មាន​ពេល​មួយ ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក ពេល​បាន​មើល​វិក័យ​ប័ត្រ​ពេទ្យ​របស់​ខ្ញុំ។ ស្វាមី​របស់​ខ្ញុំ​ ត្រូវគេ​កាត់​ប្រាក់​ខែ មួយ​ភាគ​ធំ បន្ទាប់​ពី​គាត់​បាន​សុំ​ច្បាប់​គេ​ទៅ​មើល​ថែរ​ជម្ងឺ​ខ្ញុំ ហើយ​គ្រាន់​តែ​ថ្លៃ​ព្យាបាល​តែ​ពាក់​កណ្តាល ក៏​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​បង់​រំលោះ​បន្តិច​ម្តង​ៗ ជា​រៀង​រាល់​ខែ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន មុន​ពេល​ខ្ញុំ​ទូរស័ព្ទ​ទៅ​ការិយ៉ា​ល័យ​វេជ្ជបណ្ឌិត ដើម្បី​ពន្យល់​អំពី​ស្ថានភាព​ដ៏​ពិបាក​របស់​យើង ហើយ​ស្នើ​សុំ​ការ​បង់​រំលោះ​ថ្លៃ​ព្យា​បាល។

អ្នក​ទទួល​ភ្ញៀវ​ក៏​បាន​លើក​ទូរស័ព្ទ ហើយ​ក៏​បាន​ឲ្យ​ខ្ញុំ​រង់​ចាំ។ បន្តិច​ក្រោយ​មក គាត់​ក៏​បាន​ឲ្យ​ដំណឹង​ខ្ញុំ​ថា លោក​វេជ្ជបណ្ឌិត​បាន​លប់​បំណុល​ដែល​យើង​បាន​ជំពាក់​មន្ទីរ​ពេទ្យ​អស់​ហើយ។

ខ្ញុំ​ក៏​បាន​និយាយ​អរគុណ ទាំង​អួល​ដើម​ករ។ ខ្ញុំ​មិន​អាច​បំភ្លេច​អំណោយ​ដ៏​សប្បុរស​នេះ​បាន​ឡើយ។ ខ្ញុំ​ក៏​ទម្លាក់​ទូរស័ព្ទ​ចុះ ហើយ​ក៏​បាន​សរសើរ​ដំកើង​ព្រះ។ ខ្ញុំ​ក៏​បាន​រក្សា​ទុក​វិក័យ​ប័ត្រ​ពេទ្យ​នោះ មិន​មែន​ដើម្បី​ទុក​រំឭក​ខ្លួនឯង​អំពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ជំពាក់​គេ​នោះ​ទេ​ តែ​ដើម្បី​ជា​ការ​រំឭក​អំពី​ការ​អ្វី​ដែល​ព្រះទ្រង់​បាន​ធ្វើ។

ការ​ដែល​គ្រូ​ពេទ្យ​របស់​ខ្ញុំ បាន​សម្រេច​ចិត្ត​លប់​បំណុល​ខ្ញុំ​ចោល បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​បាន​សម្រេច​ព្រះ​ទ័យ​លប់​បំណុល​ដែល​ច្រើន​រាប់​មិន​អស់ នៃ​អំពើ​បាប​របស់​ខ្ញុំ។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​ទ្រង់ “​មាន​សេចក្តី​មេត្តា​ករុណា ហើយ​នឹង​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ដ៏​បរិបូរ”(ទំនុកដំកើង ១០៣:៨)។ ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង ឲ្យសម​នឹង​អំពើ​បាប​របស់​យើង​ទេ(ខ.១០) ពេល​យើង​ប្រែ​ចិត្ត ហើយ​ទទួល​ជឿ​ព្រះ​គ្រីស្ទ​ជា​ព្រះ​សង្រ្គោះ​នៃ​យើង។ ការ​លះ​បង់​របស់​ទ្រង់ បាន​លប់​ចោល​នូវ​បំណុល ដែល​យើង​ធ្លាប់​ជំពាក់​ទ្រង់។ គឺ​បាន​លប់​ចោល​ទាំង​ស្រុង។

កាល​ណា​យើង​បាន​ទទួល​ការ​អត់​ទោស​បាប​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល ឬ​ការ​កំណត់​របស់​បំណុល​ពីអតីត​កាល​របស់​យើង​ទៀត​ទេ។ យើង​ត្រូវ​ឆ្លើយ​តប​ចំពោះ​អំណោយ​ដ៏​ច្រើន​លើស​លប់​របស់​ព្រះ​អម្ចាស់  ដោយ​ទទួល​ស្គាល់​ការ​ទាំង​អស់  ដែល​ទ្រង់​បាន​ធ្វើ។ ពេល​យើង​ថ្វាយ​បង្គំ​ទ្រង់​អស់​ពី​ចិត្ត ហើយ​ស្រឡាញ់​ទ្រង់  ដោយ​ចិត្ត​កតុញូហើយ នោះ​យើង​អាច​រស់​នៅ​ថ្វាយ​ទ្រង់ ហើយ​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ទ្រង់។-Xochitl Dixon