ជន​អនា​ថា នៅ​ទីក្រុង​វែន​គូវើ រដ្ឋ​ព្រីត​ធីស ខូឡំប៊ី ប្រទេស​កាណាដា​ មាន​វិធី​សាស្រ្ត​ថ្មី​មួយ ដើម្បី​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ពេល​យប់។ មាន​អង្គការ​ប្រចាំ​តំបន់​មួយ ឈ្មោះ រេនស៊ីធី ហោសស៊ីង បាន​បង្កើត​កៅ​អីវែង​ពិសេស​ជា​ច្រើន ដែល​គេ​អាច​ត្រឡប់​វា បង្កើត​ជា​ជំរក​ស្នាក់​នៅ​បណ្តោះ​អាសន្ន។ គេ​អាច​ទាញ​បង្អែក​របស់​កៅ​អីវែង​នោះ​ឡើង​ទៅ​លើ ហើយ​បត់​ធ្វើ​ជា​ដំបូល ដែល​អាច​ការពារ​ខ្យល់ និង​ទឹក​ភ្លៀង​បាន។ នៅ​ពេល​យប់ គេ​ងាយ​នឹង​ស្វែង​រក​កន្លែង​សម្រាក​បែប​នោះ នៅ​ទីក្រុង​វែនគូវើ ព្រោះ​នៅ​លើ​កៅ​អីវែង​នោះ មាន​ដាក់​អក្សរ​ដែល​បញ្ចេញ​ពន្លឺ​ពេល​យប់​ថា “នេះ​ជា​កន្លែង​គេង”។

យើង​ត្រូវ​ការ​ជម្រក​ខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវ​ការ​ជម្រក​ខាង​វិញ្ញាណ​ផង​ដែរ។ ព្រះ​ទ្រង់​ជា​ទីជ្រ​កកោន​សម្រាប់​វិញ្ញាណ​យើង ពេល​មាន​បញ្ហា។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បានសរសេរ​ក្នុង​ទំនុក​ដំកើង​ថា “កាល​ណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ទំនុកដំកើង ៦១:២)។ ពេល​ដែល​អារម្មណ៍​យើង​មាន​ការ​ពិបាក​ហួស​បន្ទុក យើង​ងាយ​នឹង​រង​គ្រោះ ដោយ​សារ​ល្បិច​របស់​ខ្មាំង​សត្រូវ​យើង ដោយ​វា​ប្រើ​ការ​ភ័យ​ខ្លាច ការ​ប្រកាន់​ទោស​ខ្លួន​ឯង និង​ការ​ត្រេក​ត្រអាល​ជា​ដើម។​ បាន​ជា​យើង​ត្រូវការ​ប្រភព​នៃ​ស្ថេរ​ភាព និង​សុវត្ថិ​ភាព​ដ៏​ពិត។

បើ​យើង​ជ្រក​កោន​នៅ​ក្នុង​ព្រះ យើង​អាច​មាន​ជ័យ​ជម្នះ​មក​លើ​ខ្មាំង​សត្រូវ ពេល​ដែល​វាព្យា​យាម​ល្បួង​នាំ​ចិត្ត និង​គំនិត​របស់​យើង។​ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​ព្រះ​អម្ចាស់​ថា “​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូលបង្គំ គឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំងសត្រូវ ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង… ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់”(ខ.៣-៤)។

ពេល​យើង​មាន​ទុក្ខ​ព្រួយ យើង​អាច​រក​សន្តិ​ភាព និង​ការ​ការ​ពារ ក្នុង​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ព្រះ​នាម​យេស៊ូវ​គ្រីស្ទ។ គឺ​ដូច​ទ្រង់​បាន​មាន​បន្ទូល​ថា “ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ”(យ៉ូហាន ១៦:៣៣)។-Jennifer Benson Schuldt