អស់រយៈពេលជិត២ទសវត្សរ៍ហើយ ដែលក្រុមចម្រៀងប្រ៊ូគលីន ថាបឺណាខល(Brooklyn Tabernacle) បានធ្វើជាព្រះពរ ដល់ហ្វូងមនុស្សជាច្រើន តាមរយៈបទចម្រៀងដំណឹងល្អ ដែលធ្វើឲ្យវិញ្ញាណនៃមនុស្សទាំងឡាយមានភាពស្រស់ថ្លាឡើង។ ឧទាហរណ៍ ពួកគេបាននិពន្ធចម្រៀងមួយបទ ដែលផ្អែកទៅលើបទគម្ពីរ ទំនុកដំកើង ១២១ ដែលមានចំណងជើងថា “ជំនួយសម្រាប់ខ្ញុំ”។
បទគម្ពីរទំនុកដំកើង ជំពូក១២១ បានចែងអំពីការបង្ហាញនូវសេចក្តីជំនឿលើព្រះអម្ចាស់ ដែលបាននាំឲ្យអ្វីៗគ្រប់យ៉ាងមានវត្តមានឡើង ហើយទ្រង់ជាប្រភពនៃជំនួយ សម្រាប់អ្នកនិពន្ធទំនុកមួយនេះផងដែរ(ខ.១-២)។ តើជំនួយទាំងនោះ មានអ្វីខ្លះ? គឺ ការមានលំនឹង(ខ.៣) ការមើលថែរគ្រប់ពេលវេលា(ខ.៣-៤) វត្តមានគង់នៅជាមួយ និងការការពារជាប់ជានិច្ច(ខ.៥-៦) និងការថែរក្សា ឲ្យរួចផុតពីការអាក្រក់គ្រប់យ៉ាង នៅពេលណាមួយ និងអស់កល្បជានិច្ច(ខ.៧-៨)។
រាស្រ្តរបស់ព្រះនៅគ្រប់សម័យកាល បានប្រកាសថា ព្រះអម្ចាស់ជាប្រភពនៃជំនួយរបស់ពួកគេ តាមរយៈបទចម្រៀងរបស់ខ្លួន ផ្អែកទៅលើបទគម្ពីរ។ តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ ខ្ញុំធ្លាប់លើកសម្លេងច្រៀងជាមួយអ្នកដទៃ អស់ពីចិត្ត នូវបទចម្រៀងដែលលោកឆាល វេសលី(Charles Wesley)បាននិពន្ធ ដែលច្រៀងថា “ឱព្រះវរបិតា ទូលបង្គំសូមលើកដៃឡើងទៅរកទ្រង់ ទូលបង្គំគ្មានជំនួយអ្វី ក្រៅពីទ្រង់។ បើទ្រង់ចេញពីទូលបង្គំ តើទូលបង្គំនឹងទៅជាយ៉ាងណា”។ លោកម៉ាធីន លូសឺរ(Martin Luther) ក៏បានពិពណ៌នានៅក្នុងសំណេររបស់គាត់ផងដែរថា “ព្រះនៃយើង ជាបន្ទាយដ៏រឹងមាំ ជាកំផែងដែលមិនចេះរលំ ជាជំនួយក្នុងពេលដែលការអាក្រក់ជន់ជោរ”។
តើអ្នកមានអារម្មណ៍ឯកកោ ត្រូវគេបោះបង់ចោល ឬច្របូកច្របល់ឬទេ? ចូរជញ្ជឹងគិត អំពីអត្ថន័យនៃបទគម្ពីរ ទំនុកដំកើង ជំពូក ១២១ ចុះ។ ចូរអនុញ្ញាតឲ្យព្រះបន្ទូលទ្រង់ បំពេញវិញ្ញាណអ្នក ដោយជំនឿ និងចិត្តក្លាហាន។ អ្នកមិននៅតែម្នាក់ឯងទេ ដូចនេះ ចូរកុំព្យាយាមរស់នៅ ដោយពឹងផ្អែកកម្លាំងខ្លួនឯង។ ផ្ទុយទៅវិញ ចូរអរសប្បាយ ចំពោះការមើលថែររបស់ព្រះ ទាំងនៅផែនដី និងអស់កល្បជានិច្ច ដូចដែលបានបង្ហាញចេញ នៅក្នុងព្រះជន្ម ការសុគត និងមានព្រះជន្មឡើងវិញ ព្រមទាំងការយាងឡើងនគរស្ថានសួគ៌វិញរបស់ទ្រង់ផងដែរ។ ទោះជំហានបន្ទាប់មានបញ្ហាអ្វីក៏ដោយ ចូរដើរទៅមុខដោយពឹងផ្អែកជំនួយទ្រង់ចុះ។-ARTHUR JACKSON