នៅសហរដ្ឋអាមេរិក រដូវកាលនៃបុណ្យណូអែល ជាពេលប្រចំាឆ្នាំ ដែលគ្រីស្ទបរិស័ទខ្លះ អាចទទួលរងសំពាធ ឲ្យរស់នៅឲ្យបានល្អឥតខ្ចោះ។ គេស្រម៉ៃថា គេនឹងប្រារព្ធធ្វើបុណ្យណូអែល ឲ្យបានល្អឥតខ្ចោះ ហើយបន្ទាប់មក គេក៏ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើឲ្យក្តីស្រមៃនេះក្លាយជាការពិត។ គេក៏ដើរទិញអំណោយឲ្យបានល្អឥតខ្ចោះ សម្រាប់មនុស្សជាទីស្រឡាញ់។ គេក៏បានធ្វើគម្រោងរៀបចំអាហារដ៏ល្អឥតខ្ចោះ សម្រាប់ថ្ងៃបុណ្យណូអែល។ គេជ្រើសរើសកាតប៉ូស្តាល់ដ៏ល្អឥតខ្ចោះ ឬសរសេរសំបុត្រដ៏ល្អឥតខ្ចោះផ្ញើរទៅក្រុមគ្រួសារ។ ប៉ុន្តែ ការខិតខំខ្លាំងពេក ធ្វើឲ្យយើងមានការបាក់ទឹកចិត្ត និងការខកចិត្ត ពេលដែលយើងស្រមៃចង់ឲ្យបានល្អឥតខ្ចោះ ហួសពីលទ្ធភាពដែលយើងអាចធ្វើ។ ឧទាហរណ៍ ជួនកាល អំណោយដែលបានជ្រើសរើសយ៉ាងសម្រិតសម្រាំង បានទទួលមកវិញនូវពាក្យអរគុណ មិនស្មោះអស់ពីចិត្ត។ អាហារចម្អិនមិនបានល្អនៅត្រង់ផ្នែកខ្លះ។ បន្ទាប់ពីបានផ្ញើកាតទៅហើយ យើងក៏បានដឹងថា យើងបានសរសេរខុសនៅត្រង់ចំណុចខ្លះ។ ក្មេងៗឈ្លោះគ្នាដណ្តើមប្រដាប់ក្មេងលេងដែលគេបានឲ្យជាអំណោយ។ មនុស្សធំក៏យករឿងចាស់មកឈ្លោះគ្នាទៀត។
ទោះជាយ៉ាងណាក៏ដោយ យើងមិនគួរមានការបាក់ទឹកចិត្តទេ ផ្ទុយទៅវិញ យើងគួរប្រើការខកចិត្ត ដើម្បីរំឭកខ្លួនឯង អំពីមូលហេតុដែលយើងបា្ររព្ធធ្វើពិធីបុណ្យណូអែលវិញ ព្រោះការនេះមានសារៈសំខាន់ណាស់។ យើងត្រូវការពិធីបុណ្យណូអែល ព្រោះគ្មាននរណាម្នាក់ អាចធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្លួនប៉ងប្រាថ្នា ក្នុងរយៈពេលមួយខែ មួយសប្តាហ៍ ឬសូម្បីតែមួយថ្ងៃក៏ដោយ។ តើយើងនឹងអាចប្រារព្ធអបអរព្រះរាជកំណើតព្រះគ្រីស្ទ ឲ្យមានន័យប៉ុណ្ណា បើសិនជាយើងលះបង់ទ្រឹស្តីនៃការខំធ្វើអ្វីៗឲ្យល្អឥតខ្ចោះ ហើយងាកមកផ្តោតទៅលើភាពល្អឥតខ្ចោះនៃព្រះសង្រ្គោះវិញ ដែលនៅក្នុងទ្រង់ យើងបានរាប់ជាសុចរិត(រ៉ូម ៣:២២)។
បើការប្រារព្ធពិធីបុណ្យណូអែលរបស់អ្នក នៅឆ្នាំនេះ មិនបានល្អដូចការរំពឹងគិតរបស់អ្នកទេ នោះចូរសម្រួលអារម្មណ៍ ហើយទុកបទពិសោធន៍មួយនេះ សម្រាប់ជាការរំឭកថា វិធីតែមួយ ដើម្បី “ឲ្យមានភាពល្អឥតខ្ចោះជារៀងរហូត”(ហេព្រើ ១០:១៤) គឺត្រូវរស់នៅ ដោយជំនឿ ក្នុងសេចក្តីសុចរិតនៃព្រះគ្រីស្ទ។-Julie Ackerman Link