កាល​ខ្ញុំ​នៅ​រៀន​នៅ​សាលា​បឋម​សិក្សា នៅ​ប្រទេស​ហ្កាណា ខ្ញុំ​ត្រូវ​រស់​នៅ ជា​មួយ​គ្រួសារ​មួយ​ដែល​មាន​ក្តី​ស្រឡាញ់ និង​ការ​មើល​ថែរ​យ៉ាង​ដិត​ដល់ នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយរបស់ខ្ញុំ។ ថ្ងៃ​មួយ ក្មេង​ៗ​ទាំង​អស់​ត្រូវ​ផ្តុំ​គ្នា សម្រាប់​ការ​ជួប​ជុំ​ប្រចាំ​គ្រួសារ។ ជា​ដំបូង យើង​ម្នាក់​ៗ ត្រូវ​ចែក​ចាយ អំពី​បទ​ពិសោធន៍​ផ្ទាល់​ៗ​ខ្លួន។ តែ​បន្ទាប់​មក គេ​ក៏​បា​នប្រើ​ពាក្យ​គួរសម ប្រាប់​ខ្ញុំ​ឲ្យ​ចាក​ចេញពី​ការ​ជួប​ជុំ​នោះ ព្រោះ​ក្នុង​វគ្គ​ទីពីរ​នេះ គេ​ប្រជុំ​តែ​ជា​មួយ “កូន​បង្កើត” ប៉ុណ្ណោះ។ ការ​នេះ​ក៏​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា “កូន​របស់​គ្រួសារ​នេះ​ទេ”។ ទោះ​ក្រុម​គ្រួសារ​នេះ មាន​ក្តី​ស្រឡាញ់​ចំពោះ​ខ្ញុំ​ក៏​ដោយ ក៏​ពួក​គេ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​នៅ​ក្រៅ​ការ​ប្រជុំ​របស់​គ្រួសារ ព្រោះ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ប៉ុណ្ណោះ និយាយ​រួម ខ្ញុំ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​​គេ​ឡើយ។

រឿង​នេះ​បាន​រំឭក​ខ្ញុំ អំពី​បទ​គម្ពីរ​យ៉ូហាន ១:១១-១២ ដែលបាន​ចែង​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​យាង​ចុះ​មក​រក​រាស្រ្ត​ទ្រង់ ហើយ​ពួក​គេ​មិន​ព្រម​ទទួល​ទ្រង់។ ហើយ​អ្នក​ដែល​ទទួល​ទ្រង់​កាលពី​សម័យ​នោះ ក៏​ដូច​ជា​នៅ​សម័យ​បច្ចុប្បន្ន គឺ​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​កូន​របស់​ព្រះ។

ពេល​យើង​ក្លាយ​ជា​កូន​ចិញ្ចឹម​ក្នុង​គ្រួសារ​ទ្រង់ “ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ”(រ៉ូម ៨:១៦)។

ព្រះ​យេស៊ូវ​មិន​បាន​បណ្តេញ​នរណា​ម្នាក់ ដែល​ព្រះ​វរបិតា​បាន​ទទួល​ចិញ្ចឹម​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ទទួល​ស្វាគមន៍​យើង ឲ្យ​ធ្វើ​ជា​ផ្នែក​ដ៏​អស់​កល្ប​នៃ​គ្រួសារ​ទ្រង់។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ”(យ៉ូហាន ១:១២)។-Lawrence Darmani