ពេល​ដែល​ខារ៉ូល(Carole) ប្អូន​ស្រី​ខ្ញុំ ទៅ​ពិនិត្យ​ជម្ងឺ​រក​ឃើញ​ថា នាង​មាន​ជម្ងឺ​មហា​រីក​សុដន់ ក្រុម​គ្រួសារ​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ការ​ពិនិត្យ​ជម្ងឺ ការ​វះ​កាត់ និង​ការ​ព្យាបាល​ជម្ងឺ​នេះ នាំ​ឲ្យ​យើង​មាន​ការ​បារម្ភ​ពី​សុខ​ភាព​នាង បាន​ជា​យើង​នាំ​គ្នាអធិស្ឋាន​ឲ្យ​នាង។  ជា​ច្រើន​ខែ​ក្រោយ​មក យើង​ក៏​បាន​ទទួល​ដំណឹង អំពី​ការ​ព្យា​បាល​ដ៏​ពិបាក​របស់​នាង។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ក៏​បាន​អប​អរ ពេល​បាន​ដឹង​ថា ការ​វះ​កាត់ និង​ការ​ព្យា​បាន​​​ទទួល​ជោគ​ជ័យ​​។ ខារ៉ូល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ជា​សៈ​ស្បើយ!

បន្ទាប់​មក មិន​ទាន់​បាន​១​ឆ្នាំផ​ង លីនដា(Linda) ប្អូន​ស្រីរបស់​ខ្ញុំ​ម្នាក់​ទៀត ក៏​បាន​ជួប​នឹង​រឿង​ដូច​គ្នា​នេះ​ទៀត។ ភ្លាម​ៗ​នោះ ​ខារ៉ូល​ក៏​បាន​មក​ក្បែរ​លីន​ដា ដើម្បី​ជួយ​ឲ្យ​នាង​យល់ អំពី​ការ​អ្វី​ខ្លះ​ដែល​ត្រូវ​រំពឹង​ថា នឹង​កើត​ឡើង និង​ពី​របៀប​ត្រៀម​ខ្លួន​សម្រាប់​រឿងដែល​នាង​ត្រូវ​ប្រឈម​មុខ។​ បទ​ពិសោធន៍​របស់​ខារ៉ូល​បាន​ជួយ​ឲ្យ​នាង​មាន​លទ្ធភាព រួម​ដំណើរ​ជា​មួយ​លីនដី ជួយ​ឲ្យ​នាង​ឆ្លង​កាត់​ការ​ពិបាក។​

យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​យ៉ាងដូច​នេះ​ឯង គឺ​ដូច​ដែល​បទ​គម្ពីរ ២កូរិនថូស ១:៣-៤ បាន​ចែង​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ”។

សូម​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ដែល​ទ្រង់​មិន​បាន​ខ្ជះ​ខ្ជាយ​ការ​អ្វី​ឡើយ។ ទ្រង់​បាន​ប្រើ​ទុក្ខ​លំបាក​របស់​យើង  ជា​ឱកាស ដើម្បី​ឲ្យ​យើង​ពិសោធន៍​នឹង​ការ​កម្សាន្ត​ចិត្ត​របស់​ទ្រង់ ហើយ​ថែម​ទាំង​បាន​បើក​ផ្លូវ​ឲ្យ​យើង ចែក​ចាយ​ការ​កម្សាន្ត​ចិត្ត​នោះ ទៅ​ដល់​អ្នក​ដទៃ ដែល​ជួប​ការ​លំបាក​ផង​ដែរ។-Bill Crowder