ថ្ងៃ​មួយ អ្នក​ស្រី​រេជីណា(Regina)បាន​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ការ​បាក់​ទឹក​ចិត្ត និង​អស់​កម្លាំង។ នៅ​ថ្ងៃនោះ ពី​ដំបូង​នាង​បាន​ទទួល​ដំណឹង​ដ៏​ក្រៀម​ក្រំ ពី​មិត្ត​ភក្តិ​ម្នាក់ ដែល​បាន​ផ្ញើ​សារ  មក​កាន់​ទូរស័ព្ទ​នាង បន្ទាប់​មក នាង​ក៏​បាន​មាន​ការ​ប្រជុំ​ដ៏​តឹង​តែង​ជា​មួយ​មិត្ត​រួម​ការ​ងារ ដែល​បាន​បដិសេធ​មិន​ព្រម​អនុវត្ត​តាម​គំនិត​របស់​នាង។ ពេល​អ្នកស្រី​រេជីណា​កំពុង​អធិស្ឋាន​ទៅ​កាន់​ព្រះ​អម្ចាស់ នាង​ក៏​បាន​គិត​ថា នាង​គួរ​តែ​ទុក​ភាព​តប់​ប្រមល់​របស់​នាង​មួយ​ឡែក​ ទើប​ជា​ការ​ប្រសើរ ហើយ​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស​ចាស់​ម្នាក់ នៅ​មណ្ឌល​ចាស់​ជរា ដោយ​នាំ​ផ្កា​យក​ទៅ​ជា​មួយ​ផង ឲ្យ​គាត់​ភ្ញាក់​ផ្អើល។ វិញ្ញាណ​របស់​នាង​ក៏​មាន​អំណរ​ឡើង​វិញ ពេល​អ្នក​ស្រី​ម៉ារា​បាន​ទទួល​ផ្កា​ដោយ​អំណរ ទំាង​ពោលសរសើរ​ថា ព្រះ​អម្ចាស់​ពិត​ជា​ល្អ​ចំពោះ​គាត់​ណាស់។ គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​គ្រែ​គេង មាន​កៅ​អី​អង្គុយ មាន​អាហារ​មួយ​ថ្ងៃ​បី​ពេល ហើយ​មាន​គិលានុបដ្ឋាយិកា​មើល​ថែរ។ ហើយ​យូរ​ៗ​ម្តង ព្រះ​បាន​ចាត់​អ្នក​បម្រើ​របស់​ទ្រង់​ម្នាក់​ ឲ្យ​សួរ​សុខ​ទុក្ខ​ស្រ្តី​មេម៉ាយ​ចាស់​ជរា​ដូច​ខ្ញុំ ទ្រង់​ជ្រាប​ថា ខ្ញុំ​ស្រឡាញ់​ពួក​គេ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ”។

របៀប​នៃ​ការ​គិត​គឺ​សំខាន់​ណាស់។ គឺ​ដូច​មាន​ពាក្យ​មួយ​ពោល​ថា “១០​ភាគ​រយ​នៃ​ជីវិត​មនុស្ស គឺ​ជា​ការ​អ្វី​ដែល​បានកើត​ឡើង​ចំពោះ​យើង ហើយ​៩០​ភាគ​រយ​ទៀត គឺជា​របៀប​ដែល​យើង​ឆ្លើយ​តប​ចំពោះ​ការ​អ្វី​ដែល​បាន​កើត​ឡើង”។ ពួក​អ្នក​ដែល​សាវ័ក​យ៉ាកុប​បាន​សរសេរ​សំបុត្រ​ផ្ញើ​រទៅ បាន​បែក​ខ្ញែក​គ្នា ដោយ​សារ​ការ​បៀត​បៀន ហើយ​គាត់​ក៏​បានប្រាប់​ពួក​គេ ឲ្យ​រៀប​ចំ​ការ​គិត អំពី​ទុក្ខ​លំបាក​ផ្សេង​ៗ ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​គឺ​ដូច​ដែល​គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ”(យ៉ាកុប ១:២)។

យើង​ម្នាក់​ៗ សុទ្ធ​តែ​មាន​ការ​ធ្វើ​ដំណើរ នៅ​ក្នុង​ការ​រៀន​ទុក​ចិត្ត​ព្រះ ក្នុង​ស្ថាន​ភាព​ដែល​ពិបាក​ៗ។  យើង​នឹង​មាន​ការ​គិត​ដ៏​ត្រឹម​ត្រូវ ពេញ​ដោយ​អំណរ ពេល​ដែល​យើង​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​អាច​ប្រើ​ការ​លំបាក​របស់​យើង ដើម្បី​ជួយ​ឲ្យ​យើង​មាន​ភាព​ពេញ​វ័យ​ក្នុង​ជំនឿ។-ANNE  CETAS