រឿង​និទាន​របស់​លោក​អូ ហេនរី(O Henry) ដែល​មាន​ចំណង​ជើង​ថា “អំណោយ​របស់​អ្នកប្រាជ្ញ” និយាយ​អំពី​លោក​ជីម(Jim) និង​អ្នក​ស្រីដេឡា(Della) ដែល​ជា​ប្តី​ប្រពន្ធ​វ័យ​ក្មេងមួយ​គូរ ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញ​វត្ថុ។ នៅ​ពេល​បុណ្យ​ណូអែល​ជិត​មក​ដល់ ពួក​គេ​ចង់​ទិញ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ ដោយ​សារ​ការ​ខ្វះ​ខាត ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ប្រើ​មធ្យោ​បាយ​ដ៏​ពិបាក​មួយ។ លោក​ជីម​មាន​នាឡិការ​ដៃ​ពណ៌​មាស ដ៏​មាន​តម្លៃ​មួយ​គ្រឿង ចំណែក​ឯ​អ្នក​ស្រី​ដេឡា​វិញ មាន​សក់​វែង​អន្លាយ​ដ៏​ស្រស់​ស្អាត។​ ដូច​នេះ លោក​ជីម​ក៏​បាន​លក់​នា​ឡិកា​គាត់ ដើម្បី​ទិញ​ក្រាស់​សិត​សក់​ឲ្យ​អ្នក​ស្រី​ដេឡា ខណៈ​ពេល​ដែល​អ្នក​ស្រីដេឡា​បាន​ទៅ​កាត់​សក់​លក់​ឲ្យ​គេ ដើម្បី​ទិញ​ខ្សែ​នាឡិការ​ឲ្យ​លោកជីម។

រឿង​នៃ​ក្តី​ស្រឡាញ់​នេះ បាន​រំឭក​យើង​ថា ការ​លះ​បង់​គឺ​ជាចំណុច​ស្នូល នៃ​សេចក្តី​ស្រឡាញ់​ដ៏​ពិត ហើយ​ការ​លះ​បង់​ជា​ខ្នាត​រង្វាស់​ដ៏​ពិត នៃ​សេចក្តី​ស្រឡាញ់។ នេះ​ជា​ការ​​ពិត​មែន ជា​ពិសេស ​នៅ​ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល ពីព្រោះ​ការ​លះ​បង់ ជា​អត្ថ​ន័យ​ដ៏​សំខាន់​បំផុត នៃ​កំណើត​របស់​ព្រះ​គ្រីស្ទ។ ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ប្រសូត្រ ដើម្បី​សុគត គឺ​សុគត​ដើម្បី​យើង​រាល់​គ្នា។ ហេតុ​នេះ​ហើយបាន​ជា​ទេវតា​បាន​ប្រាប់​យ៉ូសែប​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។

រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ មុន​ពេល​ព្រះ​គ្រីស្ទ​ប្រសូត្រ ព្រះ​គម្ពីរ​បាន​ថ្លែង​ទំនាយ​ថា ទ្រង់​នឹង​យាង​មក​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប​របស់​យើង បាន​សេចក្តី​ថា យើង​មិន​អាច​យល់​ច្បាស់​អំពីតម្លៃ​នៃ​ស្នូក​សត្វ​ដែល​ព្រះ​ឱរស​យេស៊ូវ​បាន​ផ្ទុំ​នោះ​ឡើយ ដរាប​ណា យើង​មិន​បាន​ស្វែង​យល់​អំពីអត្ថ​ន័យ​នៃ​ឈើ​ឆ្កាង​ទេ​នោះ។ អត្ថ​ន័យ​នៃ​បុណ្យ​ណូអែល គឺ​និយាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ទាំង​ស្រុង ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់ នៅ​ក្នុង​ការ​លះ​បង់​របស់​ទ្រង់ សម្រាប់​យើង​រាល់គ្នា។-Bill Crowder