ពេលក្រុមគ្រួសារខ្ញុំ កំពុងធ្វើដំណើរតាមផ្លូវ ត្រឡប់ពីព្រះវិហារ មកផ្ទះវិញ កូនស្រីរបស់ខ្ញុំ បានអង្គុយនៅលើកៅអីខាងក្រោយ ញាំនំស្រួយរូបត្រីមាស យ៉ាងសប្បាយរីករាយ ខណៈពេលដែលបងប្អូនរបស់នាងសុំឲ្យនាងចែករំលែកនំនោះខ្លះ។ ខ្ញុំក៏បានព្យាយាមនិយាយបង្វៀងការសន្ទនារបស់ពួកគេ ដោយសួរនាងថា “នៅថ្ងៃនេះ តើកូនរៀនបានអ្វីខ្លះ នៅក្នុងសាលារៀនថ្ងៃអាទិត្យ?” នាងក៏បាននិយាយថា ព្រះយេស៊ូវបានធ្វើឲ្យមាននំប៉័ង និងត្រីមួយកន្ត្រក ព្រោះមានក្មេងម្នាក់បានថ្វាយនំប៉័ង៥ដុំ និងត្រីពីកន្ទុយ ដល់ព្រះយេស៊ូវ ហើយទ្រង់ក៏បានប្រើនំប៉័ង និងត្រីនោះ ជាអាហារសម្រាប់ចម្អែតមនុស្សជាង៥ពាន់នាក់(យ៉ូហាន ៦:១-១៣)។
ខ្ញុំក៏បានប្រាប់នាងថា “ក្មេងតូចនោះពិតជាចិត្តល្អមែន។ តើកូនគិតថា ព្រះប្រហែលជាកំពុងតែប្រាប់កូនឲ្យចែករំលែកនំត្រីរបស់កូនដែរទេ?” នាងក៏បានឆ្លើយតបថា “អត់ទេ ម៉ាក់”។
ខ្ញុំបានព្យាយាមលើកទឹកចិត្តនាង កុំឲ្យញាំនំស្រួយនោះ តែម្នាក់ឯងឡើយ។ តែនាងនៅតែមិនព្រម។ នាងថា “នាងមិនមាននំគ្រប់គ្រាន់ សម្រាប់យើងទាំងអស់គ្នាញាំទេ”។
ការចែករំលែកអាចមានការពិបាក។ ការរក្សាទុករបស់អ្វី ដែលនៅពីមុខយើង មានភាពងាយស្រួលជាង។ យើងប្រហែលជាធ្វើការគន់គូរ ហើយលើកហេតុផលថា យើងមិនមានគ្រប់គ្រាន់ សម្រាប់គេគ្រប់គ្នាឡើយ។ ហើយយើងក៏បានសន្និដ្ឋានថា បើខ្ញុំចែកឲ្យគេ នោះខ្ញុំនឹងមានការខ្វះខាតមិនខាន។
យ៉ាងណាមិញ សាវ័កប៉ុល បានរំឭកយើងថា អ្វីៗទាំងអស់ ដែលយើងមាន គឺបានមកពីព្រះ ដែលសព្វព្រះទ័យនឹងប្រទានពរឲ្យយើងចម្រើនឡើង “គ្រប់ជំពូក ដើម្បីឲ្យយើងមានចិត្តសប្បុរស”(២កូរិនថូស ៩:១០-១១)។ ការគិតលេខរបស់នគរស្ថានសួគ៌ មិនមែនជាការបូកសរុបការខ្វះខាតនោះទេ តែជាការរាប់ភាពបរិបូរ។ យើងអាចចែករំលែកដល់អ្នកដទៃ ដោយអំណរ ព្រោះព្រះទ្រង់បានសន្យាថា ទ្រង់នឹងបំពេញសេចក្តីត្រូវការរបស់យើង ពេលដែលយើងមានចិត្តសប្បុរសចំពោះអ្នកដទៃ។-LISA SAMRA