មនុស្សគ្រប់គ្នាមានការប៉ះពាល់ចិត្តតាមបែបផ្សេងពីគ្នា ពេលពួកគេស្តាប់បទភ្លេងមួយបទ ក្នុងពេលតែមួយ។ អ្នកនិពន្ធបទភ្លេងស្ដាប់ឮបទដែលគាត់បានតែង តាមគំនិតស្រមើស្រម៉ៃរបស់គាត់។ ប្រិយមិត្តអ្នកស្តាប់បទភ្លេងរបស់គាត់ ក៏បានស្តាប់ដោយញ្ញាណ និងអារម្មណ៍របស់ពួកគេ។ ចំណែកឯតន្ត្រីកទាំងឡាយ ដែលកំពុងប្រគំបទនោះ នៅក្នុងវង់តន្រ្តី ស្ដាប់ឮបទភ្លេងនោះយ៉ាងច្បាស់បំផុត ចេញពីឧបករណ៍តន្រ្តីដែលនៅជិតខ្លួនបំផុត។
គ្រីស្ទបរិស័ទគ្រប់រូប គឺប្រៀបបាននឹងតន្រ្តីនៅក្នុងវង់តន្ត្រីរបស់ព្រះ។ ជាញឹកញាប់ យើងស្ដាប់ឮតែសម្លេងឧបករណ៍តន្រ្តីណាដែលនៅជិតយើងបំផុតប៉ុណ្ណោះ។ យើងមិនស្ដាប់ឮឧបករណ៍ភ្លេងទាំងអស់ ក្នុងពេលតែមួយ គឺមិនខុសពីលោកយ៉ូបដែលនិយាយ ទាំងការឈឺចាប់ថា “ឥឡូវនេះ ខ្ញុំបានត្រឡប់ទៅជាបទចំរៀងរបស់គេ ហើយជាពាក្យដែលគេពោលបង្អាប់” (យ៉ូប ៣០:៩)។
លោកយ៉ូបបានរំឭក អំពីកាលដែលពួកខ្សែរាជវង្ស និងពួកមន្ត្រីទាំងប៉ុន្មានបានគោរពដល់គាត់។ ជីវិតរបស់គាត់ធ្លាប់បានលាងជើងដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យគាត់ផងដែរ(យ៉ូប ២៩:៦)។ ប៉ុន្តែឥឡូវនេះ រូបគាត់បានត្រឡប់ជាផ្ទាំងស៊ីបនៃអ្នកចំអកឡកឡឺយទៅវិញ។ គាត់ក៏បានថ្លែងទំនួញថា “ហេតុនោះបានជាស៊ុងខ្ញុំបានត្រឡប់ជាសេចក្ដីសោកសៅ” (យ៉ូប ៣០:៣១)។ តែតន្រ្តីនៃជីវិតគាត់ មិនមែនមានសម្លេងតែប៉ុណ្ណឹងឡើយ។ គាត់គ្រាន់តែមិនបានស្ដាប់ឮបទភ្លេងឲ្យបានគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។
នៅថ្ងៃនេះ អ្នកប្រហែលអាចស្ដាប់ឮតែណោទភ្លេងកំសត់ៗ ចេញពីវីយូឡុងរបស់អ្នកប៉ុណ្ណោះ។ តែសូមកុំទាន់អស់សង្ឃឹមឡើយ។ សេចក្ដីលម្អិតគ្រប់យ៉ាងនៃជីវិតរបស់អ្នក សុទ្ធតែជាចំណែកមួយនៃការតែងនិពន្ធរបស់ព្រះ។ ឬអ្នកកំពុងតែស្ដាប់ឮសម្លែងខ្លុយដ៏រីករាយ។ សូមសរសើរដំកើងព្រះ សម្រាប់ការនោះ ហើយចែករំលែកសេចក្តីអំណរនោះ ជាមួយអ្នកឯទៀតផងចុះ។
បទភ្លេងដ៏ល្អឯកនៃការប្រោសលោះរបស់ព្រះ គឺជាសម្លេងតន្រ្តីដែលយើងកំពុងតែប្រគំ ហើយនៅទីបំផុត គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់បំពេញបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់។ ព្រះទ្រង់ជាអ្នកនិពន្ធបទភ្លេងនៃជីវិតរបស់យើង។ បទចំរៀងរបស់ទ្រង់គឺគ្រប់លក្ខណ៍ ដូច្នេះ យើងអាចទុកចិត្តចំពោះទ្រង់បាន។-KEILA OCHOA