​ចិត្ត​ដូច​នេះ គឺ​អាក្រក់​ណាស់។ តែ​មាន​ការ​ឈឺ​ចាប់​មួយ​កម្រឹត​ទៀត ដែល​ជ្រៅ​ជាង​នេះ ដែល​អាច​ធ្វើ​ឲ្យ​មាន​របួស​ផ្លូវ​ចិត្ត​ខ្លាំង​ជាង ដោយ​សារ​មនុស្ស​គ្រប់​គ្នា​មិន​ព្រម​និយាយ​ស្តី​ ឬ​ធ្វើ​អ្វី ពេល​ឃើញ​គេ​ធ្វើ​បាប​គាត់។

អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ មាន​ការ​ឈឺ​ចាប់ ដោយ​អារម្មណ៍​តក់​ស្លត់ ពេល​មិនឃើញ​មាននរណា​ម្នាក់​ជួយ​គាត់។ ការ​នេះ​ច្រើន​តែ​បាន​នាំ​ឲ្យ​អ្នក​ដែល​ធ្វើ​បាប​គេ កាន់​តែ​ហ៊ាន​ធ្វើ​បាប​អ្នក​ដទៃ ហើយ​មាន​សណ្តាន​ចិត្ត​អាក្រក់​កាន់​តែ​ខ្លាំង។ អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​ជន​រង​គ្រោះ​មាន​ការ​ខ្មាស់​អៀន និង​ភាព​ឯក​កោ​កាន់​តែ​ខ្លាំង។ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​ហ៊ាន​និយាយ​ការពារ​អ្នក​ដទៃ ហើយ​បញ្ចេញ​មតិ​ប្រឆាំង​នឹង​ការ​ធ្វើ​បាប​អ្នក​ដទៃ​(សុភាសិត ៣១:៨ក)។

ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​យ៉ាង​ច្បាស់ ពី​អារម្មណ៍​ដែល​ត្រូវ​គេ​ធ្វើ​បាប ហើយ​ទុក​ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​យ៉ាង​តែ​អង្គ​ឯង។ គេ​បាន​ចាប់​ចង​ទ្រង់ វាយ​ធ្វើ​បាប និង​ចម្អក​ឲ្យ ដោយ​គ្មាន​ហេតុ(លូកា ២២:៦៣-៦៥)។ បទ​គម្ពីរ ម៉ាថាយ ២៦:៥៦ បាន​ចែង​ថា “ពួក​សិស្ស​ទំាង​អស់​បាន​រត់​ចោល​ទ្រង់”។ លោក​ពេត្រុស ដែល​ស្ថិត​ក្នុង​ចំណោម​មិត្ត​សំឡាញ់​ដែល​ស្និទ្ធ​នឹង​ទ្រង់​ជាង​គេ ថែម​ទាំង​បាន​បដិសេធបី​ដង​ថា មិន​ស្គាល់​ទ្រង់(លូកា ២២:៦១)។ អ្នក​ដទៃ​ប្រហែល​ជា​មិន​យល់​ពី​អារម្មណ៍​របស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ទេ តែ​ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​ច្បាស់​ណាស់។

ពេល​យើង​ឃើញ​អ្នក​ដទៃ​កំពុង​ត្រូវ​គេ​ធ្វើ​បាប យើង​អាច​សូម​ឲ្យ​ទ្រង់​ជួយ ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន ក្នុង​ការ​និយាយ​ការពារ​ពួក​គេ។-Randy Kilgore