ការតប្រព័ន្ធខ្សែភ្លើងអន់ពេក បានបណ្ដាលឲ្យមានអគ្គីភ័យឆេះផ្ទះខ្ញុំ ដែលទើបតែសង់ថ្មីអស់រលីង។ អណ្ដាតភ្លើងបានលេបត្របាក់ផ្ទះរបស់ខ្ញុំអស់ ក្នុងរយៈពេលប្រមាណជាមួយម៉ោងប៉ុណ្ណោះ ដោយគ្មានបន្សល់ទុកអ្វីសោះ ក្រៅពីកំទេចបាក់បែក។ មានពេលមួយទៀត ពេលក្រុមគ្រួសារខ្ញុំបានធ្វើដំណើរពីព្រះវិហារ ត្រឡប់មកផ្ទះវិញ នៅថ្ងៃអាទិត្យ ស្រាប់តែឃើញផ្ទះរបស់យើង ត្រូវចោរគាស់ចូល ហើយក៏បានលួចយកទ្រព្យសម្បត្តិយើងអស់មួយចំនួន។
នៅក្នុងពិភពលោកដែលមិនល្អឥតខ្ចោះនេះ ការបាត់បង់ទ្រព្យសម្បត្តិខាងសាច់ឈាម បានកើតមានឡើងជាធម្មតាទៅហើយ ឧទាហរណ៍ យានយន្តត្រូវគេលួច ឬខូចខាត, កប៉ាល់បានលិច, អគារដួលរំលំ, ផ្ទះសម្បែងត្រូវទឹកជំនន់លិច និងរបស់ទ្រព្យផ្ទាល់ខ្លួនត្រូវចោរលួចប្លន់ជាដើម។ ហេតុនេះហើយបានជា ព្រះយេស៊ូវបានទូន្មានកុំឲ្យយើងទុកចិត្តលើទ្រព្យសម្បត្តិនៅផែនដី(ម៉ាថាយ ៦:១៩)។
ព្រះយេស៊ូវបានមានបន្ទូល អំពីរឿងប្រៀបប្រដូចថា មានបុរសម្នាក់បានគណនាឃើញថា ខ្លួនមានទ្រព្យសម្បត្តិជាបរិបូរ រួចក៏បានសម្រេចចិត្តបង្គរទុករបស់ទ្រព្យទាំងប៉ុន្មាន សម្រាប់ខ្លួនឯងដេកស៊ីសប្បាយ(លូកា ១២:១៦-២១)។ អ្នកនោះបានប្រាប់ខ្លួនឯងថា “ចូរសម្រាកឲ្យបានស្រួល ហើយស៊ីផឹកសប្បាយចុះ” (ខ.១៩)។ ប៉ុន្តែ នៅយប់នោះឯង គាត់បានបាត់បង់គ្រប់យ៉ាង រួមទាំងជីវិតរបស់គាត់ដែរ។ សរុបសេចក្តីមក ព្រះយេស៊ូវក៏មានបន្ទូលថា “អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ” (ខ.២១)។
ទ្រព្យសម្បត្តិនៅលោកិយនេះ គឺសម្រាប់ឲ្យមនុស្សប្រើជាបណ្តោះអាសន្នប៉ុណ្ណោះ។ គ្មានអ្វីដែលនៅស្ថិតស្ថេរជារហូតនោះឡើយ គឺមានតែកិច្ចការអ្វីដែលព្រះទ្រង់ឲ្យយើងធ្វើសម្រាប់អ្នកដទៃប៉ុណ្ណោះ ដែលនឹងនាំមកនូវលទ្ធផលដ៏ស្ថិតស្ថេរអស់កល្បជានិច្ច។ យើងអាចសន្សំទ្រព្យសម្បត្តិទុកនៅនគរស្ថានសួគ៌ តាមមធ្យោបាយជាច្រើន ដែលមានដូចជា ការលះបង់ពេលវេលា និងធនធាន ដើម្បីផ្សាយដំណឹងល្អ ការទៅសួរសុខទុក្ខអ្នកដែលកំពុងតែនៅឯកោ ព្រមទាំងជួយដល់អស់អ្នកដែលខ្វះខាតជាដើម(ម៉ាថាយ ៦:២០)។-LAWRENCE DARMANI