កាល​នៅ​ពី​ក្មេង   ខ្ញុំ​ចូល​ចិត្ត​ចំណាយ​ពេល​ឈប់​សម្រាក​នៅ​រដូវ​ក្តៅ   នៅ​កន្លែង​បោះ​ជំរុំ​យុវ​ជន។ កាល​នោះ ខ្ញុំ​បាន​អង្គុយ​ប្រកៀក​ស្មា​គ្នា ជា​មួយ​មិត្ត​ភក្តិ នៅ​ពី​មុខ​ភ្នក់​ភ្លើង នៅ​យប់​ចុង​ក្រោយ នៃ​ការ​បោះ​ជំរុំ​យុវជន។ យើង​ក៏​បាន​ចែក​ចាយ អំពី​ការ​អ្វី​ខ្លះ​ដែល​យើង​ទទួល​បាន ពី​ការ​សិក្សា​អំពី​ព្រះ និង​ព្រះ​គម្ពីរ​កន្លង​មក ហើយ​យើង​ក៏​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ។ មាន​បទ​ចម្រៀង​មួយ ដែល​ខ្ញុំ​នៅ​ចាំ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដែល​បទ​នោះ​ផ្តោត​ទៅ​លើ​ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​យេស៊ូវ។ វគ្គ​បន្ទរ​មាន​ឃ្លា​ដ៏​សំខាន់​មួយ ដែល​គេ​ច្រៀង​ថា “ខ្ញុំ​មិន​បែរ​ក្រោយ”។

ពេល​លោក​អេលីសេ​បាន​សម្រេច​ចិត្ត​ដើរ​តាម​លោក​អេលីយ៉ា លោក​អេលីសេ​បាន​ធ្វើ​នូវ​កិច្ច​ការ​ ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក ពោល​គឺ​មិន​អាច​វិល​ត្រឡប់​ទៅ​រក​អាជីព​ជា​កសិករ​វិញ។ បន្ទាប់​ពី​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ធ្វើ​ពិធី​ជប់​លៀង​លា​ផ្ទះ គាត់​ក៏​បាន “យក​គោ​១​នឹម​សំឡាប់​ទៅ ហើយ​ស្ងោរ​ដោយ​គ្រឿង​ប្រដាប់​ទឹម​គោ”(១ពង្សាវតាក្សត្រ ១៩:២១)។ គាត់​បាន​យក​ឧបករណ៍​សម្រាប់​ធ្វើ​ស្រែ​របស់​គាត់ ទៅ​ដុត​ចម្អិន​អាហារ ​ជា​សញ្ញា​បញ្ជាក់​ថា គាត់​បាន​បោះ​បង់​ចោល​ផ្លូវ​ជីវិត​ចាស់​របស់​គាត់​ហើយ។ គាត់​បាន​ស្ងោរ​សាច់​គោ​ដែល​គាត់​បាន​សម្លាប់​ថ្មី​ៗ ពី​លើ​ភ្លើង​ដែល​កំពុង​ឆេះ​ ហើយ​ចែក​គេ​គ្រប់​គ្នា​បរិភោគ​នៅ​ទីនោះ។​ បន្ទាប់​មក “​គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ដើម្បី​បំរើ​លោក”(ខ.២១)។

ការ​ថ្វាយ​ជីវិត​យើង​ដល់​ព្រះ ដែល​សក្តិ​សម​នឹង​ទទួល​ភក្តី​ភាព​របស់​យើង ច្រើន​តែ​មាន​ការ​លះ​បង់។ នៅ​ពេល​ខ្លះ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក សម្រាប់​ទំនាក់​ទំនង បញ្ហា​ហិរញ្ញ​វត្ថុ និង​របៀប​នៃ​ការ​រស់​នៅ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​ការ​លះ​បង់​ណា​ដែល​ធំ​ជាង ព្រះ​ពរ​ដែល​យើង​នឹង​ទទួល​បាន​ ពី​ការ​បន្ត​ដើរ​តាម​ព្រះ​គ្រីស្ទ​ឡើយ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ”(ម៉ាថាយ ១៦:២៥)។-Jennifer Benson Schuldt