យោង​តាម​អត្ថ​បទ​សារពត៌​មាន ញូ យ៉ក ថែម(New York Times) ជា​ញឹក​ញាប់ ក្មេង​ៗ​នៅ​បណ្តា​ប្រទេស​អាហ្វ្រិក​ជា​ច្រើន ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ តាម​លំនាំ​ឈ្មោះ​របស់​ភ្ញៀវ​ដ៏​ល្បី​ល្បាញ​ដែល​មក​ទស្សនៈ​កិច្ច​នៅ​ប្រទេស​គេ ឬ​តាម​ព្រឹត្តិ​ការណ៍​ពិសេស​ណា​មួយ ឬ​មួយ​តាម​កាលៈ​ទេសៈដែល​មាន​ន័យ​ចំពោះ​ឪពុក​ម្តាយ​របស់​ពួក​គេ។ គ្រួសារ​មួយ​មាន​កូន​តូច​មួយ​ដែល​មាន​ជម្ងឺ​ជា​ទម្ងន់។ គ្រូ​ពេទ្យ​ក៏​បាន​ប្រាប់​ឪពុក​ម្តាយ​ក្មេងនោះ​​ថា ពួក​គេ​មិន​អាច​ព្យា​បាល​ជម្ងឺ​ទារក​នោះ​បាន​ទេ ហើយ​មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​ថា វា​នឹង​រស់​ឬ​អត់ ពេល​នោះ​ឪពុក​ម្តាយ​ក្មេង​ក៏​បាន​ដាក់​ឈ្មោះ​វា​ថា ហ្កតណូ(Godknows) ដែល​ប្រែ​មក​ថា ព្រះ​ទ្រង់​ជ្រាប។ មាន​បុរស​ម្នាក់​ទៀត​បាន​ប្រាប់​ថា គាត់​ឈ្មោះ​គ្រប់​គ្រាន់ ព្រោះ​ម្តាយ​របស់​គាត់​មាន​កូន​ដល់​ទៅ​១៣​នាក់ ហើយ​គាត់​ជា​កូន​ចុង​ក្រោយ។ ភាគ​ច្រើន​គេ​ដាក់​ឈ្មោះ ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ​​ ហើយ​ក្នុង​ករណី​ខ្លះ ឈ្មោះ​នោះ​មាន​បង្កប់​អត្ថ​ន័យ​ពិសេស។

មុន​ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ មាន​ទេវ​តា​នៃ​ព្រះ​អម្ចាស់ មួយ​អង្គ​បាន​មក​ប្រាប់​លោក​យ៉ូសែប​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា«យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ ព្រះ​នាម​ព្រះ​យេស៊ូវ មាន​ន័យ​ថា “ព្រះ​អម្ចាស់សង្រ្គោះ”។​ នៅ​សម័យ​ព្រះ​យេស៊ូវ​បាន​ប្រសូត្រ ក្នុង​វប្ប​ធម៌​ជន​ជាតិ​យូដា ប្រហែល​ជា​មាន​ក្មេង​ប្រុស​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​ដាក់​ឈ្មោះ “យេស៊ូវ” តែ​មាន​តែ​បុត្រ​តូច​មួយ​អង្គ​ប៉ុណ្ណោះ ដែល​បាន​យាង​មក​ប្រសូត្រ​ក្នុង​លោកិយ​នេះ ហើយ​បាន​សុគត ដើម្បី​ឲ្យ​អ្នក​ដែល​ទទួល​ជឿ​ទ្រង់ មាន​ជីវិត​អស់​កល្ប​ជា​និច្ច បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​រួច​ពី​អំណាច​នៃ​អំពើ​បាប។

ពេល​ជិត​ដល់​ថ្ងៃ​បុណ្យ​ណូអែល នៅ​អាមេរិក គេ​ច្រើន​តែ​ច្រៀង​ទំនុក​បរិសុទ្ធ ដែល​លោក​ឆាល វេសលី(Charles Wesley) បាន​និពន្ធ ដែល​មាន​ខ្លឹម​សារ​ដូច​នេះ​ថា “សូម​ទ្រង់​យាង​មក ឱ​ព្រះ​យេស៊ូវ យើង​ខ្ញុំ​បាន​រង់​ចាំ​ទ្រង់។ ទ្រង់​បាន​ប្រសូត្រ​ដើម្បី​រំដោះ​រាស្រ្ត​ទ្រង់ ឲ្យ​មាន​សេរីភាព​រួច​ពី ​ការ​ភ័យ​ខ្លាច និង​អំពើ​បាប សូម​រំដោះ​យើង​ខ្ញុំ សូម​ឲ្យ​យើង​ខ្ញុំ​រក​ឃើញ​ការ​សម្រាក​ក្នុង​ទ្រង់”។

ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​នាំ​យើង​ចេញ​ពី​ភាព​ងងឹត ចូល​ទៅ​ក្នុង​ពន្លឺ ដើម្បី​កែ​ប្រែ​ភាព​អស់​សង្ឃឹម ឲ្យ​ក្លាយ​ជា​មាន​សង្ឃឹម​វិញ ហើយ​ដើម្បី​សង្រ្គោះ​យើង​ឲ្យ​រួច​ពីបាប​។-David McCasland