ពេលខ្ញុំកំពុងតែបើករថយន្តបានប្រហែលជិតកន្លះម៉ោង កូនស្រីរបស់ខ្ញុំស្រាប់តែស្រែកយំពីកៅអីខាងក្រោយ។ នៅពេលខ្ញុំសួរថា “តើកូនកើតអី?” នាងក៏បានឆ្លើយថា បងប្រុសរបស់នាងបានចាប់ទាញដៃរបស់នាងខ្លាំងពេក។ ពេលនោះបងប្រុសរបស់នាងក៏បានអះអាងថា គាត់ចាប់ទាញដៃនាង គឺព្រោះតែនាងក្ដិចគាត់។ នាងនិយាយថា នាងបានក្ដិចគាត់ ព្រោះព្រោះតែគាត់បាននិយាយពាក្យអាក្រក់ៗដាក់នាង។
គួរឲ្យសោកស្ដាយណាស់ ដែលគំរូមិនល្អមួយនេះ ដែលបានកើតឡើងជាធម្មតារវាងក្មេងៗ ក៏អាចកើតមានជាញឹកញាប់ ក្នុងទំនាក់ទំនងរបស់មនុស្សធំផងដែរ។ ពេលមនុស្សម្នាក់និយាយអ្វីមួយ ធ្វើឲ្យមនុស្សម្នាក់ទៀតឈឺចិត្ត អ្នកដែលឈឺចិត្តនោះ ក៏បានវាយបកទៅវិញដោយពាក្យសម្តី។ ចំណែកឯអ្នកដែលបង្កររឿង ក៏បានសងសឹកវិញ ដោយពាក្យប្រមាថបន្ថែមទៀត។ មិនយូរប៉ុន្មាន រឿងនេះក៏ផ្ទុះចេញជាកំហឹង និងពាក្យសម្ដីឃោរឃៅ ដែលធ្វើឲ្យខូចទំនាក់ទំនងតែម្ដង។
ព្រះគម្ពីរបានចែងថា “ពាក្យឥតបើគិត ដូចជាចាក់ដោយដាវ” ហើយ “ពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹង” ប៉ុន្តែ “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ”(សុភាសិត ១២:១៨; ១៥:១)។ ហើយពេលខ្លះ ការនៅស្ងៀមមិនតបតសោះ ជាមធ្យោបាយល្អបំផុត ដើម្បីឆ្លើយតបចំពោះសម្តីអាក្រក់ និងគំរោះគំរើយ។
មុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ពួកមេដឹកនាំសាសនាបានប្រើពាក្យសម្តីរបស់ខ្លួន ដើម្បីព្យាយាមនាំឲ្យទ្រង់ឈ្លោះជាមួយពួកគេ(ម៉ាថាយ ២៧:៤១-៤៣)។ ក៏ប៉ុន្តែ “កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ . . . គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ” (១ពេត្រុស ២:២៣)។
គំរូរបស់ព្រះយេស៊ូវ និងជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ អាចជួយឲ្យយើងមានរបៀបឆ្លើយតប ទៅកាន់មនុស្សដែលវាយប្រហារយើងដោយពាក្យសម្តី។ ពេលយើងបានទុកចិត្តព្រះហើយ នោះយើងមិនចាំបាច់ប្រើប្រាស់ពាក្យសម្ដីជាអាវុធឡើយ។-JENNIFER BENSON SCHULDT