បន្ទាប់​ពី​ខ្ញុំ លែង​បាន​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​គ្រួសារ​ជា​មួយ​ឪពុក​ម្តាយ​ខ្ញុំ ខ្ញុំ​កម្រ​នឹង​បាន​ទៅ​សួរ​សុខ​ទុក្ខ​ជីដូន​ជីតា​ខ្ញុំ ដែល​រស់​នៅ​ឆ្ងាយ​ពី​យើង​រាប់​រយ​គីឡូ​ម៉ែត្រ។ ដូច​នេះ មាន​ពេល​ឆ្នាំ​មួយ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ ទៅ​លេង​ពួក​គាត់ ក្នុង​ក្រុង​ដ៏​តូច នៅ​តំបន់​លែន អូ លេក រដ្ឋ​វីសខុនស៊ីន នៅ​ចុង​សប្តាហ៍។​ នៅ​តាម​ផ្លូវ ពេល​យើង​ជិះ​ឡាន​មក​អាកាស​យាន្ត​ដ្ឋាន​ព្រោះ​ខ្ញុំ​ត្រូវ​ដល់​ពេល​ជិះ​យន្ត​ហោះ​ត្រឡប់​មក​វិញ យាយ​របស់​ខ្ញុំ​ដែល​មិន​ធ្លាប់​ជិះ​យន្ត​ហោះ​ពីមុន​មក ក៏​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច​ចំពោះ​ខ្ញុំ​។ គាត​សួរ​ខ្ញុំ​ថា “មើល​ទៅ​យន្ត​ហោះ​ដែល​ចៅ​ជិះ​តូច​ណាស់​ … ដូចជា​គ្មាន​អ្វី​ទ្រ​ចៅ ឲ្យ​មាន​សុវត្ថិ​ភាព​សោះ មែន​ទេ? … យាយ​ខ្លាច​ណាស់     មិន​ហ៊ាន​ជិះ​យន្ត​ហោះ​បើក​ឡើង​ទៅ​លើ​ខ្ពស់​អញ្ចឹង​ទេ”។ នៅ​ពេល​ខ្ញុំ​បាន​ឡើង​ជិះ​យន្ត​ហោះ​ដ៏​តូច​នោះ ខ្ញុំ​ក៏​មាន​ការ​ភ័យ​ខ្លាច​ដូច​ពេល​ខ្ញុំ​ជិះ​យន្ត​ហោះ​លើក​ដំបូង​ផង​ដែរ។ តើ​មាន​អ្វី​ដែល​កំពុង​ទ្រ​យន្តហោះ​នេះ ឲ្យ​មាន​សុវត្ថិ​ភាព?

យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ឡើយ ទោះ​ការ​ភ័យ​ខ្លាច​នោះ សម​ហេតុ​ផល​ឬ​អត់​ក៏​ដោយ។ ស្តេច​ដាវីឌ​ធ្លាប់​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ស្តេច​សូល​ដែល​​តាម​ប្រម៉ាញ់​ទ្រង់  ព្រោះ​ស្តេច​សូល​មាន​ការ​ច្រណែន​នឹង​ដា​វីឌ  ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​ទ្រង់​។ តែ​ស្តេច​ដាវីឌ​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដ៏​ពិត នៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ។​ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៣៤ ទ្រង់​បាន​សរសេរ​ថា “ខ្ញុំ​បាន​ស្វែង​រក​ព្រះយេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្តី​ភិត​ភ័យ​របស់​ខ្ញុំ”(ខ.៤)។

ព្រះ​វរបិ​តា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌  ទ្រង់​មាន​គ្រប់​ប្រាជ្ញា  និង​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់។ ពេល​ការ​ភ័យ​ខ្លាច​ចាប់​ផ្តើម​សន្ធប់​មក​លើ​យើង យើង​ចាំ​បាច់​ត្រូវ​ឈប់​បង្អង់​សិន ហើយ​នឹក​ចាំថា ទ្រង់​ជា​ព្រះ​របស់​យើង ហើយ​ទ្រង់​នឹង​តែង​តែ​ទ្រ​យើង​ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​ជា​និច្ច។-Cindy Hess Kasper