Month: December 2017

អ្នកបម្រើដ៏ស្មោះត្រង់

លោក​ម៉ាដាលេណូ(Madaleno) ជា​អ្នក​រៀប​ឥដ្ឋ។ ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ព្រហស្បត្តិ៍ គាត់​បាន​សង់​ជញ្ជាំង​ផ្ទះ និង​ជួស​ជុល​ដំបូល។ គាត់​ជា​មនុស្ស​ស្ងាត់​ស្ងៀម គួរ​ឲ្យ​ជឿ​ជាក់​បាន ហើយ​ខិត​ខំ​ធ្វើ​ការ។ បន្ទាប់​មក ចាប់​ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​អាទិត្យ គាត់​ឡើង​ទៅ​លើ​ភ្នំ ​ដើម្បី​បង្រៀន​ព្រះ​បន្ទូល​ព្រះ។ លោក​ម៉ាដាលេណូ​បាន​និយាយ​ភាសា ណាហួត(Nahuatl ដែល​ជាក្រៀម​ភាសា​របស់​ជន​ជាតិ​មិច​ស៊ិច​កូ) ដូច​នេះ គាត់​អាច​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ យ៉ាង​ងាយ​ស្រួល ដល់​ប្រជាជន​ក្នុង​តំបន់​នោះ។ ពេល​គាត់​មាន​អាយុ​៧០​ឆ្នាំ គាត់​នៅ​តែ​ធ្វើ​ការ​ដោយ​ដៃ ក្នុង​ការ​សាង​សង់​ផ្ទះ​ឲ្យ​គេ តែ​គាត់​ក៏​បាន​រួម​ចំណែក​នៅ​ក្នុង​ការបង្កើត​មហា​គ្រួសារ​នៃ​ព្រះ​ផង​ដែរ។ ជីវិត​គាត់​បាន​ទទួល​ការ​គំរាមកំហែង ជា​ច្រើន​ដង។ គាត់​បាន​គេង​នៅ​កណ្តាល​វាល​ ហើយ​ប្រឈម​មុខ​នឹង​ការ​ស្លាប់ ដោយ​សារ​គ្រោះ​ថ្នាក់​រថយន្ត និង​ការ​ធ្លាក់​ពី​កន្លែង​ខ្ពស់។ គេ​បាន​បណ្តេញ​គាត់​ចេញ​ពី​ក្រុង។ តែ​គាត់​គិត​ថា ព្រះ​បាន​ត្រាស់​​ហៅ​គាត់ ឲ្យ​បម្រើ​ទ្រង់ ហើយ​គាត់​ក៏​បាន​ធ្វើ​ដោយអំណរ។  គាត់​បាន​ជឿ​ថា​ មនុស្ស​ត្រូវ​ស្គាល់​ព្រះ​អម្ចាស់ បាន​ជា​គាត់​ពឹង​ផ្អែក​លើ​ទ្រង់​ ដើម្បី​ទទួល​បាន​នូវ​កម្លាំង ដែល​គាត់​ត្រូវ​ការ​។​

ភាព​ស្មោះ​ត្រង់​របស់​លោក​ម៉ាដាលេណូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​ភាព​ស្មោះ​ត្រង់​របស់​លោក​កាលែប និង​លោក​យ៉ូស្វេ ពេល​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​លោក​ម៉ូសេ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ទឹក​ដីសន្យា ហើយ​វិល​ត្រឡប់​មក​រាយ​ការណ៍​ដល់​ជន​ជាតិ​អ៊ីស្រាអែល​វិញ(ជនគណនា ១៤:៦-១៣)។ ពួក​ឈ្លប​ដទៃ​ទៀត ដែល​ទៅ​ជា​មួយ​គាត់​មាន​ការ​ភ័យ​ខ្លាច ចំពោះ​មនុស្ស​ដែល​រស់​នៅ​ទី​នោះ តែ​លោក​កាលែប និង​លោក​យ៉ូស្វេ​បាន​ទុក​ចិត្ត​លើ​ព្រះ​ ហើយ​ជឿ​ថា ទ្រង់​នឹង​ជួយ​ពួក​គេ ឲ្យ​ចូល​កាន់​កាប់​ទឹក​ដី​សន្យា។

ការ​ងារ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ធ្វើ ប្រហែល​ជា​ខុស​ពី​ការ​ងារ​របស់​លោក​ម៉ាដាលេណូ លោក​កាលែប និង​លោក​យ៉ូស្វែ។…

ដើមកំណើតនៃបុណ្យណូអែល

មាន​ពេល​មួយ​ទេវតា​កាព្រីយ៉ែល យាង​ចុះ​មក​ជួប​នាង​ម៉ារា ហើយ​បន្ទាប់​មក​ក៏​បាន​ជួប​ពួក​អ្នកគង្វាល ដោយ​នាំ​មក​នូវ​ដំណឹង​ល្អ សម្រាប់​ពិភព​លោក(លូកា ១:២៦-២៧ ២:១០)។​ តើ​នេះ​ជា​ដំណឹង​ល្អ សម្រាប់​នាង​ម៉ារា​មែន​ឬ? កាល​នោះ នាង​ម៉ារា​ប្រហែល​ជា​គិត​ថា តើ​ឲ្យ​ខ្ញុំ​បកស្រាយ អំពី​ការ​មាន​ផ្ទៃ​ពោះ​របស់​ខ្ញុំ ដល់​ក្រុម​គ្រួសារ​ខ្ញុំ យ៉ាង​ដូច​ម្តេច​ទៅ? តើ​លោក​យ៉ូសែប​ដែលជា​គូ​រដណ្តឹង​របស់​ខ្ញុំ នឹង​ផ្តាច់​ពាក្យ​ឬ​ទេ? តើ​អ្នក​ភូមិ​គេ​នឹង​និយាយ​ដើម​ខ្ញុំ ដូច​ម្តេច​ខ្លះ? បើ​ខ្ញុំ​មិន​ស្លាប់​ដោយ​ការ​ប្រសូត្រ​បុត្រ​ទេ តើ​ខ្ញុំ​អាច​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​យ៉ាង​ម៉េច​នឹង​កើត?

ពេល​លោក​យ៉ូសែប​បាន​ដឹង​ថា នាង​ម៉ារា​មាន​ផ្ទៃ​ពោះ គាត់​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​បាន​រក​ឃើញ​ជម្រើស​បី។ តើ​គាត់​ត្រូវ​រៀប​ការ​ជា​មួយ​នាង​តែ​ម្តង ឬ​ផ្តាច់​ពាក្យ​ដោយ​បើក​ចំហរ ហើយ​ឲ្យ​គេ​ប្រមាថ​មើល​ងាយ​នាង​ជា​សាធារណៈ ឬ​មួយ​ផ្តាច់​ពាក្យ​ដោយ​សម្ងាត់។ គាត់​បាន​រើស​យក​ជម្រើស​ទី​បី តែ​ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​គាត់​ដឹង​ការ​ពិត។ ទ្រង់​បាន​ប្រាប់​លោក​យ៉ូសែប​ក្នុង​សុបិន្ត​ថា “យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ”(ម៉ាថាយ ១:២០)។

សម្រាប់​នាង​ម៉ារា និង​លោក​យ៉ូសែប បុណ្យ​ណូអែល​បាន​ចាប់​ផ្តើម នៅ​ពេល​ដែល​ពួក​គេ​ចុះ​ចូល​ចំពោះ​ព្រះ ទោះ​ពួក​គេ​បាន​ជួប​រឿង ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ផ្លូវ​អារម្មណ៍​ក៏​ដោយ។ ពួក​គេ​បាន​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ គឺ​បាន​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា ដែល​មាន​ក្នុង ១យ៉ូហាន ២:៥ “តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ នោះ​បា្រកដ​ជា​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ”។

សូម​ព្រះ​ទ្រង់​បំពេញ​ចិត្ត​យើង ដោយ​ក្តី​ស្រឡាញ់​របស់​ទ្រង់ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល និង​ជា​រៀង​រាល់​ថ្ងៃ ខណៈ​ពេល​ដែល​យើង​ដើរ​ជា​មួយ​ទ្រង់។-Albert Lee

អត្ថន័យនៃពិធីបុណ្យណូអែល

កាល​ពី​ជាង​៥០​ឆ្នាំ​មុន កម្ម​វិធី​ទូរទស្សន៍​មួយ ដែល​មាន​ចំណង​ជើង​ថា ពីធី​បុណ្យ​ណូ​អែល​របស់​លោក​ឆាលី ប្រោន(Charlie Brown) ត្រូវ​បាន​គេ​ចាក់​ផ្សាយ នៅ​តាម​ទូរទស្សន៍​អាមេរិក​ជា​លើក​ដំបូង។ ​នា​យក​ប្រតិបត្តិ​នៃ​បណ្តាញ​ទូរទស្សន៍​ខ្លះ យល់​ថា កម្ម​វីធី​នេះ នឹង​គ្មាន​គេ​ចាប់​អារម្មណ៍ ហើយ​ខ្លះ​ទៀត​បារម្ភ​ថា ការ​ដក​ស្រង់​ខ​គម្ពីរ នៅ​ក្នុង​កម្ម​វិធី​មួយ​នេះ នឹង​ធ្វើ​ឲ្យ​ទស្សនិក​ជន​ដែល​មិន​មែន​ជា​គ្រីស្ទប​រិស័ទ មាន​ការ​មិន​សប្បាយ​ចិត្ត។ អ្នក​ខ្លះ​ទៀត​ចង់​ឲ្យ​លោក ឆាល ស៊ូល(Charles Schulz) ដែល​ជា​អ្នក​បង្កើត​កម្ម​វិធី​នេះ លុប​រឿង​ណូអែល ចេញ​ពី​កម្ម​វិ​ធីទូរទស្សន៍ តែ​លោក​ស៊ូល​នៅ​តែ​ទទូច​ឲ្យ​គេ​ចាក់​ផ្សាយ។ កម្ម​វិធី​ទូរទស្សន៍​នេះ ក៏​បាន​ទទួល​ជោគ​ជ័យ​ភ្លា​មៗ ហើយ​គេ​ក៏​បាន​ចាក់ផ្សាយ​ឡើង​វិញ ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ១៩៦៥រៀង​មក។

លោក​ឆាលី ប្រោន ជា​អ្នក​ដឹក​នាំ​ការ​សម្តែង​ល្ខោន​បុណ្យ​ណូអែល សម្រាប់​កុមារ។ គាត់​មាន​ការ​នឿយ​ណាយ និង​ការ​បាក់​ទឹកចិត្ត ដោយ​សារ​វិញ្ញាណ​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម ក្នុង​រដូវ​កាល​បុណ្យ​ណូអែល បាន​ប្រែ​ជា​ផ្តោត​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ផលិត​ផល​ផ្សេង​ៗ ក្នុង​រដូវ​កាល​ដ៏​មាន​អំណរ​នេះវិញ​។ ពេល​នោះ ​គាត់​ក៏​បានសួរ​គេ​ថា តើ​មាន​នរណា​អាច​ប្រាប់​គាត់ អំពី​អត្ថ​ន័យ​ដ៏​ពិត​នៃ​ពិធីបុណ្យ​ណូអែល? លោក​ឡាយនើស(Linus) ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ លូកា ២:៨-១៤ ដែល​រួម​មាន​បទ​គម្ពីរ​ដែល​ចែង​ថា​ “ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត្រដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ហើយ​នេះ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះឱរស​១​រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក នោះ​ស្រាប់​តែ​មាន​ពួក​ពល​បរិវារ​កកកុញ​ពី​ស្ថានសួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី…

រួចពីការព្រួយបារម្ភ ឬក្តៅចិត្ត

ការ​ព្យាយាម​តាម​ដាន​ពត៌​មាន​ថ្មី​ៗ ក៏​មាន​គុណ​វិបត្ត​ផង​ដែរ ព្រោះ​ពត៌​មាន​ដែល​និយាយ​ពី​ការ​អាក្រក់ ​មាន​ការ​ពេញ​និយម ជាង​ពត៌​មាន​ដែល​ល្អ។ យើង​ងាយ​​នឹង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ អំពី​អំពើ​ឧក្រឹដ្ឋ​របស់​បុគ្គល របស់​ហ្វូង​មនុស្ស ក៏​ដូច​ជា​របស់​រដ្ឋា​ភិបាល ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន។

ត្រង់​ចំណុច​នេះ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៣៧ បាន​បង្រៀន​យើង អំពី​ការ​ឆ្លើយ​តប​ដែល​យើង​ត្រូវ​មាន  ចំពោះ​ពត៌​មាន​ដែល​យើង​បាន​ឮ​ជា​រៀង​រាល់​ថ្ងៃ។  គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ចាប់​ផ្តើម​​ទំនុក​មួយ​នេះ ដោយ​ពាក្យ​ថា “កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ”(ខ.១)។ បន្ទាប់​មក ក្នុង​ខ​ដែល​មាន​ជា​បន្ត​បន្ទាប់ ទ្រង់​ក៏​បាន​ប្រាប់​ឲ្យ​យើង​មាន​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ពត៌​មាន​អវិជ្ជ​មាន​ក្នុង​ពិភព​លោក ជា​ជាង​មាន​ការ​ភ័យ​ខ្លាច​ ឬ​ក្តៅ​ចិត្ត។

តើ​មាន​អ្វី​កើត​ឡើង បើ​យើង​សម្រេច​ចិត្ត​ថា យើង​ទុក​ចិត្ត​ព្រះ​អម្ចាស់ ជា​ជាង​ព្រួយ​បារម្ភ​អំពី​ហេតុ​ការណ៍ ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន?(ខ.៣) តើ​យើង​នឹង​បាន​ទទួល​ប្រយោជន៍​ច្រើន​ប៉ុណ្ណា ពេល​ដែល​យើង “យក​ព្រះ​អម្ចាស់​ជា​ក្តី​អំណរ”(ខ.៤) ជា​ជាង​មាន​ចិត្ត​ក្តៅ ឬ​ព្រួយ​បារម្ភ​ឥត​ឈប់​ឈរ? ចូរ​យើង​ពិចារណា​អំពី សេរីភាព​រួចពី​ការ​ព្រួយ​បារម្ភ ដែល​យើង​អាច​មាន ពេល​ដែល​យើង “ទុក​ដាក់​ផ្លូវ​របស់​យើង​នឹង​ព្រះអម្ចាស់”(ខ.៥)។ ហើយ​តើ​យើង​នឹង​មាន​ចិត្ត​ស្ងប់​ប៉ុណ្ណា ពេល​ដែល​យើង​រៀន “​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ ដោយចិត្តអត់ធ្មត់”(ខ.៧)។

ពត៌​មាន​អំពី​ការ​អាក្រក់ ដែល​យើង​មិន​អាច​កែ​ប្រែ​បាន គឺ​ជា​ឱកាស​សម្រាប់​ឲ្យ​យើង​ដាក់​ព្រំ​ដែន​សម្រាប់​ការ​ព្រួយ​បារម្ភ​របស់​យើង។ កាល​ណា​យើង​ទុក​ចិត្ត​ព្រះ ទុក​ដាក់​ផ្លូវ​យើង​នៅ​នឹង​ទ្រង់ ហើយ​សម្រាក​ក្នុង​ទ្រង់ ទស្សនៈ​របស់​យើង​នឹង​មាន​ភាព​ភ្លឺ​ស្វាង​ឡើង។ ការ​តស៊ូ និង​ទុក្ខ​លំបាក​ប្រហែល​ជា​មិន​រលាយ​បាត់​អស់​ទេ តែ​យើង​នឹង​បាន​ដឹង​ថា ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​សន្តិ​ភាព​របស់​ទ្រង់ នៅ​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​នោះ។-Dave Branon

ពេលដែលមិនត្រូវអរសប្បាយ

ក្នុង​ប្រពៃណីយ​របស់​ជន​ជាតិ​អ័ខាន(Akan) នៅ​ប្រទេស​ហ្កាណា មាន​សុភាសិត​មួយ​ពោល​ថា “សត្វ​បង្កួយ​ខឹង​នឹង​ក្មេង​ប្រុស ដែល​បាន​ចោល​ថ្ម​ដាក់​វា តែ​វា​ខឹង​កាន់​តែ​ខ្លាំង ចំពោះ​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​ឈរ​ឱប​ដៃ​មើល ហើយ​អរ​សប្បាយ​នឹង​សេចក្តី​ទុក្ខ​របស់​វា!” ការ​អរសប្បាយ​នឹង​ការ​ដួល​ចុះ​របស់​អ្នក​ដទៃ គឺ​មិន​ខុស​ពី​ការ​ចូល​រួម ជា​មួយ​អ្នក​ដែល​ធ្វើ​ឲ្យ​គាត់​ដួល​ចុះ​នោះ​ឡើយ ឬ​ថែម​ទាំង​មិន​ខុស​ពី​ការ​ប្រាថ្នា​ចង់​ឲ្យ​គាត់​ជួប​ការ​អាក្រក់​កាន់​តែ​ច្រើន។

នោះ​ជា​អាកប្ប​កិរិយ៉ា​របស់​ពួកសាសន៍​អាំម៉ូន ដែល​បាន​សើច​ចម្អក​យ៉ាង​សប្បាយ​រីក​រាយ​ ពេល​ដែល​ព្រះ​វិហារ នៅ​ក្រុង​យេរូសាឡិម “​ត្រូវ​បង្អាប់ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល​ក្នុង​កាល ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ​ផង”(អេសេគាល ២៥:៣)។ ដោយ​សារ​ពួក​សាសន៍​អាំម៉ូន​បាន​អរ​សប្បាយ​នឹង​សេចក្តី​ទុក្ខ​របស់​ពួក​អ៊ីស្រា​អែល ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​ត្រូវ​ទទួល​លទ្ធ​ផល​ដ៏​អាក្រក់(ខ.៤-៧)។

តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ដែល​អ្នក​ជិត​ខាង​យើង ​ជួប​មហន្ត​រាយ ឬ​បញ្ហា​អ្វី​មួយ? បើ​សិន​ជា​គាត់​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ ដែល​រួស​រាយ​រាក់​ទាក់ នោះ​យើង​ប្រាកដ​ជា​អាណិត​គាត់ ហើយ​ទៅ​ជួយ​គាត់​មិន​ខាន។ ចុះ​បើ​សិន​ជា​គាត់​មិន​គួរ​ឲ្យ​រាប់​អាន ហើយ​ចូល​ចិត្ត​បង្ករ​រឿង? និស្ស័យ​របស់​យើងពី​កំណើត គឺ​ប្រហែល​ជា​មិន​ចង់​អើពើរ​ចំពោះ​គាត់ ឬ​ថែម​ទាំង​អរ​សប្បាយ​ស្ងាត់​ៗ ចំពោះ​ការ​ដួល​ចុះ​របស់​គាត់​ទៀត​ផង។

ព្រះ​គម្ពីរ​សុភាសិត​បាន​ដាត់​តឿន​យើង​ថា “កុំ​ឲ្យ​មាន​ចិត្ត​រីករាយ ក្នុង​កាល​ដែល​ខ្មាំងសត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ”(២៤:១៧)។ ​ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​បង្គាប់​យើង ឲ្យ​“ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​យើង ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​យើង”(ម៉ាថាយ ៥:៤៤)។ កាល​ណា​យើង​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា ​យើង​កំពុង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ឲ្យ​លោកិយ​បាន​ស្គាល់ ហើយ​យើង​កំពុង​តែ​ត្រាប់​តាម សេចក្តី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះ​អម្ចាស់(៥:៤៨)។-Lawrence Darmani

ត្បូងដែលទ្រង់បានច្នៃ

នៅដើម​សតវត្សរ៍​ទី​២០ ប្រជា​ពល​រដ្ឋ ក្រុង​ហ្វ៊ត ប្រាក រដ្ឋ​កាលីហ្វូញ៉ា មាន​ទម្លាប់​ចោល​សំរាម ដោយ​គ្រវែង​ពី​លើ​ជ្រលង​ភ្នំ ចូល​ទៅ​ក្នុង​ឆ្នេរ​សមុទ្រ​ដែល​នៅ​ក្បែរ​នោះ។ គេ​សង្កេត​ឃើញ​មាន​កំប៉ុង ដប គ្រឿង​សម្រាប់​បរិភោគ និង​កាក​សំណល់​ក្នុង​ផ្ទះ គរ​ពី​លើ​គ្នា​ជា​គំនរ​ធំ​ៗ គួរ​ឲ្យ​ខ្ពើម​រអើម។ សូម្បី​តែ​នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ឈប់​ចោល​សំរាម​នៅ​លើ​ឆ្នេរ​នោះ​ហើយ​ក៏ដោយ ក៏​គំនរ​សំរាម​ទាំង​នោះ​ នៅ​តែ​ជា​ក្តី​អាម៉ាស​សម្រាប់​ពួក​គេ គឺ​ហាក់​ដូច​ជា​មិន​អាច​កែ​ខៃ​បាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក រលក​សមុទ្រ​ក៏​បាន​ធ្វើ​ឲ្យ​បែក​សំបក​ដប​ កែវ និង​កញ្ចក់ និង​គ្រឿង​ក្អម​ឆ្នាំ​ង​ធ្វើ​ពី​ដី​ឥដ្ឋ ហើយ​ក៏​បាន​បក់​បោក​សំរាម​ទាំង​នេះ​ចូល​ទៅ​ក្នុង​សមុទ្រ។ ទឹក​រលក​ដែល​បក់​បោក​ឥត​ឈប់​ឈរ ​បាន​ប្រមៀល និង​ត្រឡប់​អំបែង​កញ្ចក់​ និង​កែវ​ទាំង​នោះ​ចុះ​ឡើង​ៗ ​នៅ​លើ​ដី​ខ្សាច់​បាត​សមុទ្រ គឺ​មិន​ខុស​ពី​ការ​សំលៀង និង​ដុះ​ខាត់​ផ្ទៃ​អំបែង​កញ្ចក់ និង​កែវ​ទាំង​នោះ​ឲ្យ​មាន​រាង្គ​មូល និង​រលោង​​ស្អាត ​បង្កើត​ជា “កែវ​សមុទ្រ” ដែល​មាន​សម្រស់​ដូច​គ្រាប់​ត្បូង ដែល​ក្រោយ​មក ទឹក​រលក​ក៏​បាន​បក់​នាំ​ពួក​វា​ទៅ​លើ​ឆ្នេរ​វិញ។ ទឹក​រលក​បាន​កែ​ប្រែ​អំបែង​កញ្ចក់ និង​កែវ​ទាំង​នោះ ឲ្យ​មាន​រូប​រាង្គ និង​ពណ៌​ផ្សេង​ៗ ចម្រុះ​គ្នា​យ៉ាង​ស្រស់​ស្អាត ដែល​សព្វ​ថ្ងៃ​នេះ ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ កំពុង​មក​ទស្សនា​នៅ​លើ​ឆ្នេរ​អំបែង​កញ្ចក់​នេះ ​ដោយ​ការ​ភ្ញាក់​ផ្អើល។

ពេល​ខ្លះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​មាន​ភាព​រញេរ​ញ៉ៃ ដូច​គំនរ​សំរាម ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍ និង​ក្តី​សង្ឃឹម​អ្វី​សោះ។ បើ​អ្នក​កំពុង​មាន​អារម្មណ៍​យ៉ាង​ដូច​នេះ​មែន ​នោះ​សូម​ចាំ​ថា មាន​ព្រះ​មួយ​អង្គ​ដែល​ស្រឡាញ់​អ្នក ហើយ​កំពុង​តែ​រង់​ចំា​ប្រោស​លោះ ​ស្រោច​ស្រង់ ​និង​ទទួល​យក​អ្នក​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់។…

អត្ថន័យរបស់ឈ្មោះ

យោង​តាម​អត្ថ​បទ​សារពត៌​មាន ញូ យ៉ក ថែម(New York Times) ជា​ញឹក​ញាប់ ក្មេង​ៗ​នៅ​បណ្តា​ប្រទេស​អាហ្វ្រិក​ជា​ច្រើន ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ តាម​លំនាំ​ឈ្មោះ​របស់​ភ្ញៀវ​ដ៏​ល្បី​ល្បាញ​ដែល​មក​ទស្សនៈ​កិច្ច​នៅ​ប្រទេស​គេ ឬ​តាម​ព្រឹត្តិ​ការណ៍​ពិសេស​ណា​មួយ ឬ​មួយ​តាម​កាលៈ​ទេសៈដែល​មាន​ន័យ​ចំពោះ​ឪពុក​ម្តាយ​របស់​ពួក​គេ។ គ្រួសារ​មួយ​មាន​កូន​តូច​មួយ​ដែល​មាន​ជម្ងឺ​ជា​ទម្ងន់។ គ្រូ​ពេទ្យ​ក៏​បាន​ប្រាប់​ឪពុក​ម្តាយ​ក្មេងនោះ​​ថា ពួក​គេ​មិន​អាច​ព្យា​បាល​ជម្ងឺ​ទារក​នោះ​បាន​ទេ ហើយ​មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​ថា វា​នឹង​រស់​ឬ​អត់ ពេល​នោះ​ឪពុក​ម្តាយ​ក្មេង​ក៏​បាន​ដាក់​ឈ្មោះ​វា​ថា ហ្កតណូ(Godknows) ដែល​ប្រែ​មក​ថា ព្រះ​ទ្រង់​ជ្រាប។ មាន​បុរស​ម្នាក់​ទៀត​បាន​ប្រាប់​ថា គាត់​ឈ្មោះ​គ្រប់​គ្រាន់ ព្រោះ​ម្តាយ​របស់​គាត់​មាន​កូន​ដល់​ទៅ​១៣​នាក់ ហើយ​គាត់​ជា​កូន​ចុង​ក្រោយ។ ភាគ​ច្រើន​គេ​ដាក់​ឈ្មោះ ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ​​ ហើយ​ក្នុង​ករណី​ខ្លះ ឈ្មោះ​នោះ​មាន​បង្កប់​អត្ថ​ន័យ​ពិសេស។

មុន​ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ មាន​ទេវ​តា​នៃ​ព្រះ​អម្ចាស់ មួយ​អង្គ​បាន​មក​ប្រាប់​លោក​យ៉ូសែប​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា«យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ ព្រះ​នាម​ព្រះ​យេស៊ូវ មាន​ន័យ​ថា “ព្រះ​អម្ចាស់សង្រ្គោះ”។​ នៅ​សម័យ​ព្រះ​យេស៊ូវ​បាន​ប្រសូត្រ ក្នុង​វប្ប​ធម៌​ជន​ជាតិ​យូដា ប្រហែល​ជា​មាន​ក្មេង​ប្រុស​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​ដាក់​ឈ្មោះ “យេស៊ូវ” តែ​មាន​តែ​បុត្រ​តូច​មួយ​អង្គ​ប៉ុណ្ណោះ ដែល​បាន​យាង​មក​ប្រសូត្រ​ក្នុង​លោកិយ​នេះ ហើយ​បាន​សុគត ដើម្បី​ឲ្យ​អ្នក​ដែល​ទទួល​ជឿ​ទ្រង់ មាន​ជីវិត​អស់​កល្ប​ជា​និច្ច បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​រួច​ពី​អំណាច​នៃ​អំពើ​បាប។

ពេល​ជិត​ដល់​ថ្ងៃ​បុណ្យ​ណូអែល នៅ​អាមេរិក គេ​ច្រើន​តែ​ច្រៀង​ទំនុក​បរិសុទ្ធ ដែល​លោក​ឆាល វេសលី(Charles Wesley) បាន​និពន្ធ ដែល​មាន​ខ្លឹម​សារ​ដូច​នេះ​ថា “សូម​ទ្រង់​យាង​មក…