លោក​អាប៉ូឡាពី (A-poe-la-pi) ជា​សមាជិក​ពួក​ចាស់​ទុំ នៃ​កុល​សម្ព័ន្ធ​អាខា ដែល​រស់​នៅ​តំបន់​ជួរភ្នំ នៃ​ខេត្ត​យូណាន ប្រទេស​ចិន។ ពេល​យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ​ក្នុង​ដំណើរ​បេសក​កម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ គាត់​បាន​ប្រាប់​យើង​ថា ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គាត់​នឹក​កាល​យើង​រៀន​ព្រះ​គម្ពីរ​ប្រចាំ​សប្តាហ៍​ជា​មួយ​គ្នា។ ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​យើង ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ​ដល់​គាត់​ទៀត។ លោក​អាប៉ូឡាពី មិន​ចេះ​អក្សរ​ទេ ដូច​នេះ ការ​ជួប​ប្រជុំ​រៀន​ព្រះ​គម្ពីរ​ប្រចាំ​សប្តាហ៍ មាន​សារៈ​សំខាន់​ចំពោះ​គាត់​ណាស់។ ពេល​យើង​អាន​ព្រះ​គម្ពីរ​ឲ្យ​គាត់​ស្តាប់​ គាត់​បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ភាព​ឆេះ​ឆួល​របស់​គាត់ បាន​រំឭក​ខ្ញុំ​ថា ពេល​យើង​ស្តាប់​រឿង​ក្នុង​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ គឺ​មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​ការ​គោរព​ចំពោះ​ទ្រង់។

ក្នុង​បទ​គម្ពីរ​ចោទិយក​ថា ជំពូក​៤ លោក​ម៉ូសេ​បាន​ជំរុញ​ពួក​អ៊ីស្រាអែល ឲ្យ​ប្រុង​ត្រចៀក​ស្តាប់ យ៉ាង​ប្រុង​ប្រយ័ត្ន ចំពោះ​ច្បាប់ និង​បញ្ញត្តិ ដែល​ទ្រង់​បាន​បង្រៀន​ពួក​គេ​(ខ.១)។ គាត់​បាន​រំឭក​ពួក​គេថា ប្រភព និង​ការ​បណ្តាល​ចិត្ត នៃ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ គឺ​សុទ្ធ​តែ​មក​ពី​ព្រះ ដែល​បាន​មាន​បន្ទូល​មក​កាន់​ពួក​គេ ដោយ “ភ្លើង” ​នៅ​ភ្នំ​ស៊ីណៃ(ខ.១២)។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា “ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ដល់​ឯង​រាល់​គ្នា​ពី​សេចក្តី​សញ្ញា​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រឹត្យ​ទាំង​នោះ ចុះ​ទៅ​បន្ទះ​ថ្ម​២​ផ្ទាំង”(ខ.១៣)។

សូម​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ឲ្យ​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្តាប់​ព្រះ​បន្ទូល​ព្រះ បន្ទាប់​ពី​យើង​បាន​ស្តាប់​ទី​បន្ទាល់​របស់​លោក​អាប៉ូឡាពី។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រំឭក​យើង ក្នុង​បទ​គម្ពីរ ​២ធីម៉ូថេ ៣:១៥-១៦ ថា បទ​គម្ពីរ​ដែល​ព្រះ​បាន​បណ្តាល​ឲ្យ​គេ​និពន្ធ ត្រូវ​បាន​ទ្រង់​ប្រទាន​មក​សម្រាប់​ជា​ប្រយោជន៍ និង​ការ​លូត​លាស់​របស់​យើង ពោល​គឺ​ដើម្បី​ឲ្យ​យើង​មាន​ប្រាជ្ញា នៅ​ក្នុង​សេចក្តី​សង្រ្គោះ និង​ផ្លូវ​របស់​ព្រះ។-Poh Fang Chia