កាល​ខ្ញុំ​កំពុង​រៀន​រឿង​ទេវកថា​របស់​ជន​ជាតិ​ក្រិក និង​រ៉ូម៉ាំង នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ដឹង​ថា ព្រះ​នៅ​ក្នុង​រឿង​ទេវកថា​ទាំង​នោះ​មាន​អារម្មណ៍​ឆេវ​ឆាវ ដូច​ជា​មនុស្ស​ធម្មតា​ដែរ។ មនុស្ស​ដែល​ធ្វើ​ឲ្យ​ព្រះ​ទាំង​នោះ​ខឹង ក៏​ត្រូវ​អស់​ជីវិត ហើយ​ជួន​កាល គឺ​ត្រូវ​ស្លាប់​តែ​មួយ​ពព្រិច​ភ្នែក។

ភ្លាម​នោះ ខ្ញុំ​ក៏​បាន​អស់​សំណើច ទាំង​ឆ្ងល់​ថា តើ​គេ​អាច​ជឿ​លើ​ព្រះ​ដែល​មាន​លក្ខណៈ​ដូច​នេះ យ៉ាង​ដូច​ម្តេច​កើត? តែ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​មាន​ទស្សនៈ​ដូច​នេះ ចំពោះ​ព្រះ​ដ៏​ពិត​ដែរ​ឬទេ? ពេល​ដែល​ខ្ញុំ​មាន​ការ​សង្ស័យ​ចំពោះ​ទ្រង់ តើ​ខ្ញុំ​បាន​គិត​ថា ទ្រង់​ជា​ព្រះ​ដែល​ងាយ​នឹង​ខ្ញាល់​ឬ​ទេ? គួរ​ឲ្យ​ស្តាយ​ណាស់​ ខ្ញុំ​ពិត​ជា​ធ្លាប់​គិត​ដូច្នោះ​មែន។

ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​កោត​សរសើរ​លោក​ម៉ូសេ ដែល​បាន​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​បង្ហាញ ឲ្យ​គាត់​មើល​ឃើញ​សិរីល្អ​ទ្រង់(និក្ខមនំ ៣៣:១៨)។ ដោយសារ​លោក​ម៉ូសេ​ត្រូវ​ព្រះ​ទ្រង់​ជ្រើស​តាំង ឲ្យ​ដឹក​នាំ​មនុស្ស​មួយ​ហ្វូង​ធំ ដែល​ចេះ​តែ​រអ៊ូ​រទាំ​ទាស់​នឹង​ទ្រង់ នោះ​គាត់​ពិត​ជា​ចង់​ដឹង​ថា តើ​ព្រះ​ទ្រង់​នឹង​ជួយ​គាត់ នៅ​ក្នុង​ការ​បំពេញ​កិច្ចការ​ដ៏​ធំ​នេះ​ឬ​អត់។ ព្រះ​អម្ចាស់​ទ្រង់​ក៏​បាន​ឆ្លើយ​តប​លោក​ម៉ូសេ ដោយ​បង្ហាញ​សិរីល្អ​របស់​ទ្រង់។ ទ្រង់​ក៏​បាន​ប្រកាស​ព្រះ​នាម  និង​បុគ្គ​លិក​លក្ខណៈ​របស់​ទ្រង់ ឲ្យ​លោក​ម៉ូសេ​ស្គាល់។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា ទ្រង់ “មាន​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ”(៣៤:៦)។

បទ​គម្ពីរ​នេះ បាន​រំឭក​ខ្ញុំ​ថា ព្រះ​ទ្រង់​មិន​មាន​ព្រះ​ទ័យ​ឆេវឆាវ​នោះ​ឡើយ។ ខ្ញុំ​ក៏​ត្រូវ​រំឭក​ខ្លួន​ឯង​ថា ទ្រង់​មាន​ព្រះ​ទ័យ​អត់​ធ្មត់ ជា​ពិសេស នៅ​ពេល​ដែល​ខ្ញុំ​ឆ្លើយ​តប​ទៅ​ទ្រង់​វិញ ទាំង​កំហឹង ឬ​ការ​មិន​អត់​ធ្មត់។ ម្យ៉ាង​ទៀត ទ្រង់​បន្ត​ធ្វើកិច្ច​​ការ​ទ្រង់ ដើម្បី​ជួយ​ឲ្យ​ខ្ញុំ មាន​លក្ខណៈ​កាន់​តែ​ល្អ​ដូច​ទ្រង់។​

យើង​អាច​មើល​ឃើញ​ព្រះ និង​សិរីល្អ​ទ្រង់ នៅ​ក្នុង​ភាព​អត់​ធ្មត់ ដែល​ទ្រង់​មាន​ចំពោះ​យើង  ​នៅ​ក្នុង​ពាក្យ​លើក​ទឹក​ចិត្ត​របស់​មិត្ត​សំឡាញ់ នៅ​ក្នុង​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត ហើយ​ដែល​សំខាន់​បំផុត​នោះ គឺ​នៅ​ក្នុង​សម្លេង​ខ្សឹប នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​គង់​នៅ​ក្នុង​យើង។-LINDA WASHINGTON