នៅពេលព្រឹកថ្ងៃមួយ ពេលខ្ញុំប្រើអ៊ីនធើណេត ហ្វេសប៊ុក(Facebook) ក៏បានបង្ហាញ “អនុស្សាវរីយ៍” ដែលជាអ្វីដែលខ្ញុំបានបង្ហោះកាលពីឆ្នាំមុន។ អនុស្សាវរីយ៍ទាំងនោះមានដូចជា រូបថតអាពាហ៍ពិពាហ៍របស់បងប្រុសខ្ញុំ ឬវីដេអូកូនស្រីខ្ញុំកំពុងលេងជាមួយជីដូនរបស់នាង ដែលតែងតែបានធ្វើឲ្យខ្ញុំញញឹម។ ប៉ុន្តែ ជួនកាល រូបថត និងវីដេអូទាំងនោះ បានប៉ះពាល់ចិត្តរបស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំក៏បាននឹកចាំ អំពីព្រះវត្តមានដ៏ស្មោះត្រង់របស់ព្រះ ក្នុងអំឡុងពេលដែលពិបាក ពេលខ្ញុំបានឃើញហ្វេសប៊ុករំឭកអំពីសារ ដែលខ្ញុំបានបង្ហោះ អំពីការទៅសួរសុខទុក្ខបងថ្លៃប្រុសរបស់ខ្ញុំ ក្នុងអំឡុងពេលគាត់កំពុងចាក់គីមីដើម្បីព្យាបាលជម្ងឺមហារីក ឬរូបភាពថ្នេរនៅលើក្បាលម្តាយខ្ញុំ ដែលមានរាងដូចឈើឆ្កាង បន្ទាប់ពីគាត់បានទទួលការវៈកាត់ខួរក្បាល កាលពីបីឆ្នាំមុន។ អនុស្សាវរីយ៍នៅលើហ្វេសប៊ុក បាននាំចិត្តខ្ញុំ ឲ្យអធិស្ឋាន ហើយអរព្រះគុណព្រះ។
យើងរាល់គ្នាងាយនឹងភ្លេចការល្អ ដែលព្រះបានធ្វើសម្រាប់យើង។ យើងចាំបាច់ត្រូវមានអ្វីជួយរំឭកយើង។ ពេលលោកយ៉ូស្វេរដឹកនាំរាស្រ្តរបស់ព្រះ ទៅរកទីលំនៅថ្មីរបស់ពួកគេ ពួកគេបានឆ្លងទន្លេយ័រដាន់(យ៉ូស្វេ ៣:១៥-១៦)។ ព្រះទ្រង់បានញែកទឹកទន្លេរយ័រដាន់ ហើយរាស្រ្តរបស់ទ្រង់ក៏បានដើរនៅលើដីបាតទន្លេ(ខ.១៧)។ ដើម្បីរំឭកអំពីការអស្ចារ្យនេះ ពួកគេបានរើសថ្ម១២ដុំ ពីកណ្តាលបាតទន្លេ ហើយតម្រៀងជាគំនរថ្ម នៅត្រើយម្ខាង(៤:៣,៦-7)។ ពេលគេសួរថា គំនរថ្មនោះមានន័យដូចម្តេច រាស្រ្តរបស់ព្រះអាចប្រាប់គេ អំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់ពួកគេនៅថ្ងៃនោះ។
វត្ថុអ្វីក៏ដោយ ដែលរំឭកយើងអំពីភាពស្មោះត្រង់របស់ព្រះ កាលពីអតីតកាល អាចដាស់តឿនយើង ឲ្យទុកចិត្តទ្រង់ ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។-AMY PETERSON