កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ទៅ​លេង​អគារ​អ៊ីមផាយអឺ ស្ទេត ជា​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ នៅ​ទីក្រុង​ញូយ៉ក។​ ខ្ញុំ​ឃើញ​មនុស្ស​ម្នា​តម្រង់​ជួរ​ចូល​អគារ ដែល​មើល​ទៅ​ជួរ​នោះ ដូច​ជា​មិន​វែង​ទេ។ យើង​សង្ឃឹម​ថា យើង​នឹង​ឆាប់​បាន​ចូល​ខាងក្នុង​អគារ។ ប៉ុន្តែ ពេល​ដែល​យើង​ដើរ​ចូល​ក្នុង​អគារ យើង​ក៏​បាន​ឃើញ​មនុស្ស​ឈរ​ជា​ជួរ​នៅ​កន្លែង​ទទួល​ភ្ញៀវ នៅ​លើ​ជណ្តើរ ហើយ​បន្ត​ទៅ​ដល់​បន្ទប់​មួយ​ទៀត។ ពេល​ដល់​ផ្លូវ​បត់​នីមួយ​ៗ យើង​ឃើញ​មាន​ផ្លូវ​កាន់​តែ​វែង​ថែម​ទៀត។ កន្លែង​ទេសចរណ៍ និង​សួន​កម្សាន្ត​ក៏​មាន​មនុស្ស​ឈរ​ជា​ជួរ​ដែរ ដែល​មើល​ទៅ​ដូច​ខ្លី​ជាង ដោយ​សារ​មាន​ហ្វូង​មនុស្ស​កុះ​ករ។ ប៉ុន្តែ យើង​អាច​មាន​ការ​ខក​ចិត្ត ពេល​យើង​ដើរ​ទៅ​ដល់​ផ្លូវ​បត់​ឃើញ​ជួរ​កាន់​តែ​វែង។​

ជួន​កាល ការ​ខក​ចិត្ត​ក្នុង​ជីវិត មាន​ភាព​ធ្ងន់​ធ្ងរ​ជាង​នេះ។  ការ​ងារ​ដែល​យើង​ចង់​បាន បែរ​ជា​មិន​បាន​ដូច​បំណង។ មិត្ត​ភក្តិ​ដែល​យើង​ទុក​ចិត្ត បាន​ក្បត់​យើង។ ទំនាក់​ទំនង​ស្នេហា​ដ៏​រ៉ូមិន​ទិច​ដែល​យើង​ប្រាថ្នា​ចង់​បាន តែ​មិន​អាច​ទៅ​រួច។ ប៉ុន្តែ ស្ថិតក្នុងពេលដ៏ឈឺចាប់នេះ ព្រះបន្ទូលព្រះបានចែងអំពីសេចក្តីពិត ដែលផ្តល់ក្តីសង្ឃឹមដល់យើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម ឯ​សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ”(រ៉ូម ៥:៣-៥)។

ពេល​យើង​ទុក​ចិត្ត​លើ​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ខ្សឹប​តាម​រយៈ​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ​យើង​ដឹង​សេចក្តី​ពិត​ថា ទ្រង់​បាន​ស្រឡាញ់​យើង ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ ហើយ​ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ទ្រង់ ទោះ​ជា​មាន​ឧបស័គ្គ​យ៉ាង​ណា​ក៏​ដោយ។​ ព្រះ​ទ្រង់​ប្រទាន​សេចក្តី​សង្ឃឹម​ដ៏​ពិត ក្នុង​លោកិយ​ដែល​តែង​តែ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត។-James Banks