លោកឆាលស៍ ឌីកឃិន(Charles Dickens) បាននិពន្ធរឿង ដែលមានចំណងជើងថា បទចម្រៀងណូអែល ដែលនិយាយ អំពីអាថ៌កំបាំងរបស់លោកអេបេនេហ្សឺ ស្រ្គូជ(Ebenezer Scrooge)។ ហេតុអ្វីតួអង្គម្នាក់នេះ ជាមនុស្សចិត្តអាក្រក់ម្ល៉េះ? តើហេតុអ្វីបានជាគាត់ក្លាយជាមនុស្សអាត្មានិយម? បន្ទាប់មក បន្តិចម្តងៗ ពេលដែលអត្ថន័យនៃបុណ្យណូអែល បានជ្រួតជ្រាបក្នុងចិត្តគាត់។ មានឥទ្ធិពលម្យ៉ាង ដែលបានធ្វើឲ្យគាត់ប្រែក្លាយពីយុវជនដែលមានសុភមង្គល ទៅជាមនុស្សអាត្មានិយម ដែលគ្មានអំណរ ក្នុងជីវិត។ គាត់មានភាពឯកកោ និងខូចចិត្ត។ តែបន្ទាប់ពី អាថ៌កំបាំងរបស់គាត់ ត្រូវបានទំលាយហើយ គាត់ក៏បានរកឃើញផ្លូវទៅរកការស្អាងឡើងវិញ។ គាត់ប្រែជាចេះខ្វល់ពីអ្នកដទៃ ហើយការនេះក៏បាននាំគាត់ចេញពីភាពងងឹត ចូលទៅក្នុងជីវិតដែលមានក្តីអំណរជាថ្មី។
មានរឿងអាថ៌កំបាំងមួយ ដែលសំខាន់ជាងនេះទៀត ហើយក៏ពិបាកពន្យល់ជាងរឿងខាងលើផង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ក្នុងបទគម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដ៏ទៃ មានគេជឿដល់ទ្រង់ក្នុងលោកិយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ”។ រឿងនេះពិតជាអស្ចារ្យណាស់! ព្រះទ្រង់ “បានលេចមកក្នុងសាច់ឈាម”។
យ៉ាងណាមិញ អាថ៌កំបាំងនៃបុណ្យណូអែល គឺជាការដែលព្រះអាចយកកំណើតជាមនុស្ស តែនៅតែរក្សាភាពជាព្រះទាំងស្រុងដដែល។ មនុស្សមិនអាចបកស្រាយអំពីអាថ៌កំបាំងនេះបានទេ តែក្នុងប្រាជ្ញាដ៏ល្អឥតខ្ចោះរបស់ព្រះ នេះជាផែនការដែលទ្រង់បានរៀបចំតាំងពីមុនកំណើតលោកិយ។
តើបុត្រតូចនោះជានរណា? ទ្រង់ជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដែលបានបង្ហាញព្រះអង្គទ្រង់ នៅក្នុងសាច់ឈាមជាមនុស្ស។-Bill Crowder