បើ​និយាយ​ពី​សត្វ​ពីង​ពាង ខ្ញុំ​មិន​ដឹង​ថា មាន​ក្មេង​ណា ដែល​ចូល​ចិត្ត​ពួក​វា​ឡើយ។ យ៉ាង​ហោច​ណាស់ ពួក​គេ​មិន​ចង់ឲ្យ​បន្ទប់ ឬ​ការ​ចូល​ដំណេក​របស់​ពួក​គេ មាន​សត្វ​ពីង​ពាង​នោះទេ។ ប៉ុន្តែ ពេល​ដែល​កូន​ស្រី​ខ្ញុំ​កំពុង​ត្រៀម​ខ្លួន​ចូល​គេង ​នាង​ក៏​បាន​ឃើញ​សត្វ​ពីង​ពាង​មួយ​ក្បាល​ នៅ​​ជិត​​គ្រែ​គេង​របស់​នាង​ពេក។ នាង​ក៏​ស្រែក​ឡើង​ថា “ប៉ា!!! ពី​ង​ពាង!!!”។ ទោះ​ខ្ញុំ​ព្យាយាម​រក​មើល​សត្វ​ពីង​ពាង​នោះ​ យ៉ាង​ណាក៏​ដោយ ក៏​នៅ​តែ​មិន​អាច​រក​ឃើញ​សត្វ​ជើង​៨​នោះ។ ខ្ញុំ​ក៏​បាន​និយាយ​ធានា​ថា “វា​នឹង​មិន​ធ្វើ​អី​កូន​ទេ”។ នាង​មិន​ជឿ​ខ្ញុំ​ឡើយ។ គឺ​ទាល់​តែ​ខ្ញុំ​ប្រាប់​នាង​ថា ខ្ញុំ​នឹង​នៅ​ក្បាល​ដំណេករបស់​នាង ហើយ​ការពារ​នាង ទើប​នាង​ព្រម​ចូល​គេង។

ពេល​កូន​ស្រី​ខ្ញុំ​ចូល​គេង ខ្ញុំ​ក៏​បាន​កាន់​ដៃ​នាង។ ខ្ញុំ​ប្រាប់​នាង​ថា “ប៉ា​ស្រឡាញ់​កូន​ណាស់។ ប៉ា​នៅ​ក្បែរ​កូន​ទេ។ តែ​កូន​​ដឹង​ទេ​ថា ព្រះ​ស្រឡាញ់​កូន ខ្លាំង​ជាង​ប៉ា និង​ម៉ាក់​ស្រឡាញ់​កូន​ទៅ​ទៀត។ ហើយ​ព្រះ​អង្គ​គង់​នៅ​ក្បែរ​កូន​ជា​និច្ច។ កូន​អាច​អធិស្ឋាន​ទៅ​កាន់​ទ្រង់ ពេល​ណាកូ​ន​មាន​ការ​ភ័យ​ខ្លាច”។ ការ​នេះ​ហាក់​ដូច​ជា​កម្សាន្ត​ចិត្ត​នាង ហើយ​នាង​ក៏​ឆាប់​គេង​លក់។

ព្រះ​គម្ពី​របា​ន​ធ្វើ​ការ​ធានា​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ក្បែ​រយើង​ជា​និច្ច(ទំនុកដំកើង ១៤៥:១៨ រ៉ូម ៨:៣៨-៣៩ យ៉ាកុប ៤:៧-៨) ប៉ុន្តែ ជួន​កាល យើង​ពិបាក​នឹង​ជឿ​ថា ទ្រង់​គង់​នៅ​ក្បែរ​យើង​។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​បាន​អធិស្ឋាន​ឲ្យ​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​អេភេសូរ ឲ្យ​មាន​កម្លាំង និង​ព្រះ​ចេស្តា ដើម្បី​ឲ្យ​អាច​យល់​សេចក្តី​ពិត​(អេភេសូរ ៣:១៦)។ គាត់​ដឹង​ថា ពេល​យើង​មាន​ការ​ភ័យ​ខ្លាច យើង​អាច​ភ្លេច​ថា ទ្រង់​កំពុង​នៅក្បែរ​យើង​។ ប៉ុន្តែ ដូច​ដែល​ខ្ញុំ​បាន​ឱប​កូន​ស្រី​ខ្ញុំ ដោយ​សេចក្តី​ស្រឡាញ់​ជា​យ៉ាង​ណា ពេល​នាង​ចូល​គេង​ពេល​យប់ ​នោះ​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ក៏​តែង​តែ​គង់​នៅ​ក្បែរ​យើង​ជា​និច្ច ពេល​ដែល​យើង​អធិ​ស្ឋាន។​—ADAM HOLZ