មានពេលមួយ ខ្ញុំបានស្រក់ទឹកភ្នែក ពេលបានមើលវិក័យប័ត្រពេទ្យរបស់ខ្ញុំ។ ស្វាមីរបស់ខ្ញុំ ត្រូវគេកាត់ប្រាក់ខែ មួយភាគធំ បន្ទាប់ពីគាត់បានសុំច្បាប់គេទៅមើលថែរជម្ងឺខ្ញុំ ហើយគ្រាន់តែថ្លៃព្យាបាលតែពាក់កណ្តាល ក៏ត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីបង់រំលោះបន្តិចម្តងៗ ជារៀងរាល់ខែ។ ខ្ញុំក៏បានអធិស្ឋាន មុនពេលខ្ញុំទូរស័ព្ទទៅការិយ៉ាល័យវេជ្ជបណ្ឌិត ដើម្បីពន្យល់អំពីស្ថានភាពដ៏ពិបាករបស់យើង ហើយស្នើសុំការបង់រំលោះថ្លៃព្យាបាល។
អ្នកទទួលភ្ញៀវក៏បានលើកទូរស័ព្ទ ហើយក៏បានឲ្យខ្ញុំរង់ចាំ។ បន្តិចក្រោយមក គាត់ក៏បានឲ្យដំណឹងខ្ញុំថា លោកវេជ្ជបណ្ឌិតបានលប់បំណុលដែលយើងបានជំពាក់មន្ទីរពេទ្យអស់ហើយ។
ខ្ញុំក៏បាននិយាយអរគុណ ទាំងអួលដើមករ។ ខ្ញុំមិនអាចបំភ្លេចអំណោយដ៏សប្បុរសនេះបានឡើយ។ ខ្ញុំក៏ទម្លាក់ទូរស័ព្ទចុះ ហើយក៏បានសរសើរដំកើងព្រះ។ ខ្ញុំក៏បានរក្សាទុកវិក័យប័ត្រពេទ្យនោះ មិនមែនដើម្បីទុករំឭកខ្លួនឯងអំពីអ្វីដែលខ្ញុំធ្លាប់ជំពាក់គេនោះទេ តែដើម្បីជាការរំឭកអំពីការអ្វីដែលព្រះទ្រង់បានធ្វើ។
ការដែលគ្រូពេទ្យរបស់ខ្ញុំ បានសម្រេចចិត្តលប់បំណុលខ្ញុំចោល បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះបានសម្រេចព្រះទ័យលប់បំណុលដែលច្រើនរាប់មិនអស់ នៃអំពើបាបរបស់ខ្ញុំ។ ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះទ្រង់ “មានសេចក្តីមេត្តាករុណា ហើយនឹងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសដ៏បរិបូរ”(ទំនុកដំកើង ១០៣:៨)។ ទ្រង់មិនបានប្រព្រឹត្តនឹងយើង ឲ្យសមនឹងអំពើបាបរបស់យើងទេ(ខ.១០) ពេលយើងប្រែចិត្ត ហើយទទួលជឿព្រះគ្រីស្ទជាព្រះសង្រ្គោះនៃយើង។ ការលះបង់របស់ទ្រង់ បានលប់ចោលនូវបំណុល ដែលយើងធ្លាប់ជំពាក់ទ្រង់។ គឺបានលប់ចោលទាំងស្រុង។
កាលណាយើងបានទទួលការអត់ទោសបាបហើយ យើងមិនស្ថិតនៅក្រោមឥទ្ធិពល ឬការកំណត់របស់បំណុលពីអតីតកាលរបស់យើងទៀតទេ។ យើងត្រូវឆ្លើយតបចំពោះអំណោយដ៏ច្រើនលើសលប់របស់ព្រះអម្ចាស់ ដោយទទួលស្គាល់ការទាំងអស់ ដែលទ្រង់បានធ្វើ។ ពេលយើងថ្វាយបង្គំទ្រង់អស់ពីចិត្ត ហើយស្រឡាញ់ទ្រង់ ដោយចិត្តកតុញូហើយ នោះយើងអាចរស់នៅថ្វាយទ្រង់ ហើយនាំអ្នកដទៃឲ្យស្គាល់ទ្រង់។-Xochitl Dixon