បន្ទប់​ទំាង​មូល​បាន​រំលេច​ទៅ​ដោយ​ពណ៌​ចម្រុះ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ខណៈ​ពេល​ដែល​ស្រ្តី​ស្លៀក​សំពត់​សារី​កំពុង​ញាប់​ដៃ​ញាប់​ជើង នៅ​ក្នុង​សកម្ម​ភាព​ចុង​ក្រោយ​នៃ​កម្ម​វិធី​រ៉ៃអង្គាស​ប្រាក់។ ពី​ដើម ស្រ្តី​មួយ​ក្រុម​នេះ​មាន​ដើម​កំណើត​នៅ​ប្រទេស​ឥណ្ឌា ហើយ​ក៏​បាន​មក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ ពួក​គេ​នៅ​តែ​មាន​ការ​ខ្វល់​ខ្វាយ​ពី​ប្រទេស​កំណើត​របស់​ខ្លួន។ ពេល​ពួក​គេ​ដឹង​អំពី​ស្ថានភាព​របស់​សាលា​រៀន​មួយ​កន្លែង ដែល​គេ​បើក​សម្រាប់​ក្មេង​កើត​ជម្ងឺ​ខ្សោយ​បញ្ញា នៅ​ប្រទេស​ឥណ្ឌា ពួក​គេ​មិន​គ្រាន់​តែ​បាន​ដឹង​អំពី​តម្រូវ​ការ​របស់​សាលា​រៀន​នោះ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ថែម​ទាំង​បាន​ទុក​ដាក់​ដំណឹង​នេះ​នៅ​ក្នុង​ចិត្ត ហើយ​ក៏​បាន​ធ្វើ​ការ​ឆ្លើយ​តប។​

លោក​នេហេមា​មាន​មុខ​នាទី​ដ៏​ស្រណុក​ស្រួល​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច និង​បាន​ទទួល​ការ​ទុក​ចិត្ត​ពី​បុរស​ដែល​មាន​អំណាច​បំផុត​នៅ​សម័យ​នោះ តែ​ការ​ទាំង​អស់​នេះ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ភ្លេច​ខ្វល់​ពី​ជន​រួម​ជាតិ​របស់​គាត់​ឡើយ។ គាត់​បាន​ទៅ​ជួប​អ្នក​ដែល​មក​ពី​ទីក្រុង​យេរូសាឡិម ដើម្បី​សាក​សួរ​អំពី​ស្ថាន​ភាព​នៃប្រជា​ជន​ដែល​កំពុង​រស់​នៅ​ទីនោះ(នេហេមា ១:២)។ គាត់​ក៏​បាន​ដឹង​ថា “ពួក​អ្នក​ដែល​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្តី​វេទនា ហើយ​ត្រូវ​សេចក្តី​ត្មះតិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូសាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង”(ខ.៣)។

លោក​នេហេមា​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​ក៏​បាន​ទួញ​សោក អធិស្ឋាន​តម ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ដល់​ប្រជា​ជន​គាត់ ដែល​កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​អាក្រក់​នេះ(ខ.៤)។ ព្រះ​ទ្រង់​ក៏បាន​អនុញ្ញាត​ឲ្យ​លោក​នេហេមា​វិល​ត្រឡប់ ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ដឹក​នាំ​ការ​សាង​សង់​កំផែង​ក្រុង​ឡើង​វិញ​(២:១-៨)។ លោក​នេហេមា​ក៏​បាន​សម្រេច​នូវ​កិច្ចការ​ដ៏​ធំ​នេះ ​សម្រាប់​ប្រជា​ជន​គាត់ ព្រោះ​គាត់​បាន​ទូល​សូម​ដល់​ព្រះ​ដ៏​ធំ​ប្រសើរ ឲ្យ​ធ្វើ​ការ​ដ៏​ធំ ហើយ​ក៏​បាន​ពឹង​ផ្អែក​លើ​ទ្រង់​ផង។ សូម​ព្រះ​ទ្រង់​បើក​ភ្នែក​យើង ឲ្យ​មើល​ឃើញ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង ហើយ​សូម​ទ្រង់​ជួយ​យើង ឲ្យ​ក្លាយ​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​ដោយ​ចិត្ត​អាណិត និង​មាន​ភាព​ប៉ិន​ប្រសប់ ដើម្បី​ធ្វើ​ជា​ព្រះ​ពរ​ដល់​អ្នក​ដទៃ។-Poh Fang Chia