កាល​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី​២ កង​ទ័ព​របស់​ប្រទេស​ផាំង​ឡង់​មាន​គ្នា​តិច មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទេ តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​ប្រែ​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ជាញ​ជ័យ​ មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ។ មាន​ពេល​មួយ  សហ​ភាព​សូវៀត​បាន​លើក​ទ័ព ដែល​មាន​រថ​ក្រោះ​រាប់​រយ​គ្រឿង និង​កង​ទ័ព​ថ្មើរ​ជើង​រាប់​ពាន់​នាក់ ចូល​មក​វាយ​សម្រុក​មក​លើ​កង​ទ័ព​របស់​ប្រទេស​ផាំង​ឡង់ ដែល​មាន​គ្នា​តិច​តួច។ នៅ​ពេល​នោះ មាន​វីរបុរស​ផាំង​ឡង់​ម្នាក់ បាន​សង្កេត​មើល​កង​ទ័ព​សត្រូវ​ដែល​កំពុង​លើក​គ្នា​ចូល​មក​កាប់​សម្លាប់​កង​ទ័ព​របស់​គាត់ ហើយ​គាត់​ក៏​បាន​រក​ឃើញ​វិធី​យក​ជ័យ​ជម្នះ​លើ​សត្រូវ​។ កង​ទ័ព​សូវៀត​ក៏​បាន​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់។ ប្រហែល​ជា ២៦០០​ឆ្នាំ​មុន​ពេល​ដែល​ប្រទេស​ផាំង​ឡង់​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​ល្បី​ល្បាញ​ក្នុង​ការ​ប្រយុទ្ធ ក្នុង​សង្រ្គាម​លោក​លើកទី២ មាន​ជន​ជាតិ​យូដា​ម្នាក់ ដែល​មាន​ចិត្ត​ឆេះ​ឆួល បាន​ឆ្លើយ​តប​ចំពោះ​ស្ថាន​ភាព​ទាល់​ច្រក​របស់​សាសន៍​គាត់ ដោយ​ប្រើ​ដំណោះ​ស្រាយ ខុស​ពី​វីរបុរស​របស់​ជន​ជាតិ​ផាំង​ឡង់។ កង​ទ័ព​របស់​ចក្រ​ភព​អាសស៊ើរ​បាន​ឡោម​ព័ទ្ធ​ប្រជា​ជន​ នៅ​ក្នុង​កំផែងក្រុង​យេរូសា​ឡិម ធ្វើ​ឲ្យពួក​គេ​ជួប​ភាព​អស់​សង្ឃឹម ដោយ​ការ​ភ័យ​ខ្លាច​ដាច់​ពោះ​ស្លាប់ នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​នោះ។

ពេល​នោះ ស្តេច​ហេសេគា​ស្ទើរ​តែ​ភ័យ​ស្លន់​ស្លោ តែ​ទ្រង់​បាន​អធិស្ឋាន​ថា​ “ឱ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​គង់​ពី​លើ​ចេរូប៊ីន​អើយ គឺ​ទ្រង់​តែ​១​ព្រះអង្គ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី ទ្រង់​បាន​បង្កបង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(អេសាយ ៣៧:១៦)។ ពេល​នោះ ព្រះ​អម្ចាស់​ក៏​បាន​ឆ្លើយ​តប​ តាម​រយៈ​ហោរា​អេសាយ ដោយ​ពាក្យ​ខ្លាំង​ៗ ដល់​ស្តេច​សានហេរីប​ថា “តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ​តើ”(ខ.២៣)។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​កម្សាន្ត​ចិត្ត​ប្រជា​ជន​នៅ​ក្រុង​យេរូសាឡិមថា “ដ្បិត​អញ​នឹង​ការពារ​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ផង”(ខ.៣៥)។ ព្រះ​អម្ចាស់​បាន​វាយ​ឈ្នះ​ស្តេច​សាន​ហេរីប ហើយ​បំផ្លាញ​កង​ទ័ព​សាសន៍​អាសស៊ើរ​(ខ.៣៦-៣៨)។

ទោះ​ជា​មាន​គ្រោះ​ថ្នាក់​អ្វី​ក៏​ដោយ កំពុង​សំដៅ​មក​រក​យើង​ពី​ចម្ងាយ ក៏​ព្រះ​នៃ​ស្តេច​ហេសេគា និង​ហោរា​អេសាយ នៅ​តែ​គ្រង​រាជ​ដោយ​ជ័យ​ជម្នះ​ជា​និច្ច។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ស្តាប់​យើង​អធិស្ឋាន​ទូល​អង្វរ ហើយ​ទ្រង់​នឹង​បង្ហាញ​អំណាច​ព្រះ​ចេស្តា​ទ្រង់។-Tim Gustafson