មានបុរសម្នាក់ចេះតែខ្វល់ខ្វាយអំពីបញ្ហាគ្រប់យ៉ាង។ ថ្ងៃមួយ មិត្តភក្ដិរបស់គាត់បានឮគាត់ហួចយ៉ាងសប្បាយ ហើយមើលទៅគាត់ហាក់ដូចជាមានភាពល្ហែរល្ហើយ គួរឲ្យកត់សម្គាល់។ ពួកគេក៏បានសួរគាត់ ដោយការភ្ញាក់ផ្អើលថា “តើមានរឿងអ្វីកើតឡើងហ្នឹង?”
គាត់បានឆ្លើយថា “ខ្ញុំជួលមនុស្សម្នាក់ ឲ្យខ្វល់ខ្វាយជំនួសខ្ញុំហើយ។”
ពួកគេបានសួរទៀតថា “តើអ្នកបានជួលគាត់ ក្នុងតម្លៃប៉ុន្មាន?”
គាត់បានតបមកវិញថា “ពីរពាន់ដុល្លារក្នុងមួយសប្តាហ៍។”
ពួកគេបន្តសួរថា “ហើយ តើអ្នកមានលទ្ធភាពបង់ថ្លៃឈ្នួលឲ្យគាត់អត់?”
គាត់ក៏បានប្រាប់ពួកគេថា “ខ្ញុំគ្មានលទ្ធភាពរកលុយបង់ឲ្យគាត់ទេ ប៉ុន្តែ នេះហើយជាបញ្ហាដែលគាត់ត្រូវព្រួយបារម្ភនោះ”។
នៅក្នុងជីវិតពិត វិធីដ៏គួរឲ្យអស់សំណើចនេះ មិនអាចដោះស្រាយបញ្ហានៃការព្រួយបារម្ភបានទេ ប៉ុន្តែ ក្នុងនាមជាកូនព្រះ យើងអាចផ្ទេរអស់ទាំងការព្រួយបារម្ភរបស់យើង ដល់ព្រះនៃយើង ដែលទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង ជាពិសេស សូម្បីតែក្នុងពេលដែលយើងមានអារម្មណ៍ថា វាមិនអាចទៅរួចក៏ដោយ។
លោកហោរាអេសាយរំឭកយើងថា ព្រះទ្រង់នាំអស់ទាំងហ្វូងផ្កាយចេញមកតាមចំនួន ហើយទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ (អេសាយ ៤០:២៥-២៦)។ ដោយព្រោះ “ព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយដោយព្រោះតេជានុភាពដ៏ខ្លាំងក្លារបស់ទ្រង់” នោះគ្មានផ្កាយណាដែលទ្រង់មិនស្គាល់នោះឡើយ(ខ.២៦)។ ហើយដូចដែលព្រះអង្គស្គាល់អស់ទាំងផ្កាយតាមឈ្មោះរៀងរាល់តួ នោះទ្រង់ក៏ស្គាល់យើងរាល់គ្នា ផ្ទាល់ខ្លួនម្នាក់ៗផងដែរ។ យើងម្នាក់ៗសុទ្ធតែស្ថិតក្រោមការថែទាំដ៏ដិតដល់របស់ទ្រង់(ខ.២៧)។
ប្រសិនបើយើងចេះតែមានការព្រួយបារម្ភ នោះយើងអាចផ្ទេរអស់ទាំងសេចក្តីខ្វល់ខ្វាយនោះ ទៅលើព្រះអម្ចាស់បាន។ ព្រះអង្គមិនដែលល្វើយ ឬនឿយហត់ខ្លាំងពេក ដល់ថ្នាក់មិនចាប់អារម្មណ៍នឹងយើងនោះឡើយ។ ព្រះអង្គមានអស់ទាំងប្រាជ្ញា និងគ្រប់ទាំងព្រះចេស្ដា ហើយទ្រង់សព្វព្រះហឫទ័យប្រើប្រាស់ប្រាជ្ញា និងព្រះចេស្ដា ដើម្បីជួយដល់យើងជានិច្ច។ ព្រះដ៏បរិសុទ្ធនោះដែលបង្គាប់អស់ទាំងហ្វូងផ្កាយ ទ្រង់មានព្រះពាហុប្រកបដោយសេចក្តីស្រឡាញ់ឃុំគ្រងយើង។-POH FANG CHIA