ពេល​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ម្តាយ​ខ្ញុំ​មាន​ជម្ងឺ​មហារីក ស្វាមី​របស់​ខ្ញុំ​កំពុង​នៅ​កន្លែង​ធ្វើ​ការ។ ខ្ញុំ​ក៏​បាន​ផ្ញើសារ​ឲ្យ​គាត់ ហើយ​ក៏​បាន​ទាក់​ទង​មិត្ត​ភក្តិ និង​សាច់​ញាតិ។ ប៉ុន្តែ គ្មាន​នរណា​ទំនេរ​សោះ។ ខ្ញុំ​ក៏​បាន​គ្រប​មុខ ដោយ​ដៃ​ទាំង​ពីរ​កំពុងតែ​ញ័រ ហើយ​ក៏​បាន​អធិស្ឋាន​ទាំង​ខ្សិប​ខ្សួល​ថា “ព្រះ​អម្ចាស់​ សូម​ជួយ​ទូល​បង្គំ​ផង”។ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល ដែល​បាន​ធានា​ដល់​ខ្ញុំ​ថា ទ្រង់​គង់​នៅ​ជា​មួយ​ខ្ញុំ​ជា​និច្ច។ ការ​នេះ​ក៏​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ ក្នុង​ពេល​ដែ​លខ្ញុំ​មាន​អារម្មណ៍​ឯកោយ៉ាង​ខ្លាំង។

ក្រោយ​មក ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ពេល​ដែល​ស្វាមី​ខ្ញុំ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភក្តិ និង​សាច់​ញាតិ​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ អារម្មណ៍​កក់​ក្តៅ ដែល​បាន​ពី​ការ​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ ក្នុង​ពេល​ដ៏​ឯកោ​ពីរបី​ម៉ោង​នោះ បាន​ផ្តល់​ការ​បញ្ជាក់​ដល់​ខ្ញុំ​ថា ព្រះ​ទ្រង់​បាន​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​នឹង​ជួយ​ខ្ញុំ ដោយព្រះ​ទ័យ​ស្មោះ​ត្រង់ ទោះ​ជា​នៅ​ទីណា ឬ​នៅ​ពេល​ណា​ក៏​ដោយ។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤៦ អ្នក​និពន្ធ​ទំនុក​ដំកើង  បាន​ប្រកាស​ថា ព្រះ​ទ្រង់​ជា​ទីជ្រក​កោន ជា​កម្លាំង និង​ជាជំនួយ(ខ.១)។ ពេល​យើង​មាន​អារម្មណ៍​ថា​ ភាព​វឹកវរ​កំពុង​ហ៊ុម​ព័ទ្ធ​ជុំវិញ​យើង ឬ​អ្វី​ៗ​ដែល​យើង​បាន​គិត បាន​រំលំរលាយ​អស់ នោះ​ចូរ​កុំ​ខ្លាច​ឡើយ(ខ.២-៣)។ ព្រះ​ទ្រង់​មិន​ចេះ​ទ្រេត​ទ្រោត(ខ.៤-៧)។ អំណាច​ទ្រង់​ជា​ភស្តុ​តាង និងមាន​ប្រសិទ្ធិ​ភាព​ជា​និច្ច(ខ.៨-៩)។ ព្រះ​ដ៏​អស់​កល្ប​ដែល​ជួយ​យើង ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ទំនុក​ចិត្ត ចំពោះ​លក្ខណៈ​សម្បត្តិ​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ទ្រង់(ខ.១០)។ ព្រះ​អម្ចាស់​ដែល​ជា​ទីមាំ​មួន​នៃ​យើង គង់​នៅ​ជា​មួយ​យើង​ជា​រៀង​រហូត(ខ.១១)។

ព្រះ​ទ្រង់​បង្កើត​សិស្ស​ទ្រង់​មក ដើម្បី​ឲ្យ​ជួយ​គ្នា ដោយ​អធិ​ស្ឋាន ហើយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ ទ្រង់ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ទ្រង់​តែង​តែ​មាន​សមត្ថ​ភាព ហើយ​ទំនេរ​សម្រាប់​យើង​ជា​និច្ច។ ពេល​យើង​ស្រែក​អំពាវ​រក​ទ្រង់ ​យើង​អាច​ទុក​ចិត្ត​ថា ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​យើង តាម​ព្រះ​បន្ទូល​សន្យា​ទ្រង់។ ទ្រង់​នឹង​កម្សាន្ត​ចិត្ត​យើង តាម​រយៈ​រាស្រ្ត​ទ្រង់ ក៏​ដូច​ជា​តាម​រយៈ​ព្រះ​វត្ត​មាន​របស់​ទ្រង់​ដោយ​ផ្ទាល់។-XOCHITL DIXON