ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្បែរ​គ្រែ​របស់​មិត្ត​ភក្តិ​ម្នាក់ នៅ​បន្ទប់​សង្រ្គោះ​បន្ទាន់​ក្នុង​មន្ទីរ​ពេទ្យ ខ្ញុំ​មាន​ការ​ប៉ះ​ពាល​ចិត្ត​យ៉ាង​ខ្លាំង ពេល​បាន​ឮ​សម្លេង​នៃ​ការ​ឈឺ​ចាប់​របស់​អ្នក​ជម្ងឺ​ដទៃ​ទៀត ​នៅ​ក្បែរ​នោះ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំ និង​អ្នក​ជម្ងឺ​ទាំង​នោះ ហើយ​ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ជា​ថ្មី​ម្តង​ទៀត​ថា ជីវិត​របស់​មនុស្ស​នៅ​លើ​ផែន​ដី​នេះ ពិត​ជា​ខ្លី​យ៉ាង​ណា។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​នឹកចាំ អំពី​បទ​ចម្រៀង​ជន​បទ​ដែល​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​ តាំង​ពី​យូរ​មក​ហើយ ដែល​ច្រៀង​ដោយ​លោក​ជីម រីវ(Jim Reeves) ដែល​និយាយ​អំពី លោកិយ​នេះ​ដែល​មិន​មែន​ជា​ផ្ទះរ​បស់​យើង​ទេ ព្រោះ “យើងគ្រាន់​តែ​ជា​អ្នក​ដំណើរ”។

លោកិយ​នេះ​មាន​ពេញ​ដោយ​ភាព​នឿយ​ហត់ ការ​ឈឺ​ចាប់ ការ​ស្រេក​ឃ្លាន បំណុល ភាព​ក្រីក្រ ជម្ងឺ និង​សេចក្តី​ស្លាប់។ ដោយ​សារ​យើង​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​លោកិយ​នេះ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​មាន​បន្ទូល​អញ្ជើញ​សម្រាប់​មនុស្ស​គ្រប់​សម័យ​កាល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ យើង​ត្រូវ​ការ​ការ​សម្រាក​នេះ។

ក្នុង​ចំណោម​ពិធី​បុណ្យ​សព​ដែល​ខ្ញុំ​បាន​ចូល​រួម ខ្ញុំ​ច្រើន​តែ​ឃើញ​គេ​ដក​ស្រង់​បទ​គម្ពីរ ដែល​និយាយ​អំពី​ការ​ថ្លែង​ទំនាយ​របស់​សាវ័ក​យ៉ូហាន អំពី “ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី”(វិវរណៈ ២១:១-៥) ព្រោះ​បទ​គម្ពីរ​នេះ សក្តិ​សម​សម្រាប់​ពីធី​បុណ្យ​សព​ណាស់។ ប៉ុន្តែ ខ្ញុំ​ជឿ​ថា បទ​គម្ពីរ​នេះ​បាន​ចែង​សម្រាប់​អ្នក​នៅ​រស់ ច្រើន​ជាង​សម្រាប់​មនុស្ស​ស្លាប់។ យើង​ត្រូវ​ស្តាប់​តាម​ការ​អញ្ជើញរបស់​ព្រះ​យេស៊ូវ ឲ្យ​ចូល​មក​សម្រាក​ក្នុង​ទ្រង់ នៅ​ពេល​ដែល​យើង​នៅ​មាន​ជីវិត​នៅ​ឡើយ។ ទាល់​តែ​យើង​បាន​ស្តាប់​បង្គាប់​តាម​ទ្រង់ ទើប​យើង​មាន​សិទ្ធិ​ទទួល​ព្រះ​ពរ​តាម​ព្រះ​បន្ទូល​សន្យា ក្នុង​ព្រះ​គម្ពីរ​វិវរណៈ។ ព្រះ​ទ្រង់​នឹង​គង់​នៅ​ក្នុង​កណ្តាល​ចំណោម​យើង​រាល់​គ្នា(ខ.៣)។ ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​យើងរាល់​គ្នា(ខ.៤)។ “សេចក្តី​ស្លាប់ ឬ​ការ​សោក​សង្រេង​ ​ទួញ​យំ ឬ​ការ​ឈឺ​ចាប់ នឹង​មិន​មាន​ទៀតឡើយ”(ខ.៤)។

ចូរ​យើង​ទទួល​ការ​អញ្ជើញ​របស់​ព្រះយេស៊ូវ ហើយ​ចូល​សម្រាក​ក្នុង​ទ្រង់​ចុះ!–Lawrence Darmani