នៅ​បញ្ជរ​ត្រួត​ពិនិត្យ​របស់​អាកាស​ចរណ៍ កេនយ៉ា អ៊ែរវេយ ខ្ញុំ​បាន​បង្ហាញ​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ ដើម្បី​ឲ្យ​គេ​ផ្ទៀង​ផ្ទាត់។ ភ្នាក់​ងារ​អាកាស​ចរណ៍​ក៏​បាន​ឆែក​រក​មើល​ឈ្មោះ​ខ្ញុំ ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​របស់​ពួក​គេ ស្រាប់​តែ​​បាត់​មិន​ឃើញ​ឈ្មោះ​ខ្ញុំ​។ តើ​មក​ពី​ហេតុ​អ្វី?  គឺ​មក​ពី​មាន​ការ​កក់​សំបុត្រ​ច្រើន​​លើស​ចំនួន​កៅអី  ហើយ​ខ្វះ​ការ​បញ្ជាក់​ពី​អ្នក​ដំណើរ។ ពី​ដំបូង​ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ នៅ​ថ្ងៃ​នោះ។ តែ​ក្តី​សង្ឃឹម​នោះ​បាន​រលាយ​អស់។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បើក​បញ្ជី​ឈ្មោះ​មួយ​បែប​ទៀត ដែល​ព្រះ​គម្ពីរ​បាន​ហៅ​ថា  បញ្ជី​ជីវិត។ ក្នុង​បទ​គម្ពីរ លូកា ជំពូក១០ ព្រះ​យេស៊ូវ​បាន​ចាត់​ពួក​សិស្ស​ទ្រង់ ឲ្យ​ចេញ​ទៅ​បំពេញ​បេសក​កម្ម​ផ្សាយ​ដំណឹង​ល្អ។ ពេល​ពួក​គេ​ត្រឡប់​មក​វិញ ពួក​គេ​បាន​រាយ​ការណ៍​ថ្វាយ​ទ្រង់ ដោយ​អំណរ អំពី​ជោគ​ជ័យ​របស់​ពួក​គេ។ តែ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា “​កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថានសួគ៌​វិញ”(ខ.២០)។ យើង​គួរ​មាន​អំណរ មិន​គ្រាន់​តែ​ដោយ​សារ​យើង​មាន​ជោគ​ជ័យ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយ​សារ​យើង​ដឹង​ថា ឈ្មោះ​យើង​បាន​កត់​ទុក​ក្នុង​បញ្ជី​ឈ្មោះ​របស់​ព្រះ។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដឹង​ច្បាស់​ថា យើង​ពិត​ជា​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់​មែន? ព្រះ​បន្ទូល​ព្រះ​បាន​ប្រាប់​យើង​ថា “បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត”(រ៉ូម ១០:៩)។

ក្នុង​បទ​គម្ពីរ​វិវរណៈ ជំពូក ២១ លោក​យ៉ូហាន​បាន​ធ្វើ​ការ​ពិពណ៌​នា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​ទីក្រុង​បរិ​សុទ្ធ ដែល​រង់​ចាំ​អ្នក​ដែល​ជឿ​ព្រះ​គ្រីស្ទ។ បន្ទាប់​មក គាត់​ក៏​បាន​សរសេរ​ថា “ក៏​គ្មាន​អ្វី​ស្មោកគ្រោក ឬ​អ្នក​ណា​ដែល​ប្រព្រឹត្ត​បែប​គួរ​ខ្ពើម ឬ​សេចក្តី​កំភូត​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​ឡើយ ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ”(ខ.២៧)។

បញ្ជី​ជីវិត​ជា​បញ្ជី​ឈ្មោះ​ដែល​សំខាន់​បំផុត ដែល​ព្រះ​បាន​កត់​ត្រា​នៅ​នគរ​ស្ថាន​សួគ៌។ តើ​អ្នក​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​ហើយ​ឬ​នៅ?-Lawrence Darmani