កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​មុន ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ភ្នំ។ យើង​បាន​រស់​នៅ​ក្នុង​តំបន់​មាន​អាកាសធាតុ​ត្រូ​ពិច​ពេញ​មួយ​ជីវិត​យើង ដូច​នេះ ពេល​នោះ​ជា​លើក​ទី​មួយ ដែល​យើង​បាន​ឃើញ​ព្រឹល ក្នុង​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ។ ពេល​ដែល​យើង​កំពុង​គិត​អំពី​ព្រឹល​ដែល​កំពុង​គ្រប​ដណ្តប់​ទី​វាល ស្វាមី​ខ្ញុំ​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​អេសាយ ដែល​បាន​ចែង​ថា “ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ”(អេសាយ ១:១៨)។

បន្ទាប់​មក កូន​ស្រី​អាយុ​បី​ឆ្នាំ​របស់​យើង ក៏​បាន​សួរ​អំពី​អត្ថ​ន័យ​នៃ​ពាក្យ​ពណ៌​ក្រហម​ទែង ហើយ​នាង​ក៏​បាន​សួរ​យើង​ថា “តើ​ពណ៌​ក្រហម​ជា​ពណ៌​អាក្រក់​ឬ?” នាង​ដឹង​ថា អំពើ​បាប​ជា​អ្វី​ដែល​ព្រះ​ទ្រង់​មិន​ចូល​ចិត្ត តែ​ខគម្ពីរ​នេះ​ គ្រាន់​តែ​និយាយ​អំពី​ពណ៍​ក្នុង​ន័យ​ប្រៀប​ធៀបប៉ុណ្ណោះ​។ ក្នុង​បទ​គម្ពីរ​នេះ  ពាក្យ​ពណ៌​ក្រហម​ទែង​ដែល​លោក​អេសាយ​បាន​ប្រើ គឺ​ជា​ពណ៌​ក្រហម​ដែល​មាន​ក្នុង​ថ្នាំ​សម្រាប់​ជ្រលក់​ក្រណាត់ ដែល​គេ​ផលិត​ពី​ពង​សត្វ​ល្អិត​ម្យ៉ាង​នៅ​សម័យ​នោះ។ គេ​ជ្រលក់​ក្រណាត់​ទៅ​ក្នុង​ពណ៌​ក្រហម​នោះ​ពីរ​ដង ដើម្បី​ឲ្យ​ពណ៌​នោះ​នៅ​ជាប់​នឹង​ក្រណាត់​បាន​ល្អ។ ទឹក​ភ្លៀង ឬ​ការ​បោក​គក់​មិន​អាច​ធ្វើ​ឲ្យ​ជ្រះពណ៌​ពី​ក្រណាត់​បាន​ឡើយ។ អំពើ​បាប​គឺ​មាន​លក្ខណៈ​ដូច​នេះ​ឯង។ មនុស្ស​មិន​អាច​ពឹង​ផ្អែក​ទៅលើ​សមត្ថ​ភាព​ខ្លួន​ឯង​ ដើម្បី​លាង​ជម្រះ​អំពើ​បាប​របស់​ខ្លួន​បាន​ឡើយ។ អំពើ​បាប​បាន​ចាក់​ឫស​ជាប់​ក្នុង​ចិត្ត​មនុស្ស។

មាន​តែ​ព្រះ​ទេ​ដែល​អាច​លាង​ជម្រះ​អំពើ​បាប​ចេញ​ពី​ចិត្ត​យើង​បាន។ នៅ​ថ្ងៃ​នោះ ពេល​ដែល​យើង​មើល​ទៅ​ភ្នំ យើង​ក៏​បាន​ស្ងើច​សរសើរ​ពណ៌​ស​សុទ្ធ ដែល​តំណាង​ឲ្យ​ភាព​បរិសុទ្ធ​រួច​ពី​បាប។ ព្រះ​ទ្រង់​នឹង​អត់​ទោស​បាប​ឲ្យ​យើង ពេល​ដែល​យើង​លន់​តួ​បាប ប្រែ​ចិត្ត​ចេញ​ពី​បាប ហើយ​ងាក​បែរ​មក​រក​ព្រះ ដើម្បី​ឲ្យ​ទ្រង់​លាង​សម្អាត(កិច្ចការ ៣:១៩) ព្រះ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​យើង ហើយ​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី។ មាន​តែ​តាម​រយៈ​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ​ទេ ដែល​យើង​អាច​ទទួលចិត្ត​បរិ​សុទ្ធ ដែល​គ្មាន​នរណា​អាច​ឲ្យ​យើង​បាន ក្រៅ​ពី​ទ្រង់។ នេះ​ពិត​ជា​អំណោយ​ដ៏​អស្ចារ្យ​ណាស់!-KEILA OCHOA