មិត្តភក្ដិរបស់ខ្ញុំឈ្មោះ មែហ្គិន(Meaghan) ជាកីឡាករជិះសេះដ៏ជោគជ័យម្នាក់ ហើយខ្ញុំបានរៀនពីនាង នូវចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយចំនួន របស់សត្វសេះ។ ឧទាហរណ៍ ថ្វីដ្បិតតែសត្វសេះមានភ្នែកធំ ជាងអស់ទាំងពពួកថានិកសត្វផ្សេងទៀតក្ដី ភ្នែករបស់ពួកវាខ្សោយទេ ហើយអាចមើលឃើញពណ៌តិចជាងមនុស្សផង។ ដោយព្រោះហេតុនេះហើយ ទើបពេលខ្លះពួកវាមិនអាចស្គាល់រត្ថុខ្លះនៅលើដីបានទេ។ នៅពេលពួកវាឃើញបង្គោលមួយដើមនៅខាងមុខ ពួកវាមិនស្គាល់ថានោះជាបង្គោលទេ អីចឹងហើយបានជាវាងាយនឹងដើរជាន់ពីលើបង្គោល ឬជាន់សត្វពស់ធំៗដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ពួកវាក៏ថាបាន។ ដោយសារហេតុផលនេះ ទើបគេត្រូវបង្វឹកសត្វសេះឲ្យបានត្រឹមត្រូវ ពុំនោះសោត ពួកវាងាយនឹងមានការភិតភ័យ ហើយផ្អើលរត់បាត់។
យើងក៏ទំនងជាចង់រត់គេច ពីកាលៈទេសៈដែលគួរឲ្យភ័យខ្លាចផងដែរ។ យើងអាចមានអារម្មណ៍ដូចលោកយ៉ូប ដែលបានយល់ខុសអំពីបញ្ហាដ៏ធ្ងន់ធ្ងរនៃជីវិតរបស់គាត់ ហើយគិតថា បើខ្លួនមិនបានកើតមកសោះ នោះប្រសើរជាង។ ដោយសារតែគាត់មិនអាចមើលដឹងថា តាមពិតគឺជាសាតាំងទេ ដែលកំពុងតែប៉ុនប៉ងវាយបំបាក់គាត់នោះ បានជាគាត់សង្ស័យថា ព្រះអម្ចាស់ដែលគាត់បានជឿទុកចិត្ត ប្រហែលជាកំពុងតែព្យាយាមបំផ្លាញគាត់ទៅវិញ។ ពេលគាត់មានទុក្ខច្រើន ទ្រាំទ្រលែងរួច គាត់បានលាន់មាត់ថា “គឺព្រះដែលបានផ្ដួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ទ្រង់”(យ៉ូប ១៩:៦)។
ការយល់ដឹងរបស់យើងក៏មានដែនកំណត់ គឺមិនខុសពីលោកយ៉ូបឡើយ។ យើងចង់រត់គេចពីស្ថានការណ៍ដ៏លំបាកៗ ដែលធ្វើឲ្យយើងភ័យខ្លាច។ តែបើយើងគិត តាមទស្សនៈរបស់ព្រះវិញ នោះយើងនឹងដឹងថា យើងមិនមែននៅតែម្នាក់ឯងឡើយ ពេលយើងមានទុក្ខលំបាក។ ទ្រង់ជ្រាបថា មានអ្វីដែលធ្វើឲ្យយើងភាន់ច្រឡំ និងធ្វើឲ្យយើងភ័យខ្លាច។ ទ្រង់ជ្រាបថា យើងមានសុវត្ថិភាព ពេលទ្រង់គង់នៅក្បែរយើង។ ទុក្ខលំបាកជាឱកាស សម្រាប់ឲ្យយើងទុកចិត្ត ទ្រង់ ជាជាងទុកចិត្តការយល់ដឹងរបស់ខ្លួនឯង។-ANNE CETAS