មេ​បញ្ជាការ​កង​ទ័ព តែង​តែ​ចង់​មាន​ទាហាន​គ្រប់​ចំនួន ដើម្បី​បំពេញ​បេសក​កម្ម​របស់​ខ្លួន។ ពួក​គេភា​គ​ច្រើន​ចង់​មាន​ទាហាន​ច្រើន​លើស​លប់ ជា​ជា​ង​មាន​ចំនួន​តិច​តួច​ពេក ប៉ុន្តែ មនុស្ស​គ្រប់​គ្នាមិ​នមែ​ន​សុទ្ធ​តែ​យល់​ស្រប​​គ្នា​ថា កង​ទ័ព​ត្រូវ​មាន​ចំនួន​ប៉ុន្មាន ទើ​ប​គ្រប់​គ្រាន់​នោះ​ឡើយ។

ពេល​លោក​គេឌាន​បាន​ជ្រើស​រើស​ទ័ព ដែល​មាន​គ្នា​៣២០០០​នាក់ ដើម្បី​តតាំង​នឹង​ពួក​សាសន៍​ដែលសង្កត់​សង្កិន​ពួក​អ៊ីស្រាអែល ព្រះ​អម្ចា​ស់​ទ្រង់​ក៏បា​នមា​ន​បន្ទូល​ទៅគាត់ថា “ចំនួន​​មនុ​ស្ស​​ដែ​ល​​នៅ​​ជា​​មួយ​​នឹង​ឯង មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក ក្នុង​កណ្តាប់​ដៃ​គេ មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រាអែល​អួត​ខ្លួន   ទាស់​នឹង​អញ​វិញ   ដោយ​ថា   អញ​បាន​ជួយ​សង្គ្រោះ​ខ្លួន​អញ​ទេ”(ពួកចៅហ្វាយ ៧:២)។

ដូចនេះ ព្រះ​អម្ចាស់​ក៏បា​នចា​ប់​ផ្តើ​មប​ន្ថយ​ចំនួន​ទ័ព​របស់​លោក​គេ​ឌាន។ ពេល​ទ្រង់​អនុញ្ញាត​​ឲ្យ​​អ្នកដែល​​​ភ័យ​ខ្លាច​ចាក​ចេញ​ពី​ជួរ​ទ័ព នោះ​មាន​ពួក​ប្រុស​ៗ​២២០០០​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​(ខ.៣)។ ការ​កាត់​ចំនួន​ជាលើ​ក​ទីពីរ បាន​បន្ថយ​កង​ពល​ដែល​នៅស​ល់១​០០០០​នាក់ ឲ្យ​ធ្លាក់​មក​ត្រឹម​ចំនួន​៣០០​នាក់វិញ ដែល​ក្នុ​ង​នោះព្រះ​អម្ចាស់​បាន​មាន​បន្ទូល​អំពី​អ្នក​ទាំង​នោះថា​ “អញ​​នឹ​ង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយសារ​មនុស្ស​៣០០​នាក់…”(ខ.៧)។ ហើយការនោះក៏បានកើតឡើងយ៉ាងដូច្នោះមែន(ខ.១៩-២៣)។

នៅ​ក្នុង​ការ​រស់​នៅ​ដោយ​ជំនឿ ធនធាន​របស់​យើង​អាច​ក្លាយ​ជា​ខ្មាំង​សត្រូវ​នៃ​ការ​ទុក​ចិត្ត​ព្រះ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ពឹង​ផ្អែក​លើទ្រ​ង់ គឺ​មិន​មែន​ពឹង​ផ្អែក​ទៅ​លើក​ម្លាំង​របស់​យើង​ទេ  កម្លាំ​ង​​នោះ​ជាកម្លាំង​ខាង​រូប​កាយ ខាង​ហិរញ្ញ​វត្ថុ ឬ​ប្រាជ្ញា​របស់​យើង​នោះ​ទេ។

ពេល​ដែល​ព្រះអម្ចាស់​កាត់​បន្ថយ​ធន​ធាន​របស់​យើង ពី​ចំនួន “៣២០០០ ទៅ៣០០” ទ្រង់​មិន​មែន​កំពុង​តែ​ដាក់​ទោ​សយើ​ង​ទេ។ ទ្រង់​ធ្វើ​ការ​នេះ ដើម្បី​រៀប​ចំ​ផ្លូវ​ឲ្យ​យើង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ តាម​រយៈ​ជីវិត​របស់​យើង ពេល​ដែល​យើង​ទទួល​ស្គាល់ និង​ទុក​ចិ​ត្ត​អំណាច​ចេស្តា​ទ្រង់។-David McCasland