យោងតាមអត្ថបទសារពត៌មាន ញូ យ៉ក ថែម(New York Times) ជាញឹកញាប់ ក្មេងៗនៅបណ្តាប្រទេសអាហ្វ្រិកជាច្រើន ត្រូវបានគេដាក់ឈ្មោះឲ្យ តាមលំនាំឈ្មោះរបស់ភ្ញៀវដ៏ល្បីល្បាញដែលមកទស្សនៈកិច្ចនៅប្រទេសគេ ឬតាមព្រឹត្តិការណ៍ពិសេសណាមួយ ឬមួយតាមកាលៈទេសៈដែលមានន័យចំពោះឪពុកម្តាយរបស់ពួកគេ។ គ្រួសារមួយមានកូនតូចមួយដែលមានជម្ងឺជាទម្ងន់។ គ្រូពេទ្យក៏បានប្រាប់ឪពុកម្តាយក្មេងនោះថា ពួកគេមិនអាចព្យាបាលជម្ងឺទារកនោះបានទេ ហើយមានតែព្រះទេដែលជ្រាបថា វានឹងរស់ឬអត់ ពេលនោះឪពុកម្តាយក្មេងក៏បានដាក់ឈ្មោះវាថា ហ្កតណូ(Godknows) ដែលប្រែមកថា ព្រះទ្រង់ជ្រាប។ មានបុរសម្នាក់ទៀតបានប្រាប់ថា គាត់ឈ្មោះគ្រប់គ្រាន់ ព្រោះម្តាយរបស់គាត់មានកូនដល់ទៅ១៣នាក់ ហើយគាត់ជាកូនចុងក្រោយ។ ភាគច្រើនគេដាក់ឈ្មោះ ដោយសារមូលហេតុផ្សេងៗ ហើយក្នុងករណីខ្លះ ឈ្មោះនោះមានបង្កប់អត្ថន័យពិសេស។
មុនពេលព្រះយេស៊ូវប្រសូត្រ មានទេវតានៃព្រះអម្ចាស់ មួយអង្គបានមកប្រាប់លោកយ៉ូសែបថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា«យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះ រាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ ព្រះនាមព្រះយេស៊ូវ មានន័យថា “ព្រះអម្ចាស់សង្រ្គោះ”។ នៅសម័យព្រះយេស៊ូវបានប្រសូត្រ ក្នុងវប្បធម៌ជនជាតិយូដា ប្រហែលជាមានក្មេងប្រុសជាច្រើនដែលឪពុកម្តាយដាក់ឈ្មោះ “យេស៊ូវ” តែមានតែបុត្រតូចមួយអង្គប៉ុណ្ណោះ ដែលបានយាងមកប្រសូត្រក្នុងលោកិយនេះ ហើយបានសុគត ដើម្បីឲ្យអ្នកដែលទទួលជឿទ្រង់ មានជីវិតអស់កល្បជានិច្ច បានទទួលការអត់ទោសបាប ហើយរួចពីអំណាចនៃអំពើបាប។
ពេលជិតដល់ថ្ងៃបុណ្យណូអែល នៅអាមេរិក គេច្រើនតែច្រៀងទំនុកបរិសុទ្ធ ដែលលោកឆាល វេសលី(Charles Wesley) បាននិពន្ធ ដែលមានខ្លឹមសារដូចនេះថា “សូមទ្រង់យាងមក ឱព្រះយេស៊ូវ យើងខ្ញុំបានរង់ចាំទ្រង់។ ទ្រង់បានប្រសូត្រដើម្បីរំដោះរាស្រ្តទ្រង់ ឲ្យមានសេរីភាពរួចពី ការភ័យខ្លាច និងអំពើបាប សូមរំដោះយើងខ្ញុំ សូមឲ្យយើងខ្ញុំរកឃើញការសម្រាកក្នុងទ្រង់”។
ព្រះយេស៊ូវបានយាងមក ដើម្បីនាំយើងចេញពីភាពងងឹត ចូលទៅក្នុងពន្លឺ ដើម្បីកែប្រែភាពអស់សង្ឃឹម ឲ្យក្លាយជាមានសង្ឃឹមវិញ ហើយដើម្បីសង្រ្គោះយើងឲ្យរួចពីបាប។-David McCasland