លោក​ឆាលស៍ ឌីកឃិន(Charles Dickens) បាន​និពន្ធ​រឿង ដែល​មាន​ចំណង​ជើង​ថា​ បទចម្រៀង​ណូអែល ដែល​និយាយ អំពី​អាថ៌​កំបាំង​របស់​លោក​អេបេនេហ្សឺ ស្រ្គូជ(Ebenezer Scrooge)។ ហេតុ​អ្វី​តួ​អង្គ​ម្នាក់​នេះ ជា​មនុស្ស​ចិត្តអាក្រក់​ម្ល៉េះ? តើ​ហេតុ​អ្វី​បាន​ជាគាត់​ក្លាយ​ជា​មនុស្ស​អាត្មា​និយម? បន្ទាប់​មក បន្តិច​ម្តង​ៗ ពេល​ដែល​អត្ថ​ន័យ​នៃ​បុណ្យ​ណូអែល បាន​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​គាត់។​ មាន​ឥទ្ធិ​ពល​ម្យ៉ាង ដែល​បាន​ធ្វើ​ឲ្យ​គាត់​ប្រែ​ក្លាយ​ពី​យុវ​ជន​ដែល​មាន​សុភ​មង្គល ទៅ​ជា​មនុស្ស​អាត្មា​និយម ដែល​គ្មាន​អំណរ ក្នុង​ជីវិត។ គាត់​មាន​ភាព​ឯក​កោ និង​ខូច​ចិត្ត។​ តែ​បន្ទាប់​ពី អាថ៌​កំបាំង​របស់​គាត់ ត្រូវ​បាន​ទំលាយ​ហើយ គាត់​ក៏​បាន​រក​ឃើញ​ផ្លូវ​ទៅ​រក​ការ​ស្អាង​ឡើង​វិញ។​ គាត់​ប្រែ​ជា​ចេះខ្វល់​ពី​អ្នក​ដទៃ ហើយ​ការ​នេះ​ក៏​បាន​នាំ​គាត់​ចេញ​ពី​ភាព​ងងឹត ចូល​ទៅ​ក្នុង​ជីវិត​ដែល​មាន​ក្តី​អំណរ​ជា​ថ្មី។

មាន​រឿង​អាថ៌​កំបាំង​មួយ ដែល​សំខាន់​ជាង​នេះ​ទៀត ហើយ​ក៏ពិបាក​ពន្យល់​ជាង​រឿង​ខាង​លើ​ផង។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ក្នុង​បទ​គម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិត​ប្រាកដ​ជា​សេចក្តី​អាថ៌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល​ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដ៏ទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកិយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរីល្អ​វិញ”។ រឿង​នេះ​ពិត​ជា​អស្ចារ្យ​ណាស់! ព្រះ​ទ្រង់ “បាន​លេច​មក​ក្នុង​សាច់​ឈាម”។

យ៉ាង​ណា​មិញ អាថ៌​កំបាំង​នៃ​បុណ្យ​ណូអែល គឺ​ជា​ការ​ដែល​ព្រះ​អាច​យក​កំណើត​ជា​មនុស្ស ​តែ​នៅ​តែ​រក្សា​ភាព​ជា​ព្រះ​ទាំង​ស្រុង​ដដែល។ មនុស្ស​មិន​អាច​បក​ស្រាយ​អំពី​អាថ៌​កំបាំង​នេះ​បាន​ទេ តែ​ក្នុង​ប្រាជ្ញា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ នេះ​ជា​ផែន​ការ​ដែល​ទ្រង់​បាន​រៀប​ចំ​តាំង​ពី​មុន​កំណើត​លោកិយ​។

តើ​បុត្រ​តូច​នោះ​ជា​នរណា? ទ្រង់​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដែល​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ក្នុង​សាច់​ឈាម​ជា​មនុស្ស។-Bill Crowder