ថ្មី​ៗ​នេះ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ត្រៀម​ខ្លួន ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ទីក្រុង​មួយ ស្ថិត​នៅច​ម្ងាយ​ជាង១៦០០គីឡូម៉ែត្រ ពី​ទី​ក្រុងដែល​នាង​កំពុ​ងរស់​នៅ។ នាង និង​ស្វាមី​របស់​នាង​បាន​ចែក​ការ​ងារ​គ្នា​ ​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ឥវ៉ាន់ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា។ ស្វាមី​របស់នា​ង ជា​អ្នក​រៀប​ចំ​កន្លែង​រស់​នៅថ្មី​ ហើយនា​ងជា​អ្នក​វេច​ខ្ចប់​ឥវ៉ាន់។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​ខ្ញុំ​ដឹង​ថា នាង​អាច​ចូល​ទៅ​រស់​នៅ ដោយ​មិន​ចាំ​បាច់​ពិនិត្យ​តំបន់​រស់​នៅ ឬ​ចូល​រួម​នៅ​ក្នុង​ការ​ស្វែង​រកផ្ទះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​នាង។ នាង​ក៏​បាន​ប្រាប់​ថា នាង​បាន​ទុក​ចិ​ត្តស្វាមីរ​បស់​នាង នៅ​ក្នុង​ការ​រៀប​ចំ​​កន្លែង​ស្នាក់​នៅ​ថ្មី ព្រោះ​គា​ត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណង់​ចំណូល​ចិត្ត និង​តម្រូវ​ការ​របស់​នាង ក្នុង​ការ​រស់​នៅ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំកន្លង​មក​នេះ។

ពេល​ព្រះ​យេស៊ូវ​ជួប​ជុំ​ជា​មួយ​សាវ័ក​របស់​ទ្រង់ នៅ​បន្ទ​ប់ខា​ង​លើ ទ្រង់​បាន​ប្រាប់​ពួក​គេ អំ​ពី​អំពើ​ក្បត់ និង​សេចក្តី​ស្លាប់ ​ដែល​នឹង​កើត​មាន​ចំពោះ​ទ្រង់ ក្នុ​ងពេល​ដ៏​ខ្លីខា​ងមុ​ខ។ ពេល​ដ៏​ខ្មៅង​ងឹត​បំផុត នៅ​ក្នុ​ង​ព្រះ​ជន្ម​របស់​ព្រះយេស៊ូវ នៅ​លើ​ផែនដី និង​នៅ​ក្នុង​ជីវិត​របស់​ពួក​សាវ័ក ជិត​ដល់​ពេល​កើត​ឡើង​ហើយ។ ទ្រង់​ក៏​បាន​កម្សាន្ត​ចិត្ត​ពួក​គេ ដោយ​ការ​ធានា​ថា ទ្រង់​នឹ​ងរៀ​បក​ន្លែង​សម្រាប់​ពួក​គេ នៅ​នគរ​ស្ថាន​សួគ៌ គឺ​មិន​ខុស​ពី​ការ​ដែល​ស្វាមី​របស់​មិត្ត​ភក្តិ​ខ្ញុំ ​បាន​រៀប​ចំ​ផ្ទះ​ថ្មី សម្រាប់​ក្រុម​គ្រួសា​របស់​ខ្លួន​នោះ​ឡើយ។ ពេលពួ​ក​សាវ័​កទូ​ល​សួរ​ព្រះយេស៊ូវ ទ្រង់​ក៏​បាន​រំឭក​ពួក​គេ អំពី​បទ​ពិសោធន៍​ដែល​ពួក​គេ​ធ្លាប់​មាន​ជា​មួយ​ទ្រង់ និង​ការ​អស្ចារ្យ​ដែល​ពួក​គេ​បាន​ឃើញ​​ទ្រង់​​ធ្វើ។ ទោះ​ពួក​គេ​នឹ​ងកាន់​ទុក្ខ ដោយ​សារ​ការ​សុគត និង​អវត្ត​មាន​របស់​ទ្រង់​ក៏​ដោយ ក៏​ទ្រង់​បាន​រំឭក​ពួក​គេ​ថា ពួក​គេ​អាច​ទុក​ចិត្ត​ថា ទ្រង់​នឹង​ធ្វើ ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល។

សូម្បី​តែ​នៅ​ក្នុង​ពេល​ដ៏​ខ្មៅ​ង​ងឹត​របស់​យើង ក៏​យើង​នៅ​តែ​អាច​ទុក​ចិត្ត​ថា ទ្រង់​កំពុង​ដឹក​នាំ​យើង ទៅ​រក​កន្លែង ដែល​មាន​សេចក្តី​ល្អ។ ពេល​យើង​ដើ​រ​ជា​មួយ​ទ្រង់ យើង​ក៏​អាច​រៀន​ទុក​ចិត្ត​​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់ កាន់​តែ​ខ្លាំង​ផង​ដែរ​។-KIRSTEN HOLMBERG