ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​ម៉ោង​ទស្សន​វិជ្ជា នៅ​សកល​វិទ្យាល័យ មាន​សិស្ស​ម្នាក់​បាន​បញ្ចេញ​មតិ​អុជ​អាល មក​លើ​ទស្សនៈ​របស់​សាស្រ្តា​ចារ្យ។ សិស្ស​ដទៃ​ទៀត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​លោក​គ្រូ​អរគុណ​គាត់ ហើយ​ក៏​បាន​ឲ្យសិស្ស​ម្នាក់​ទៀត​បញ្ចេញ​មតិ។ ក្រោយ​មក ពេល​គេ​សួរ​គាត់​ថា ហេតុអ្វី​គាត់​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សិស្ស​ម្នាក់​នោះ? គាត់​ក៏​បាន​ប្រាប់​គេ​ថា គាត់​កំពុង​រៀន​ជៀស​វាង​ការ​និយាយ​ឥត​បើ​គិត។

គ្រូ​បង្រៀន​ម្នាក់​នេះ​បាន​ស្រឡាញ់ ហើយ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ហើយ​គាត់​ចង់​ប្រកាន់​ខ្ជាប់​នូវ​វិញ្ញាណ​នៃ​ការ​បន្ទាប​ខ្លួន ខណៈ​ពេល​ដែល​គាត់​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ព្រះ​បន្ទូល​ទ្រង់​បាន​រំឭក​ខ្ញុំ អំពី​គ្រូ​បង្រៀន​ម្នាក់​ទៀត ដែល​បាន​រស់​នៅ​កាល​ពី​សម័យ​យូរ​ណាស់​មក​ហើយ។​ គាត់​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ​សាស្តា។ ទោះគាត់​មិន​បាន​លើក​ឡើង​ពី​របៀប​ប្រឈ​មុខ​ដាក់​មនុស្ស​មាន​កំហឹង​ក៏​ដោយ ក៏​គាត់​បាន​មាន​ប្រសាសន៍​ថា ពេល​យើង​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់ យើង​គួរ​តែ​បោះ​ជំហាន​ដោយ​ប្រយ័ត្ន ហើយ “ចូល​ទៅ​ជិត ដើម្បី​ស្តាប់” ជា​ជាង​ប្រញាប់និយាយ​ស្តី ហើយ​មាន​ចិត្ត​ដែល​រហ័ស​តបត។ ការ​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា យើង​ទទួល​ស្គាល់​ថា ទ្រង់​ជា​ព្រះ​អម្ចាស់ ហើយ​យើង​ជា​អ្នក​ដែល​ទ្រង់​បាន​បង្កើត(សាស្តា ៥:១-២)។

តើ​អ្នក​ចូល​ទៅ​ជិត​ព្រះ ដោយ​របៀប​ណា? បើ​អ្នក​ដឹង​ថា អ្នក​អាច​កែ​ប្រែ​អត្ត​ចរិក​ខ្លួន​ឯង ហេតុ​អ្វី​បាន​ជា​អ្នក​មិនចំណាយ​ពេល​ពិចារ​ណា អំពី​ភាព​អស្ចារ្យ និង​ភាព​ធំ​ប្រសើរ​របស់​ព្រះ​អម្ចាស់? ពេល​យើង​ជញ្ជឹង​គិត អំពី​ប្រាជ្ញា ​អំណាច និង​ព្រះ​វត្ត​មាន​ដែល​គ្មាន​ដែន​កំណត់​របស់​ទ្រង់ យើង​អាច​មាន​អារម្មណ៍​ថា ស្ញែង​ខ្លាច និង​ចង់​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ដោយ​សារ​សេចក្តី​ស្រឡាញ់​ដ៏​ហូរ​ហៀរ ដែល​ទ្រង់​មាន​ចំពោះ​យើង។ កាល​ណា​យើង​មាន​អត្ត​ចរិក​ដែល​បន្ទាប​ខ្លួន​ដូច​នេះ យើង​នឹង​អាច​ចៀស​វាង​ការ​និយាយ​ពាក្យ​ឥត​បើ​គិត។-AMY BOUCHER PYE