អង្គ​ការ​មនុស្ស​ធម៌​ជា​ច្រើន ដែល​បាន​ជួយ​ដល់​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត​ផ្សេង​ៗ​ បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​បរិច្ចាក នូវ​ខោ​អាវ និង​របស់​របរ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ពី​អ្នក​ដែល​មាន​គ្រប់​គ្រាន់ ដែល​ខ្លួន​លែង​ត្រូវ​ការ ឬ​ចង់​បាន។ ការ​លះ​បង់​នូវ​របស់​ដែល​ខ្លួន​ឈប់​ប្រើ​ប្រាស់ ដល់​អ្នក​ដែល​ខ្វះ​ខាត គឺ​ជា​ទង្វើរ​ល្អ​មួយ ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​ការ​ស្ទាក់​ស្ទើរ​មិន​ចង់​បែក​ចេញ​ពី​របស់​របរ ដែល​មាន​តម្លៃ ដែល​យើង​ប្រើ​ជា​រៀង​រាល់​ថ្ងៃ។

ពេល​សាវ័ក​ប៉ុល​កំពុង​ជាប់​ឃុំ​ខ្លួន ក្នុង​ទីក្រុង​រ៉ូម គាត់​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ជា​ប្រចាំ និង​ត្រូវ​ការ​មិត្ត​សំឡាញ់​ដ៏​ស្មោះ​ត្រង់​នៅ​ក្បែរ​គាត់។ ប៉ុន្តែ គាត់​បាន​ចាត់​គូរ​កន​ការងារ​ដែល​ជិត​ស្និទ្ធ​នឹង​គាត់​បំផុត ឲ្យ​ទៅ​ជួយ​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព(ភីលីព ២:១៩-៣០)។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹម ដោយ​នូវ​ព្រះអម្ចាស់យេស៊ូវ​ថា បន្តិច​ទៀត ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា … ដ្បិត​ខ្ញុំ​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះត្រង់​នោះ​ទេ”(ខ.១៩-២០)។ ហើយ​គាត់​មាន​ប្រសាសន៍​ទៀត​ថា “ខ្ញុំ​បាន​យល់​ឃើញ​ថា ត្រូវ​ចាត់​អេប៉ាប្រូឌីត​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គាត់​ជា​បង​ប្អូន ជា​គូកន​ធ្វើ​ការ ហើយ​ធ្វើ​ទាហាន​ជា​មួយ​នឹង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គាត់​ទៅ ឲ្យ​ជួយ​ផ្គត់ផ្គង់​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​ការ”​(ខ.២៥)។ ត្រង់​ចំណុច​នេះ​បាន​បង្ហាញ​ថា សាវ័ក​ប៉ុល​បាន​លះ​បង់​ឲ្យ​អ្នក​ដទៃ​នូវ​របស់​អ្វី ដែល​គាត់​ត្រូវ​ការ​បំផុត។​

របស់​អ្វី​ក៏​ដោយ ដែល​យើង​គិត​ថា “មាន​តម្លៃ​បំផុត” ក្នុង​ជីវិត​យើង នៅ​ថ្ងៃ​នេះ អាច​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង សម្រាប់​នរណា​ម្នាក់ ដែល​យើង​ស្គាល់។ របស់​ទាំង​នោះ​អាច​ជា ពេល​វេលា មិត្ត​ភាព ការ​លើក​ទឹក​ចិត្ត ការ​ស្តាប់​អ្នក​ដទៃ​និយាយ ឬ​ការ​ជួយ​អ្នក​ដទៃ​ដោយ​ដៃ​ខ្លួន​ឯង​ផ្ទាល់​ជា​ដើម​។ ពេល​ដែល​យើង​លះ​បង់​របស់​អ្វី ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​យើង ទ្រង់​ក៏​បាន​ទទួល​សិរីល្អ ​ហើយ​អ្នក​ដទៃ​បាន​ទទួល​ជំនួយ ម្យ៉ាង​ទៀត​​យើង​ក៏​បាន​ទទួល​ព្រះ​ពរ។-David McCasland