មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​ទស្សនា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ ដែល​គេ​ចាក់​បញ្ចាំ​លើ​ផ្ទាំង​សំពត់​ដ៏​ធំ ​ក្នុង​រោង​ភាព​យន្ត។ យើង​អាច​មើល​ឃើញ​រូប​ភាព​មនុស្ស​ធំ​ៗ និង​ច្បាស់​ៗ​ខ្លាំង​ណាស់ ​បាន​ជា​យើង​អាច​មើល​ឃើញ​ស្នាម​របួស​ដ៏​ជ្រៅ នៅ​លើ​រូប​កាយ​របស់​តួ​អង្គ​ប្រុស​ម្នាក់។​ ទាហាន​បាន​ធ្វើ​ទារុណ​កម្ម​មក​លើ​រូប​កាយ​គាត់ ដោយ​ការ​វាយ​ដំ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​ដែល​កំពុង​មាន​កំហឹង កំពុង​សើច​ចម្អក​ឲ្យ​បុរស​កំសត់ ដែល​មាន​ឈាម​ប្រឡាក់​ពេញ​មុខ។ ឈុត​មួយ​នេះ​មើល​ទៅ ​ដូច​សកម្ម​ភាព​ដែល​កើត​ឡើង​ពិត​ៗ បាន​ជា​ខ្ញុំ​រួញ​ខ្លួន​ទាំង​ចិត្ត​រន្ធត់​ញាប់​ញ័រ ដោយ​ខ្ញុំ​ក៏​មាន​អា​រម្មណ៍​ដឹង​ថា ការ​ធ្វើ​ទារុណ​កម្ម​បែប​នេះ គឺ​ពិត​ជា​ឈឺ​ចាប់​ណាស់។ តែ​នេះ​គ្រាន់​តែ​ជា​ការ​សម្តែង តាម​រឿង​ពិត ដែល​បាន​កើត​ឡើង​ចំពោះ​ព្រះ​យេស៊ូវ ពេល​ដែល​ទ្រង់​បាន​ទទួល​រង​ទុក្ខ​វេទនា ដើម្បី​យើង​រាល់​គ្នា។

សាវ័ក​ពេត្រុស​បាន​រំឭក​អំពី​ការ​រង​ទុក្ខ​របស់​ព្រះ​យេស៊ូវ នៅក្នុង​សំបុត្រ​របស់​គាត់​ថា “ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្តី​នោះ​ឯង ពី​ព្រោះ​ព្រះគ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់”(១ពេត្រុស ២:២១)។ ការ​រង​ទុក្ខ​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន និង​មាន​កំរិត​នៃការ​ឈឺ​ចាប់​ខុស​គ្នា បាន​ជា​យើង​ត្រូវ​ត្រៀម​ខ្លួន ដើម្បី​ប្រឈម​មុខ​នឹង​សេចក្តី​ទុក្ខ។ ការ​រង​ទុក្ខ​របស់​យើង ប្រហែល​ជា​មិន​ធ្ងន់​ធ្ងរ ដូច​សាវ័ក​ប៉ុល ដែល​ធ្លាប់​ត្រូវ​គេ​វាយ​ដំ ចោល​នឹង​ថ្ម​សម្លាប់ ហើយ​ជួប​គ្រោះ​ថ្នាក់​សំពៅ​លិច ដើម្បី​ព្រះ​គ្រីស្ទ។​ គាត់​ធ្លាប់​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ពួក​ចោរ​ព្រៃ ហើយ​ក៏​បាន​ទ្រាំ​អត់​នឹង​ភាព​អត់​ឃ្លាន និង​ការ​ស្រេក​ទឹក​ផង​(២កូរិនថូស ១១:២៤-២៧)។ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​មិន​មាន​ឱកាស​រង​ទុក្ខ ដូច​អ្នក​ដែល​កំពុង​ទទួល​រង​ការបៀត​បៀន​ធ្ងន់​ធ្ងរ ក្នុង​វប្ប​ធម៌​ដែល​គេ​ប្រឆាំង​នឹង​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​រង​ទុក្ខ​នឹង​មក​រក​យើង តាម​សណ្ឋាន ឬ​មធ្យោបាយ​ណា​មួយ ពេល​ដែល​យើង​បដិសេធ​ខ្លួន​ឯង អត់​ទ្រាំ​នឹង​ការ​ប្រមាថ​មើល​ងាយ ការ​គំរាម​កំហែង ឬ​បដិ​សេធ​មិន​ព្រម​ចូល​រួម​សកម្ម​ភាព ដែល​មិន​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អម្ចាស់។  សូម្បី​តែ​ការ​រៀន​អត់​ធ្មត់ ជៀស​វាង​ការ​សង​សឹក និង​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ ដើម្បី​ថែរក្សា​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ ក៏​ជា​របៀប​នៃ​ការ​ដើរ​តាម​ជំហាន​របស់​ទ្រង់​ផង​ដែរ។

ពេល​ណា​យើង​ជួប​ទុក្ខ​លំបាក សូម​យើង​នឹក​ចាំ អំពី​ទុក្ខ​លំបាក​ដែល​ព្រះយេស៊ូវ​បាន​ស៊ូទ្រាំសម្រាប់​យើង។-Lawrence Darmani