កាលពីពេលកន្លងទៅ ខ្ញុំបានទៅលេងអគារអ៊ីមផាយអឺ ស្ទេត ជាមួយមិត្តភក្តិខ្ញុំម្នាក់ នៅទីក្រុងញូយ៉ក។ ខ្ញុំឃើញមនុស្សម្នាតម្រង់ជួរចូលអគារ ដែលមើលទៅជួរនោះ ដូចជាមិនវែងទេ។ យើងសង្ឃឹមថា យើងនឹងឆាប់បានចូលខាងក្នុងអគារ។ ប៉ុន្តែ ពេលដែលយើងដើរចូលក្នុងអគារ យើងក៏បានឃើញមនុស្សឈរជាជួរនៅកន្លែងទទួលភ្ញៀវ នៅលើជណ្តើរ ហើយបន្តទៅដល់បន្ទប់មួយទៀត។ ពេលដល់ផ្លូវបត់នីមួយៗ យើងឃើញមានផ្លូវកាន់តែវែងថែមទៀត។ កន្លែងទេសចរណ៍ និងសួនកម្សាន្តក៏មានមនុស្សឈរជាជួរដែរ ដែលមើលទៅដូចខ្លីជាង ដោយសារមានហ្វូងមនុស្សកុះករ។ ប៉ុន្តែ យើងអាចមានការខកចិត្ត ពេលយើងដើរទៅដល់ផ្លូវបត់ឃើញជួរកាន់តែវែង។
ជួនកាល ការខកចិត្តក្នុងជីវិត មានភាពធ្ងន់ធ្ងរជាងនេះ។ ការងារដែលយើងចង់បាន បែរជាមិនបានដូចបំណង។ មិត្តភក្តិដែលយើងទុកចិត្ត បានក្បត់យើង។ ទំនាក់ទំនងស្នេហាដ៏រ៉ូមិនទិចដែលយើងប្រាថ្នាចង់បាន តែមិនអាចទៅរួច។ ប៉ុន្តែ ស្ថិតក្នុងពេលដ៏ឈឺចាប់នេះ ព្រះបន្ទូលព្រះបានចែងអំពីសេចក្តីពិត ដែលផ្តល់ក្តីសង្ឃឹមដល់យើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម ឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្តីខ្មាសឡើយ ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ”(រ៉ូម ៥:៣-៥)។
ពេលយើងទុកចិត្តលើទ្រង់ នោះទ្រង់ក៏បានខ្សឹបតាមរយៈព្រះវិញ្ញាណទ្រង់ ឲ្យយើងដឹងសេចក្តីពិតថា ទ្រង់បានស្រឡាញ់យើង ដោយគ្មានលក្ខខ័ណ្ឌ ហើយថ្ងៃណាមួយ យើងនឹងបានទៅនៅជាមួយទ្រង់ ទោះជាមានឧបស័គ្គយ៉ាងណាក៏ដោយ។ ព្រះទ្រង់ប្រទានសេចក្តីសង្ឃឹមដ៏ពិត ក្នុងលោកិយដែលតែងតែធ្វើឲ្យយើងខកចិត្ត។-James Banks