ខ្ញុំកំពុងតែឈានទៅរករដូវកាលថ្មីយ៉ាងឆាប់រហ័ស គឺ “រដូវរងា” នៃភាពចាស់ជរា ប៉ុន្តែ ខ្ញុំមិនទាន់ទៅដល់នៅឡើយទេ។ ទោះបីជាថ្ងៃខែឆ្នាំបានបោលទៅមុខយ៉ាងឆាប់រហ័ស ហើយជួនកាល ខ្ញុំចង់បន្ថយល្បឿនវាក៏ដោយ ក៏ខ្ញុំនៅតែមានក្តីអំណរ ដែលបានជួយទ្រទ្រង់ខ្ញុំ ឲ្យបន្តដំណើរទៅមុខទៀត។ ថ្ងៃថ្មីនីមួយៗ ជាថ្ងៃថ្មីដែលព្រះអម្ចាស់បានប្រទានខ្ញុំ។ ខ្ញុំអាចថ្លែងជាមួយអ្នកនិពន្ធបទទំនុកដំកើងថា “នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា …ព្រមទាំងសំដែងពីសេចក្តីសប្បុរសនៃទ្រង់នៅពេលព្រឹក ហើយពីសេចក្តីស្មោះត្រង់របស់ទ្រង់រាល់តែយប់”(ទំនុកដំកើង ៩២:១-២)។
ទោះបីជាជីវិតខ្ញុំ មានការតស៊ូ និងការឈឺចាប់ និងទុក្ខលំបាកផ្សេងទៀត ដែលជួនកាលខ្ញុំមានអារម្មណ៍ថា ហួសសមត្ថភាពខ្ញុំក៏ដោយ ក៏ព្រះទ្រង់ជួយឲ្យខ្ញុំអាចចូលរួមជាមួយអ្នកនិពន្ធទំនុកដំកើង នៅក្នុងការ “បន្លឺឡើង ដោយអំណរ ចំពោះការនៃព្រះហស្តទ្រង់”(ខ.៤)។ គឺអំណរ ដោយសារព្រះពរដែលទ្រង់ប្រទាន ក្រុមគ្រួសារ មិត្តភក្តិ និងកិច្ចការដែលខ្ញុំធ្វើដោយពេញចិត្ត។ ហើយក៏ជាក្តីអំណរ ដោយសារស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ និងព្រះបន្ទូលដែលទ្រង់បានបណ្តាលចិត្តគេឲ្យតែង។ ក៏ដូចជាក្តីអំណរ ដោយសារព្រះយេស៊ូវបានស្រឡាញ់យើងខ្លាំងដល់ម្ល៉េះ បានជាទ្រង់សុគតជួសបាបយើង។ ហើយក៏ជាក្តីអំណរ ដោយសារទ្រង់ប្រទានព្រះវិញ្ញាណ ដែលជាប្រភពនៃក្តីអំណរដ៏ពិត(រ៉ូម ១៥:១៣)។ ដោយសារព្រះអម្ចាស់ នោះអ្នកជឿទ្រង់ អាច “នឹងលូតលាស់ឡើង
ដូចជាដើមលម៉ើរ … គេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់”(ទំនុកដំកើង ៩២:១២-១៤)។
តើផលផ្លែនោះជាអ្វី? ទោះយើងស្ថិតក្នុងកាលៈទេសៈណា ឬរដូវកាលអ្វីក៏ដោយនៃជីវិត យើងអាចធ្វើជាគំរូនៃសេចក្តីស្រឡាញ់ទ្រង់ តាមរយៈជីវិតដែលយើងរស់នៅ និងពាក្យសម្តីដែលយើងនិយាយ។ យើងមានអំណរ ក្នុងការស្គាល់ និងរស់នៅថ្វាយព្រះអម្ចាស់ និងប្រាប់អ្នកដទៃអំពីទ្រង់។-ALYSON KIEDA