មានពេលមួយ ព្រះវិហាររបស់ខ្ញុំ បានធ្វើកម្មវិធីឈោងចាប់ទ្រង់ទ្រាយធំ ក្នុងគោលដៅផ្សាយដំណឹងល្អឲ្យបានឮសុះសាយក្នុងទីក្រុង។ ក្រុមការងាររបស់យើងដែលបានរៀបចំ និងដឹកនាំព្រឹត្តិការណ៍ឈោងចាប់នោះ រួមមាន ក្រុមតន្រ្តីយុវជនរបស់យើង ក្រុមប្រឹក្សាយោបល់ផ្លូវចិត្ត និងអ្នកដឹកនាំព្រះវិហារ។ នៅចុងបញ្ចប់នៃកម្មវិធី ពេលដែលពួកគេឡើងមកឈរតម្រៀបគ្នា នៅលើឆាក យើងក៏បានទះដៃអបអរសាទរពួកគេ ដោយចិត្តរំភើបរីករាយ និងថ្លែងអំណរគុណពួកគេ សម្រាប់ការប្រឹងប្រែងធ្វើការ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងក្រុមការងារនោះ មានបុរសម្នាក់ ដែលមិនសូវមានគេកត់សម្គាល់ប៉ុន្មានទេ ប៉ុន្តែអ្នកនោះគឺជាប្រធានក្រុម។ នៅពេលខ្ញុំបានឃើញគាត់ ប្រហែលជាពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានអរគុណ និងអបអរសាទរគាត់ សម្រាប់ការងាររបស់គាត់ ហើយខ្ញុំក៏បានប្រាប់គាត់ថា “យើងមិនសូវឃើញអ្នកសោះ ក្នុងអំឡុងពេលកម្មវិធី កំពុងដំណើរការ។”
គាត់ក៏បានឆ្លើយថា “ខ្ញុំចូលចិត្តធ្វើការនៅពីក្រោយឆាក”។ គាត់មិនខ្វល់ពីការស្វែងរកមុខមាត់ សម្រាប់ខ្លួនឯងឡើយ ទោះគាត់បានខិតខំធ្វើការច្រើនប៉ុណ្ណាក៏ដោយ។ គាត់ចង់ឲ្យអ្នកផ្សេងបានទទួលការសរសើរ សម្រាប់កិច្ចការដែលពួកគេបានខិតខំធ្វើ។
ភាពស្ងាត់ស្ងៀមរបស់គាត់ បានបង្រៀនខ្ញុំជាច្រើន។ ការនេះបានរំឭកខ្ញុំថា ពេលខ្ញុំកំពុងធ្វើការបម្រើព្រះអម្ចាស់ នោះខ្ញុំមិនត្រូវស្វែងរកមុខមាត់ ឬចង់ឲ្យគេទទួលស្គាល់នោះឡើយ។ ខ្ញុំនៅតែអាចថ្វាយព្រះកិត្តិនាមដល់ព្រះ ទោះគេសរសើរខ្ញុំដោយបើកចំហរ ឬមិនសរសើរក៏ដោយ។ ចិត្តដែលយកព្រះគ្រីស្ទជាទីមួយ អាចទប់ស្កាត់កុំឲ្យមានការច្រណែនខុសទំនង ឬការប្រកួតប្រជែងដែលគ្មានប្រយោជន៍។
ព្រះយេស៊ូវដែល “ខ្ពស់លើសទាំងអស់” (យ៉ូហាន ៣:៣១) “ទ្រង់ត្រូវចំរើនឡើង ហើយខ្ញុំត្រូវបន្ទាបចុះវិញ” (ខ.៣០)។ នៅពេលយើងមានអាកប្បកិរិយាបែបនេះ យើងនឹងស្វែងរកការរីកចម្រើន សម្រាប់ការងាររបស់ព្រះ គឺមិនមែនដើម្បីលើកដំកើងខ្លួនឯងឡើយ។ គ្រប់ការទាំងអស់ដែលយើងធ្វើ នោះយើងគួរតែផ្ដោតជាសំខាន់ ទៅលើព្រះគ្រីស្ទ មិនមែនផ្តោតទៅលើខ្លួនឯងនោះឡើយ។-LAWRENCE DARMANI